English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

វៀតណាមបញ្ជូនកងកម្លាំងទៅចូលរួមសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា ក្រុម ជួយសង្គ្រោះរបស់ក្រសួងនគរបាល ចំនួន ២៥ នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Minh Khuong អនុប្រធាននាយកដ្ឋានប៉ូលីសបង្ការ និងសង្គ្រោះអគ្គីភ័យ បានចេញដំណើរទៅចូលរួមក្នុងការសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេស មីយ៉ាន់ម៉ា។ ក្រៅពីកម្មាភិបាល យុទ្ធជន ២២ នាក់ គណៈប្រតិភូក៏មានកម្មាភិបាលកិច្ចការបរទេស ២ នាក់ និងអ្នកបកប្រែ ១ នាក់។

នៅថ្ងៃទី ៣០ ខែមីនានេះ កម្លាំងឧបត្ថម្ភជំនួយមនុស្សធម៌របស់កងទ័ពប្រជាជនវៀតណាមនឹងចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ យុទ្ធជន ៧៩ នាក់ រួមមាន កម្លាំងបញ្ជាការ កម្លាំងព័ត៌មាន និងឃោសនា កម្លាំងសង្គ្រោះ និងកម្លាំងពេទ្យ។ អគ្គបញ្ជាការនៃកងកម្លាំងគឺលោកវរសេនីយ៍ឯក Pham Hai Chau អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ   អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អគ្គនាយកដ្ឋានភស្តុភារ និងវិស្វកម្ម សម្របសម្រួលជាមួយនាយកដ្ឋាន  រៀបចំកងកម្លាំង និងយានជំនិះត្រៀមចល័ត ដើម្បីបំពេញបេសកកម្ម។

វៀតណាមបញ្ជូនកងកម្លាំងទៅចូលរួមសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា  - ảnh 1ឧត្តមសេនីយឯក Huynh Chien Thang បានធ្វើជាអធិបតីសន្និសីទស្តីពីការបញ្ជូនកងកម្លាំងត្រៀមខ្លួនដើម្បីចូលរួមក្នុងការសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា (រូបថត៖ qdnd.vn)

ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Huynh Chien Thang អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា ការបញ្ជូនកងកម្លាំងកងទ័ពប្រជាជនវៀតណាមទៅចូលរួមជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅមីយ៉ាន់ម៉ា បញ្ជាក់ពីការទទួលខុសត្រូវ និងសមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

មុននេះ  នាថ្ងៃទី ២៩ ខែមីនា ប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧ រិចទ័របានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា Mytel ដែលជាម៉ាកយីហោ Viettel (សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ពង្រាយយុទ្ធនាការឧបត្ថម្ភបន្ទាន់សម្រាប់អតិថិជនប្រហែល ៤ លាននាក់នៅស្រុកចំនួន ៩៨ ទាំងប្រទេស។ អតិថិជនម្នាក់ៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានគាំទ្រភ្លាមៗជាមួយនឹងទិន្នន័យ ១GB ការហៅទូរសព្ទ ៣០០ នាទី និងសារ SMS ចំនួន ៣០០ ដើម្បីជួយប្រជាជនទាក់ទងសាច់ញាតិ និងទទួលបានព័ត៌មានថ្មីៗពីរដ្ឋាភិបាល និងភ្នាក់ងារសង្គ្រោះ។ លើសពីនេះ Mytel ក៏បានរៀបចំ ៤៥ ចំណុច ដើម្បីឧបត្ថម្ភវត្ថុសំខាន់ៗ រួមទាំងអាហារចំនួន ១០.០០០ មុខសម្រាប់ប្រជាជន ហើយនឹងបន្តពង្រីកការអនុវត្តនាពេលខាងមុខ។

អ្នកស្រី Nan Nyein Kyi Thae ដែលរស់នៅក្នុងទីក្រុង Mandalay ប្រទេស មីយ៉ាន់ម៉ាបាននិយាយថា "ចេញពីបេះដូងរបស់ខ្ញុំ ខ្ញុំសូមអរគុណ Mytel និងមិត្តភក្តិវៀតណាមរបស់យើង។ ក្រុមការងាររបស់អ្នកគឺជាមនុស្សដំបូងគេដែលបានមកដល់ជាមួយនឹងអាហារ ទឹក និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់។ លោក U Soe Lwin មកពីរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា "ទឹកចិត្តនិងសេចក្តីសប្បុរស  របស់អ្នកបានជួយយើងឱ្យរស់រានមានជីវិត និងកសាងឡើងវិញ។ យើងនឹងមិនអាចបំភ្លេចបាននូវអ្វីដែលអ្នកបានធ្វើសម្រាប់ពួកយើង។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Mytel និងប្រជាជនវៀតណាមដែលបានឧបត្ថម្ភពួកយើង”។

ការរញ្ជួយដីបានជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចេញការអំពាវនាវជាបន្ទាន់សម្រាប់ជំនួយពីសហគមន៍អន្តរជាតិ។ ក្នុងកាលៈទេសៈបែបនេះ សកម្ម ភាពរហ័ស និងជាក់ស្តែងរបស់ Mytel មិនត្រឹមតែជួយកាត់បន្ថយកង្វល់មួយចំនួនរបស់ប្រជាជនមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីស្មារតីរបស់ប្រជាជននិងសហគមន៍អន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ