វៀតណាមយកចិត្តទុកដាក់ចំពោះតួនាទីនិងឋានៈរបស់សាធារណរដ្ឋដូមីនីកែន ក្នុងតំបន់អាមេរិកឡាទីន
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចនៃសាធារណរដ្ឋ ដូមីនីកែន លោក Jaime Francisco Rodriguez មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះតួនាទីនិងឋានៈរបស់សាធារណៈរដ្ឋដូមីនីកែន ក្នុងតំបន់អាមេរិកឡាទីន; មានបំណងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជានយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ទាំងពីរ។ នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ប្រេងនិងឧស្ម័ន កសិកម្ម សំណង់ និងការអភិវឌ្ឍលំនៅដ្ឋានទីក្រុង ហិរញ្ញវត្ថុ ជាដើម តាមនោះ ធ្វើឱ្យស៊ីជម្រៅថែមទៀតនិងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការទ្វេភាគី។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងឯកអគ្គរដ្ឋទូតដូមីនីកែន លោក Jaime Francisco Rodriguez។ រូបថត៖ VOV |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Jaime Francisco Rodriguez បានឲ្យដឹងថា ក្នុងអាណត្តិនៅវៀតណាម កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ និងវប្បធម៌។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយចាត់ទុកវៀតណាមជាគំរូសម្រាប់សាធារណរដ្ឋដូមីនីកែនធ្វើតាម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋ ដូមីនីកែន តែងតែមានមនោសញ្ចេតនាពិសេសចំពោះប្រទេសជាតិ និងប្រជាជនវៀតណាម ហើយនឹងគាំទ្រវៀតណាមជានិច្ចក្នុងវេទិកាពហុភាគី៕