វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Boris Rhein អភិបាលរដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Hessen ជាមូលដ្ឋានដែលមានប្រៀបខ្លាំងជាច្រើនអំពីសេដ្ឋកិច្ច - ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ឧស្សាហកម្ម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋបាលរដ្ឋ Hessen ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយនិរន្តរភាព និងជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានដើមទុននិងធនធានសេដ្ឋកិច្ច បទពិសោធន៍គ្រប់គ្រង ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) រវាងវៀតណាម ជាមួយ G៧ និងដៃគូអន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបអភិបាលរដ្ឋ Hessen របស់អាល្លឺម៉ង់ លោក Boris Rhein។ រូបថត៖ VGP/Nhat Bac |
រីឯខ្លួនវិញ លោកអភិបាលរដ្ឋ Boris Rhein បានអះអាងថា Hessen តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងជាមួយវៀតណាម ហើយដំណើរទស្សនកិច្ចលោកលើកនេះសំដៅជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាង Hessen និងវៀតណាមលើវិស័យសេដ្ឋកិច្ច អប់រំ-បណ្តុះបណ្តាល និងពលកម្ម។ លោក Boris Rhein បានឲ្យដឹងថា រដ្ឋ Hessen នឹងបន្តគាំទ្រការអភិវឌ្ឍ និងការពង្រីកសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់។ ដោយសង្កត់ធ្ងន់ថា Hesse មានតម្រូវការទទួលកម្លាំងពលកម្មជំនាញពីប្រទេសវៀតណាម លោកអភិបាល Boris Rhein បានស្នើឱ្យភាគីទាំងពីរទាញយក លក្ខខណ្ឌអំណោយផលពីច្បាប់ស្តីពីការងារចំណាកស្រុកដែលអាល្លឺម៉ង់ទ់បបានអនុម័ត នាពេលថ្មីៗនេះ ដើម្បីពង្រីកការផ្គត់ផ្គង់ធនធានមនុស្សពីប្រទេសវៀតណាមដល់ Hessen បង្កើតលក្ខខណ្ឌសម្រាប់ពលករវៀតណាមទៅធ្វើការនៅប្រទេសអាល្លឺម៉ង់ និងបំពេញបន្ថែមនូវកង្វះខាតធនធានមនុស្សរបស់រដ្ឋនេះ៕