សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន គឹមទូ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងដាណាំង
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការប្រជាជនសង្កាត់ ថាញ់ខេ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងដាណាំងបានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ អាណត្តិ២០២៦-២០៣១ សម្រាប់បេក្ខជនមកពីអង្គភាពបោះឆ្នោតលេខ១។
 |
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន គឹមទូ និងបេក្ខជនចំនួនបួនរូបដែលឈរឈ្មោះជាសមាជិករដ្ឋសភានីតិកាលទី១៦ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ចូលរួមសន្និសីទ មានតំណាងអ្នកបោះឆ្នោតនៃតំបន់ប្រជុំជន កងកម្លាំងប្រដាប់អាវុធ សហគ្រាស និងសាលារៀន នៅក្នុងសង្កាត់ថាញ់ខេ អានខេ ហៃចូវ និងសង្កាត់ ហ័រគឿង ផងដែរ។ នៅក្នុងសន្និសីទនេះ អ្នកបោះឆ្នោតបានស្តាប់ជីវប្រវត្តិសង្ខេបរបស់បេក្ខជន យោងតាមបញ្ជីឈ្មោះដែលត្រូវបានប្រកាសនិងបិទផ្សាយជាផ្លូវការ។ ដោយបង្ហាញផែនការសកម្មភាពរបស់ខ្លួននៅចំពោះមុខអ្នកបោះឆ្នោត លោក ត្រិន គឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា បានលើកច្បាស់ថា៖ “ប្រសិនបើត្រូវបានអ្នកបោះឆ្នោតជឿទុកចិត្ត និងជ្រើសរើសជាសមាជិកសភានីតិកាលទី១៦ យើងសន្យាថានឹងយកចិត្តទុកដាក់ តាមដាន និងចូលរួមមតិយោបល់ជាប្រចាំ ស្នើដំណោះស្រាយជាក់លាក់និងអាចធ្វើទៅបាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង។ រួមជាមួយគណៈប្រតិភូសមាជិកសភានៃទីក្រុង ដើរតួជាស្ពានតភ្ជាប់រវាងមូលដ្ឋាន និងរដ្ឋសភា រដ្ឋាភិបាល និងបណ្តាក្រសួង ស្ថាប័នមជ្ឈិម ក្នុងការដោះស្រាយការលំបាកនិងឧបសគ្គរបស់មូលដ្ឋាន រួមចំណែកជំរុញការអភិវឌ្ឍរបស់ទីក្រុង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ដើម្បីឱ្យប្រជាជនយើងទទួលផលពីផ្លែផ្កានៃបុព្វហេតុផ្លាស់ប្តូរថ្មី”។
បន្ទាប់ពីស្តាប់កម្មវិធីសកម្មភាពរបស់បេក្ខជន អ្នកបោះឆ្នោតបានសម្តែងមតិយោបល់ ផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានការយកចិត្តទុកដាក់ បង្ហាញពីសេចក្តីប្រាថ្នា ផ្តាំផ្ញើរទំនុកចិត្ត និងសេចក្តីប្រាថ្នារបស់ខ្លួនចំពោះបេក្ខជន៕