សហគមន៍អន្តរជាតិ ដាស់​តឿនឱ្យអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន​អនុវត្តការអត់ធ្មត់ បន្ទាប់ពីការវាយប្រហារលើទីក្រុងកាប៊ុល

(VOVWORLD) - កាលពីថ្ងៃទី១៧ ខែមីនា អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងឯករាជ្យលើការវាយប្រហារលើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននៅទីក្រុងកាប៊ុល អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០០នាក់បានស្លាប់ និងប្រហែល ២៥០នាក់រងរបួស។

ថ្លែងទៅកាន់សារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បានសង្កត់ធ្ងន់ថា ហេតុការណ៍នេះត្រូវតែស៊ើបអង្កេតឱ្យបានឆាប់រហ័ស ឯករាជ្យ និងមានតម្លាភាព។ បើតាមលោក លទ្ធផលនៃការស៊ើបអង្កេតត្រូវការប្រកាសជាសាធារណៈ ហើយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេមានសិទ្ធិទទួលបានសំណង។

នៅថ្ងៃដដែល សហភាពអឺរ៉ុប បានអំពាវនាវឱ្យប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងកាប៊ុល។ សហភាពអឺរ៉ុបបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការទាំងអស់ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដល់ជនស៊ីវិល។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល អ្នកនាំពាក្យ EC លោក Anouar El Anouni បានថ្លែងថា “ការវាយប្រហារលើមណ្ឌលវេជ្ជសាស្ត្រ គឺជាការឡើងជណ្ដើរថ្មី និងគ្រោះថ្នាក់ដែលត្រូវការបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

ដូចគ្នានេះដែរ រដ្ឋាភិបាលចិនក៏បានដាស់តឿនឱ្យប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានអនុវត្តការអត់ធ្មត់បន្ទាប់ពីឧប្បត្តិហេតុនេះ។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសទាំងពីរគួរអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ