អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonió Guterres

(VOVWORLD) - នារសៀលថ្ងៃទី ២១ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Antonió Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកអគ្គលេខាធិការ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonió Guterres - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonió Guterres។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់អង្គការសហប្រជាជាតិក្នុងជីវភាពអន្តរជាតិ ហើយបានបញ្ជាក់ថា វៀតណាមចាត់ទុកអង្គការសហប្រជាជាតិជាដៃគូអន្តរជាតិដ៏សំខាន់ ហើយកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មទំនាក់ទំនងកិច្ចបរទេស; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonió Guterres បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ជាប្រទេសដែលលោកតែងតែកោតសរសើរ; វាយតំលៃខ្ពស់ចំពោះការសន្យា និងការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមជានិច្ចកាលបង្ហាញជំហរជាគោលការណ៍លើបញ្ហាពាក់ព័ន្ធដល់ការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយវៀតណាមក៏បានសហការយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិនានា ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនប្រពៃណីកាន់តែធ្ងន់ធ្ងផងដែរ។

លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ជាពិសេស ហើយសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីយ៉ាងសកម្ម ក៏ដូចជាជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ព្រមទាំងមានគោលនយោបាយ និងវិធានការដើម្បីបន្តពង្រីកតួនាទីឈានមុខគេក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ អង្គការសហប្រជាជាតិនឹងបន្តសហប្រតិបត្តិការយ៉ាងសកម្មនិងជិតស្និទ្ធជាមួយវៀតណាម។

នាយប់ថ្ងៃទី ២១ តុលា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonió Guterres បានអញ្ជើញជាសហអធិបតីក្នុងពិធីរំលឹកខួប ៤៥ឆ្នាំនៃ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ