អគ្គលេខាបក្ស លោក តូ ឡឹម៖ យុវជនកងទ័ពគួរតែកសាងមហិច្ឆិតាដ៏ធំធេងក្នុងស្មារតី "ទំនុកចិត្ត ម្ចាស់ការ ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ"
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ( ២២ធ្នូ ១៩៤៤- ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ ទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩-២២ ធ្នូ ២០២៤) នារសៀលថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្តតំណាងយុវជនក្នុងជួរកងទ័ព។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា យុវជនកងទ័ពជានិច្ចកាលហាត់ពត់លត់ដំខ្លួននូវសីលធម៌ ទេពកោសល្យ សិក្សារៀនសូត្រនិងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទហូជីមិញ; មានសេចក្តីប្រាថ្នា ខិតខំបង្កើតអាជីព មានភាពសកម្ម ច្នៃប្រឌិត និងត្រៀមខ្លួនជាស្រេចដើម្បីទទួលភារកិច្ចថ្មី។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្តតំណាងយុវជនក្នុងជួរកងទ័ព។ រូបថត៖ VOV |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា យុវជនកងទ័ពគួរតែកសាងមហិច្ឆិតាដ៏ធំធេងក្នុងស្មារតី "ទំនុកចិត្ត ម្ចាស់ការ ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ" បង្កើតភាពក្លាហាននិងភាពឆ្លាតវៃ គុណតម្លៃដ៏ថ្លៃថ្លានិងនិរន្តរភាព ស្មារតីទទួលខុសត្រូវចំពោះមាតុភូមិនិងប្រជាជន។
ក្នុងសម័យកាលបដិវត្តន៍ថ្មី អគ្គលេខាបក្សបានកត់សម្គាល់ថា យុវជនកងទ័ពត្រូវឈានមុខគេក្នុងការអនុវត្តគោលការណ៍របស់បក្ស ដំបូងបង្អស់គឺការកសាងកងទ័ពប្រកបដោយភាពបង្រួម រឹងមាំ ទំនើប នៅក្នុងបរិវត្តកម្មឌីជីថលជាតិ។ ទន្ទឹមនឹងនោះ ពង្រីកស្មារតីសកម្មនិងច្នៃប្រឌិតរបស់យុវជន ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; សិក្សាយ៉ាងសកម្ម អនុវត្ត សិក្សាស្រាវជ្រាវ និងអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងសកម្មភាពយោធា៕