អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញទទួល ជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីនូវែល ហ្សេឡង់ លោក Christopher Luxon ប្រធានគណបក្សជាតិនូវែលសេឡង់ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី២។

អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញទទួល ជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon - ប្រធានគណបក្សជាតិនូវែលសេឡង់ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើថា វៀតណាមនិងនូវែលសេឡង់ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងបង្កើតយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ។ លោកអគ្គលេខាបក្សបានចែករំលែកថា នូវែលសេឡង់កំពុងក្លាយជាគោលដៅជាទីទុកចិត្ត និងជាជម្រើសពេញនិយមសម្រាប់និស្សិតវៀតណាម មកសិក្សានិងស្រាវជ្រាវ; បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបាននឹងកំពុងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់បានសង្កត់ធ្ងន់ថា ជាមួយនឹងប្រៀបខ្លាំងរបស់ខ្លួន នូវែលសេឡង់មានបំណងរួមដំណើរនិងគាំទ្រវៀត ណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការឯកភាពគ្នាលើទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងក្នុងដំណាក់កាលថ្មី; ជឿជាក់ថា ក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មីនឹងនាំមកនូវផលប្រយោជន៍រួមដ៏ធំធេង និងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ