អង្គការណាតូជំរុញដំណើរការបញ្ចូលស៊ុយអែតជាសមាជិកភាព

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានឲ្យដឹងថា អាចសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចូលស៊ុយអែតជាសមាជិកអង្គការ NATO មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងធ្វើឡើងនៅប្រទេសលីទុយអានីនៅខែកក្កដាខាងមុខ។

អគ្គលេខាធិការអង្គការណាតូបានថ្លែងដូច្នេះ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan នៅទីក្រុង Istanbul ប្រទេសទួរគី។ លោកបានឲ្យដឹងថា មន្ត្រីមកពីប្រទេសទួរគី ស៊ុយអែត និងហ្វាំងឡង់នឹងជួបប្រជុំគ្នានៅចុងខែនេះ ដើម្បីព្យាយាមដោះស្រាយបញ្ហាដែលបានប្រឈមមុខនឹងការជំទាស់ពីទួរគី និងហុងគ្រី ដែលបានធ្វើឱ្យដំណើរការចូលជាសមាជិកណាតូរបស់ស៊ុយអែតមានការពន្យារពេល។ រដ្ឋមន្ត្រីការពារជាតិណាតូក៏នឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនាខាងមុខ។

សូមគូសបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលរួមអង្គការណាតូកាលពីឆ្នាំមុន ដោយបញ្ចប់គោលនយោបាយមិនចូលបក្សសម្ព័ន្ធរយៈពេលជាច្រើនទសវត្សរ៍។ ពាក្យស្នើសុំចូលជាសមាជិកនៃប្រទេស Nordic ទាំងពីរនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល NATO កាលពីខែមិថុនាឆ្នាំមុន។ ដើម្បីក្លាយជាសមាជិកណាតូជាផ្លូវការ ពាក្យសុំចូលជាសមាជិកត្រូវតែការអនុម័តពីប្រទេសជាសមាជិកទាំងអស់ នៃសម្ព័ន្ធភាព។ នៅថ្ងៃទី ៤ ខែមេសា ប្រទេសហ្វាំងឡង់បានចូលជាសមាជិកអង្គការ NATO ជាផ្លូវការ ដោយក្លាយជាសមាជិកទី ៣១ នៃសម្ព័ន្ធភាពយោធានេះ។ ប៉ុន្តែ បច្ចុប្បន្ន ទួរគី និងហុងគ្រី មិនទាន់គាំទ្រស៊ុយអែតឱ្យចូលរួមសម្ព័ន្ធភាពនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ