អាមេរិកនឹងមិនយកពន្ធឬដាក់ទណ្ឌកម្មទៅលើទំនិញនាំចេញរបស់វៀតណាមទេ

(VOVWORLD) - សន្និដ្ឋាននៃរបាយការណ៍ថ្ងៃទី១៥ មករា របស់ USTR មិននិយាយដល់ឬមិនលើកសំណើរឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តការយកពន្ធឬដាក់ទណ្ឌកម្មទៅលើទំនិញនាំចេញរបស់វៀតណាមនោះឡើយ។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញនារសៀលថ្ងៃទី១៦ មករា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានលើកឡើងយ៉ាងច្បាស់ថា កាលពីថ្ងៃទី១៥ មករា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសរបាយការណ៍ជាផ្លូវការស្ដីពីការស៊ើបអង្កេតផ្នែក ៣០១ ទៅលើទង្វើរ គោលនយោបាយនិងសកម្មភាពរបស់វៀតណាមដែលពាក់ព័ន្ធដល់ការបញ្ចុះតម្លៃរូបិយប័ណ្ណ។

សន្និដ្ឋាននៃរបាយការណ៍ថ្ងៃទី១៥ មករា របស់ USTR មិននិយាយដល់ឬមិនលើកសំណើរឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តការយកពន្ធឬដាក់ទណ្ឌកម្មទៅលើទំនិញនាំចេញរបស់វៀតណាមនោះឡើយ។ ប្រការនេះបានសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន សមាគមន៍និងសហគ្រាសទាំងវៀតណាមនិងអាមេរិក ដែលបាននាំមកនូវលទ្ធផលវិជ្ជមាន។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមស្វាគមន៍សន្និដ្ឋានរបស់ USTR ដែលបានលើកឡើងនៅក្នុងរបាយការណ៍ពោលខាងលើ។ សេចក្ដីសម្រេចរបស់ USTR មានអត្ថន័យវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបរិយាកាសអាជីវកម្ម វិនិយោគនៅវៀតណាម និងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានឲ្យដឹងថែមទៀតថា ភ្លាមៗបន្ទាប់ពីរបាយការណ៍នេះ អនុប្រធានប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក លោក Myron Brilliant បានប្រកាសថា សហគមន៍ធុរកិច្ចអាមេរិកស្វាគមន៍ការដែលរដ្ឋាភិបាលប្រទេសនេះ មិនយកពន្ធទៅលើទំនិញនាំចេញរបស់ វៀតណាម។ វៀតណាមគោរពទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអាមេរិក ហើយចាត់ទុកនេះជាសសរស្តម្ភ និងកម្លាំងចលករដ៏សែនសំខាន់ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងទ្វេភាគី។

នាពេលខាងមុខ វៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបើកទីផ្សារចំហ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ សំដៅសម្រេចបានលទ្ធផលជាក់ស្ដែង ស្របទៅតាមការយកចិត្តទុកដាក់របស់អាមេរិកនិងវៀតណាម តាមនោះថែរក្សាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយស្ថិរភាព តុល្យភាព ចីរភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ