អ៊ុយក្រែនចាប់ផ្តើមអនុវត្តន៍​ផែនការកសាង​ប្រទេស​ឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ នៅលើគណនី Telegram របស់ខ្លួន នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រកាសថា ប្រទេសនេះមានគម្រោងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារដើម្បីចាប់ផ្តើមអនុវត្តផែនការកសាងប្រទេសឡើងវិញ ដែលក្នុងនោះគម្រោងដំបូងគេនឹងត្រូវបានអនុវត្តន៍ចាប់ពីនិទាឃរដូវនេះ។
អ៊ុយក្រែនចាប់ផ្តើមអនុវត្តន៍​ផែនការកសាង​ប្រទេស​ឡើងវិញ - ảnh 1សាលារៀនមួយក្នុងតំបន់ Kharkiv អ៊ុយក្រែន រងការបំផ្លិចបំផ្លាញដោយជម្លោះ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

ថវិកានេះផ្តល់អាទិភាពលើការប្រើប្រាស់សម្រាប់វិស័យថាមពល លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការកំទិចគ្រាប់បែកមីន និងជួយឧបត្ថម្ភការធ្វើអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រី Shmyhal បានឲ្យដឹងថា ចាប់ពីនិទាឃរដូវនេះ គម្រោងសាងសង់ឡើងវិញដំបូងគេនឹងត្រូវបានចាប់ផ្តើមអនុវត្តន៍។

មុននោះ នាថ្ងៃទី ២០ ខែកុម្ភៈ ថ្លែងមតិបន្ទាប់ពីមានជំនួបជាមួយអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅទីក្រុងគៀវ នាយករដ្ឋមន្ត្រី Shmyhal បានឲ្យដឹងថា អ៊ុយក្រែនកំពុងស្វែងរកកម្មវិធីជំនួយក្នុងរយៈពេលជាច្រើនឆ្នាំពី IMF ដែលមានតម្លៃសរុប ១៥ ពាន់លានដុល្លារ។

កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រី Shmyhal បានឲ្យដឹងថា អ៊ុយក្រែនបានប៉ាន់ប្រមាណការកសាងប្រទេសឡើងវិញក្រោយជម្លោះ អាចចំណាយទឹកប្រាក់ប្រមាណ ៧៥០ ពាន់លានដុល្លារអាមេរិក។ ក្នុពេលជាមួយគ្នានោះ គណៈកម្មការអឺរ៉ុបបានវាយតម្លៃថា ការខូចខាតដែលបង្កឡើងដោយជម្លោះក្នុងប្រទេសអ៊ុយក្រែន ត្រូវបានប៉ាន់ប្រមាណមានចំនួន ៦៣៧ ពាន់លានដុល្លារ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ