អឺរ៉ុបបែកបាក់លើការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន
(VOVWORLD) - ក្នុងបរិបទដែលការចរចាស្វែងរកដំណោះស្រាយដោយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនកំពុងប្រព្រឹត្តិទៅ បណ្តាប្រទេសអឺរ៉ុបនៅមានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយមិនអាចឈានដល់ការឯកភាពគ្នាលើការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន។
រហូតមកដល់ពេលនេះ ប្រទេសបារាំងបានរក្សាគោលជំហររបស់ខ្លួនក្នុងការបញ្ជូនកងទ័ព ប៉ុន្តែសេចក្តីប្រកាសរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នាពេលថ្មីៗនេះ បានឲ្យដឹងថា លោកនឹងបញ្ជូនតែអ្នកជំនាញ ឬទាហានមួយចំនួនតូចទៅកាន់ទីក្រុងគៀវប៉ុណ្ណោះ ជំនួសឱ្យកងកម្លាំងប្រដាប់អាវុធយ៉ាងពេញលេញ ដូចដែលលោកបានប្រកាសកាលពីដើមឆ្នាំ២០២៤។ ចក្រភពអង់គ្លេសបានសង្កត់ធ្ងន់លើការត្រៀមខ្លួនសម្រាប់បញ្ជូនកងទ័ពទៅអ៊ុយក្រែន ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា៖ “យើងខ្ញុំបានត្រៀមខ្លួនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនក្នុងករណីដែលមាមកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនិងនិរន្តរភាពត្រូវបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ ត្រូវមានការធានាសន្តិសុខពីភាគីអាមេរិក ព្រោះប្រការនេះជាលក្ខខណ្ឌតែមួយគត់ដើម្បីការពាររុស្សីមិនឲ្យវាយប្រហារអ៊ុយក្រែនម្តងទៀត”។
សមរភូមិអ៊ុយក្រែន។ រូបថត៖ Nytimes |
ក្នុងពេលនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា នេះជាគំនិតប្រញាប់ប្រញាល់ ដោយមិនបានពិគ្រោះយោបល់ជាមួយប្រទេសម្ចាស់ផ្ទះអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បានសារភាពថា អឺរ៉ុបត្រូវឈានដល់ការសន្និដ្ឋានទូទៅអំពីអ្វីដែលពួកគេអាចរួមចំណែក ជំនួសឲ្យការគិតគូរពីប្រការឥតមានប្រយោជន៍។ ប្រទេសប៉ូឡូញនិងស្លូវ៉ាគី ក៏បានបង្ហាញទស្សនៈ មិនចង់បញ្ជូនកងទ័ពទៅអ៊ុយក្រែនដែរ៕