ឥណ្ឌានិងអាស៊ានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញទ្វេភាគី
Phan Tung/VOV-ញូវដេលី -
(VOVWORLD) - កិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមេសា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងជំរុញដំណើរការពិនិត្យឡើងវិញ និងវាយតម្លៃលើខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ សំដៅធ្វើទំនើបកម្មកិច្ចព្រមព្រៀងឆ្ពោះទៅរកប្រសិទ្ធភាព មិត្តភាព និងអំណោយផលសម្រាប់ពាណិជ្ជកម្ម។ ក្នុងឱកាសនេះ អនុគណៈកម្មាធិការចំនួន ៥ ក្នុងចំណោមអនុគណៈកម្មាធិការ ចំណុះគណៈកម្មការ AITIGA ក៏បានបើកកិច្ចប្រជុំនៅខាងក្រៅសម័យប្រជុំលើកទី ៨ ផងដែរ។ ក្នុងនោះរួមមាន អនុគណៈកម្មាធិការស្តីពីនីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម; អនុគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស; អនុគណកម្មាធិការប្រតិបត្តិជាតិ និងទាក់ទងផ្ទាល់ទីផ្សារ; និងអនុគណៈកម្មការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ។
បច្ចុប្បន្ន អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌា ដែលមានចំនួនប្រហែល ១១% នៃពាណិជ្ជកម្មពិភពលោករបស់ប្រទេសអាស៊ីខាងត្បូង។ ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៣-២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌានិងអាស៊ានត្រូវបានរំពឹងថានឹងឈានដល់ ១២១ ពាន់លានដុល្លារអាមេរិក។ កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការ AITIGA ឥណ្ឌា-អាស៊ាន គ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
Phan Tung/VOV-ញូវដេលី