COP២៩ បានបញ្ចប់មិនដូចការរំពឹងទុក

(VOVWORLD) - បន្ទាប់ពីបានដំណើរការចរចារដ៏តឹងតែងអស់រយៈពេលពីរសប្តាហ៍ នៅក្នុងរដ្ឋធានី បាគូ  របស់ប្រទេសអាស៊ែបៃហ្សង់មក កិច្ចប្រជុំកំពូលលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៩ បានបិទនៅថ្ងៃទី ២៤ ខែវិច្ឆិកា ជាមួយនឹងកិច្ចព្រមព្រៀងហិរញ្ញវត្ថុអាកាសធាតុថ្មីដែលនាំមកការខកចិត្តសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

COP២៩ បានបញ្ចប់មិនដូចការរំពឹងទុក - ảnh 1មជ្ឈមណ្ឌលសន្និសីទ ជាកន្លែងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ   (រូបថត៖ Kyodo/TTXVN)

យោងតាមផែនការដើម COP២៩ ធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា។ ប៉ុន្តែ ដូចទៅនឹងកិច្ចប្រជុំ COP ថ្មីៗនេះ រាល់កិច្ចចរចានៅ COP២៩ ត្រូវតែបន្តរយៈពេលពីរថ្ងៃ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងហិរញ្ញវត្ថុអាកាសធាតុថ្មីមួយ។

កិច្ចព្រមព្រៀងខ្វះមហិច្ឆតា

ត្រូវបានស្គាល់ថាជាកិច្ចប្រជុំកំពូលហិរញ្ញវត្ថុអាកាសធាតុ គោលដៅធំបំផុតរបស់ COP២៩ គឺសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយស្តីពីហិរញ្ញវត្ថុអាកាសធាតុ ដែលហៅថា "គោលដៅបរិមាណរួមថ្មី" (NCQG)។ កិច្ចព្រមព្រៀងនេះជំនួសការសន្យាក្នុងការបរិច្ចាគ ប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិក/ឆ្នាំ ដែលប្រទេសអភិវឌ្ឍន៍បានដាក់ចេញពីឆ្នាំ ២០០៩ ហើយនឹងផុតកំណត់នៅចុងឆ្នាំនេះ។ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ អ្នកចូលរួម COP២៩ បានបើកវគ្គពិភាក្សាបច្ចេកទេសជាច្រើនមុននេះ និងអំឡុងពេលប្រព្រឹត្តទៅកិច្ចប្រជុំ ហើយក៏បានចំណាយពេលជាងពាក់កណ្តាលនៃពេលវេលានៅបាគូសម្រាប់អនុវត្តន៍កិច្ចចរចាអំពីបញ្ហាហិរញ្ញវត្ថុផងដែរ។ រាល់ការចរចាត្រូវបានជាប់គាំង  ហើយត្រូវបានជម្រះនៅគ្រាចុងក្រោយ នៅពេលដែលប្រទេសអភិវឌ្ឍន៍បានយល់ព្រមបង្កើនការរួមវិភាគ ទានឡើងដល់ ៣០០ ពាន់លានដុល្លារអាមេរិក/ឆ្នាំ (ពីកម្រិតដំបូង ២០០ ពាន់លានដុល្លារអាមេរិក/ឆ្នាំ) ព្រមទាំងសន្យាថា នឹងកៀងគរប្រភពហិរញ្ញវត្ថុផ្សេងទៀតចំនួន ១.០០០ ពាន់លានដុល្លារអាមេរិក/ឆ្នាំ នៅឆ្នាំ ២០៣៥។

សំណើរួមវិភាគទាន ៣០០ ពាន់លានដុល្លាអាមេរិក/ឆ្នាំជួបប្រទះនឹងការជំទាស់យ៉ាងខ្លាំងពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ព្រោះពួគគេចាត់ទុកថា វាតូចពេកបើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្តែងរហូតដល់ជាច្រើនពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែរ។ តំណាងប្រទេសមួយចំនួនដូចជា ឥណ្ឌា នីហ្សេរីយ៉ា គុយបា ... បានចាត់ទុកថា តួលេខ ៣០០ ពាន់លានដុល្លា/ឆ្នាំ គឺដូចជាការលេងសើច ហើយការសន្យា ១.៣០០ ពាន់លានដុល្លា/ឆ្នាំ នៅឆ្នាំ ២០៣៥ គឺដូចជាការបំភាន់ ព្រោះក្នុងចំណោម ១.៣០០ ពាន់លានដុល្លារនេះ មានតែ ៣០០ពាន់លានដុល្លារប៉ុណ្ណោះជាជំនួយ និងកម្ចីក្នុងការប្រាក់ទាបពីប្រទេសអភិវឌ្ឍន៍។ លោក Juan Carlos Monterrey អ្នកតំណាងពិសេសរបស់ប៉ាណាម៉ាទទួលបន្ទុកការប្រែប្រួលអាកាសធាតុបានបញ្ចេញមតិថា៖ “យើងបានចរចាកិច្ចព្រមព្រៀងនេះអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ហើយបាននៅក្នុងទីក្រុងបាគូជាង ២ សប្តាហ៍ ដែលមានន័យថា មានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកការស្រុះចិត្តគំនិតមួយដែរ។ ប៉ុន្តែប្រទេសអភិវឌ្ឍន៍បានផ្តល់ចំនួនប្រាក់ដែលបានសន្យាតែ ២ ថ្ងៃប៉ុណ្ណោះ មុនពេលកិច្ចប្រជុំបានបិទបញ្ចប់។ ពួកគេតែងតែធ្វើដូច្នេះ ហើយសម្រាប់ជាប្រយោជន៍នៃពហុភាគីនិយម យើងត្រូវតែទទួលយកវាជានិច្ច”។

ថ្វីត្បិតតែដូច្នេះក៏ដោយ ដើម្បីជៀសវាងការបញ្ចប់ COP២៩ ដោយការបរាជ័យ ប្រទេសម្ចាស់ផ្ទះ អាស៊ែបៃហ្សង់ បានប្រមូលផ្តុំប្រទេសភាគច្រើនដែលចូលរួម COP២៩ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងនេះ ដោយលើកហេតុផលថា ការបរាជ័យនៅទីក្រុងបាគូនឹងជាការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល។ ចែករំលែកមតិនេះ លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCC) បានចាត់ទុកថា កិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៣០០ ពាន់លានដុល្លារ/ឆ្នាំ គឺមិនការសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នាពេលនេះ៖ “យើងត្រូវការ COP២៩ លើកនេះដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនៅ COP២៨ ទៅជាលទ្ធផលសកលជាក់ស្តែង ដើម្បីការពារវិបុលភាពរបស់ប្រជាជន និងភពផែនដី។ នៅ COP២៨ ពិភពលោកបានយល់ព្រមលើការកើនឡើង ៣ ដង ចំនួនថាមពលកកើតឡើងវិញ  ហើយនៅ COP២៩ យើងបានបង្កើនចំនួន ៣ដង ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុអាកាសធាតុ  ហើយប្រទេសនានានឹងគៀរគរបានកាន់តែច្រើនថែមទៀត”។

លទ្ធផលមួយចំនួនជាការលើកទឹកចិត្ត

ទោះជាយ៉ាងណាក៏ដោយ COP២៩ ក៏បានកត់ត្រាលទ្ធផលលើកទឹកចិត្តមួយចំនួនផងដែរ។ ចំណុចលោតផ្លោះដ៏សំខាន់ដំបូងនៃ COP២៩ គឺសម្រេចបានការស្រុះចិត្តគំនិតគ្នាអំពីវិធីសាស្ត្រប្រតិបត្តិរបស់ទីផ្សារកាបូន រួមមានការជួញដូររវាងបណ្តាប្រទេស និងយន្តការឥណទានកាបូន ជួយកំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឥណទានកាបូន។ ទោះបីជា នៅតែបង្កឱ្យមានភាពចម្រូងចម្រាសមួយចំនួន ជាពិសេសពីក្រុមការពារបរិស្ថាន និងអង្គការការពារសិទ្ធិជនជាតិដើមក៏ដោយ ប៉ុន្តែការដែល COP២៩ អនុម័តបទប្បញ្ញត្តិទីផ្សារកាបូន ក៏ត្រូវបានចាត់ទុកថា ជាជំហានឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ បន្ទាប់ពីការចរចារជាប់គាំងជាច្រើនឆ្នាំលើបញ្ហានេះ។ ប្រធានក្រុមស្រាវជ្រាវគោលនយោបាយអាកាសធាតុអន្តរជាតិនៅសាកលវិទ្យាល័យ Zurich (ស្វីស) លោក Axel Michaelowa បានអត្ថាធិប្បាយថា៖ “ទីផ្សារកាបូនអន្តរជាតិតែងតែជាប្រធានបទដ៏ចម្រូង ចម្រាសហើយ ត្រូវចំណាយពេលជិតមួយទស្សវត្សរ៍ ចាប់តាំងពីកិច្ចព្រមព្រៀងប៉ារីសឆ្នាំ ២០១៥ ដើម្បីយើងយល់ព្រមលើបទប្បញ្ញត្តិ។ នេះជារឿងល្អ ព្រោះយើងនឹងមានទីផ្សារកាបូនអន្តរជាតិដែលដំណើរការពេញលេញ ហើយប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានប្រភពចំណូលដ៏ច្រើនតាមរយៈការលក់ឥណទានកាបូន”។

COP២៩ ក៏បានដោះស្រាយដោយជោគជ័យនូវបញ្ហាតម្លាភាពនៃការរាយការណ៍អំពីអាកាសធាតុ ជាមួយនឹងការបង្ហើយនូវឧបករណ៍រាយការណ៍ថ្មីសម្រាប់ក្របខ័ណ្ឌបង្កើនតម្លាភាព (ETF) នៃកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលរួមចំណែកដល់ការពង្រឹងគោលនយោបាយអាកាសធាតុ និងកំណត់តម្រូវការហិរញ្ញវត្ថុ។ លើសពីនេះ COP២៩ បានបង្កើតកម្មវិធីមួយដើម្បីឧបត្ថម្ភដល់ការអនុវត្តផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (NAPs) សម្រាប់ប្រទេសអភិវឌ្ឍន៍ខ្សោយ។ COP២៩ ក៏បានលើកកំពស់សម្លេងរបស់សហគមន៍មូលដ្ឋានក្នុងសកម្មភាពអាកាសធាតុ ដោយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រនៅក្នុងគោលនយោបាយអាកាសធាតុ។ COP២៩ ក៏បានកត់ត្រាការចូលរួមរបស់កុមារនៅក្នុងវេទិកាអាកាសធាតុដែលដឹកនាំដោយយុវជនជាលើកដំបូង ដោយសង្កត់ធ្ងន់ទៅលើការរួមបញ្ចូល និងកិច្ចសហប្រតិបត្តិការអន្តរជំនាន់ក្នុងសកម្មភាពអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ