កិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២៥ រួមចំណែកដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ
(VOVWORLD) - ដោយពង្រីកសមិទ្ធិផលកិច្ចការបរទេសដ៏គួរអោយចាប់អារម្មណ៍ក្នុងឆ្នាំ ២០២៤ ការទូតវៀតណាមក្នុងឆ្នាំ ២០២៥ បន្តកំណត់តួនាទីត្រួសត្រាយ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ នាំប្រទេសជាតិឈានដល់ទីតាំងដ៏ល្អបំផុត នៅក្នុងនិន្នាការ និងចលនាអភិវឌ្ឍន៍ធំៗរបស់ពិភពលោក តាមនោះពង្រីកលំហអភិវឌ្ឍន៍ និងបង្កើតឱកាសថ្មីៗសម្រាប់របកគំហើញយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។
រូបថតឧទាហរណ៍៖ chinhphu.vn |
ការទូតសេដ្ឋកិច្ចជាកម្លាំងចលករថ្មី
ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ មានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនជាង ១៧០ ដែលបានចុះហត្ថលេខាលើវិស័យជាច្រើន ការទូតសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៥ ផ្តោតសំខាន់លើការអនុវត្តន៍ដំណោះស្រាយនានាដើម្បីទាញយកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីយន្តការសហប្រតិបត្តិការ។ អាស្រ័យហេតុនេះ បង្កើនការទាក់ទាញការវិនិយោគចូលមកវៀតណាម ពង្រីកទីផ្សារនាំចូល-នាំចេញ និងបង្កើនទំហំពាណិជ្ជកម្ម។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ ttdn.vn) |
ការផ្តោតសំខាន់នៃ ការទូតសេដ្ឋកិច្ចឆ្នាំ ២០២៥ គឺកំណត់អត្តសញ្ញាណ និងចាប់យកឱកាសពីនិន្នាការថ្មីដែលកំពុងកំណត់រូបរាងសេដ្ឋកិច្ចពិភពលោកដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល; ការបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយមជ្ឈមណ្ឌលនវានុវត្តន៍របស់ពិភពលោក រួមទាំងប្រទេស និងសហគ្រាស ក្នុងវិស័យរបកគំហើញដូចជា បច្ចេកវិទ្យាខ្ពស់ semiconductor បញ្ញាសិប្បនិមិត្ត និង quantum... នេះគឺជាកម្លាំងចលករថ្មីសម្រាប់កំណើនដែលវៀតណាមបានកំណត់។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានមានប្រសាសន៍ថា៖
“ពិភពលោកកំពុងប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុកជាមុនបានជាច្រើន ប៉ុន្តែវាក៏បើកឱកាសជាច្រើនសម្រាប់ប្រទេសនានា ដើម្បីទាញយកអត្ថប្រយោជន៍ពីកម្លាំងចលករថ្មីនៃកំណើន ដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…។ នៅក្នុងស្រុក ជាមួយនឹងឋានៈនិងកម្លាំងថ្មី បន្ទាប់ពីការផ្លាស់ប្ដូរថ្មីអស់រយៈពេលជិត ៤០ ឆ្នាំកន្លងមក ក៏ដូចជានៅចំពោះមុខតម្រូវការបន្ទាន់នៃសម័យកាលនោះ អាចនិយាយបានថា នេះគឺជាពេលវេលានៃ "ការរួបរួមគ្នា" ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី។ ដើម្បីចាប់យកឱកាសទាំងនេះឱ្យបានល្អបំផុត ការទូតសេដ្ឋកិច្ចត្រូវតែបន្តពង្រីកតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព កាន់តែស៊ីជម្រៅ ជាក់ស្ដែង ឈ្លាសវៃនិងច្នៃប្រឌិតជាងមុន”។
ជាមួយនឹងទីផ្សារដែលនៅមានសក្ដានុពលច្រើនដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា - អាហ្រ្វិក អឺរ៉ុបកណ្ដាល-ខាងកើត ការទូតសេដ្ឋកិច្ចឆ្នាំ ២០២៥ នឹងជំរុញទិសដៅថ្មីៗដូចជា ការអភិវឌ្ឍឧស្សាហកម្មហាឡាល... ពន្លឿនការអនុវត្ត FTA ដែលបានចុះហត្ថលេខា លុបចោលរបាំងទីផ្សារ ផ្តោតលើការលុបចោលឧបសគ្គបច្ចេកទេសនៅពេលអនុវត្តន៍ EVFTA ចលនាសមាជិក EU អំពីកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ការដកកាតលឿង IUU សម្រាប់ជលផលវៀតណាម ចលនាអាមេរិកឱ្យឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ។ ទន្ទឹមនឹងនោះ ការទូតសេដ្ឋកិច្ចដើរតួនាទីតភ្ជាប់ បង្កើតលក្ខខណ្ឌជួយគាំទ្រសហគ្រាសវៀតណាម និងម៉ាកយីហោវៀតណាមដើម្បីឈានទៅដល់ពិភពលោក។
កំណត់ឋានៈវៀតណាមក្នុងលំហូរនៃសម័យកាល
បន្តសន្ទុះនៃការរួមចំណែករបស់វៀតណាមចំពោះបញ្ហាពិភពលោករួម កិច្ចការបរទេសពហុភាគីក្នុងឆ្នាំ ២០២៥ នឹងផ្តោតសំខាន់លើការរៀបចំព្រឹត្តិការណ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ បន្តទទួលបន្ទុកភារកិច្ចសំខាន់ៗក្នុងអង្គការ និងវេទិកាពហុភាគីដូចជា អាស៊ាន APEC និងយន្តការអង្គការសហប្រជាជាតិ។ វៀតណាមនឹងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហារួម ជាពិសេសការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធ និងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ចូលរួមកាន់តែស៊ីជម្រៅក្នុងសកម្មភាពរក្សាសន្តិភាព ការស្វែងរកនិងជួយសង្គ្រោះ និងការជួយឧបត្ថម្ភមនុស្សធម៌ ជាដើម។
ក្នុងពិភពលោកដែលពឹងផ្អែកគ្នាទៅវិញទៅមកដូចបច្ចុប្បន្ននេះ ស្ថិរភាពនិងការអភិវឌ្ឍរបស់បណ្ដាប្រទេស មិនអាចកាត់ផ្ដាច់ចេញពីបរិយាកាសតំបន់និងអន្តរជាតិបានឡើយ។ វៀតណាមក៏កំពុងឈរនៅចំពោះមុខចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី ដោយនាំប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខ។ ក្នុងដំណើរការនោះ កិច្ចការបរទេសដើរតួនាទីយ៉ាងសំខាន់ ដោយត្រូវកំណត់ទីតាំងអំណោយផលសម្រាប់វៀតណាមក្នុងលំហូរនៃសម័យកាល ហើយរួមបញ្ចូលគ្នានូវកម្លាំងពលំជាតិជាមួយនឹងកម្លាំងនៃសម័យកាល ដើម្បីបម្រើឱ្យប្រទេសជាតិស្ទុះឈានទៅមុខ។
“កត្តាដែលធានាការស្ទុះឈានទៅមុខរបស់ប្រទេសជាតិនោះគឺបរិយាកាសយុទ្ធសាស្ត្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអំណោយផលសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ កិច្ចការបរទេសត្រូវតែធ្វើយ៉ាងណាដើម្បីពង្រឹង និងរក្សាស្ថានការណ៍នេះឱ្យបានរឹងមាំ នៅចំពោះមុខនឹងការប្រែប្រួល បង្កើតលក្ខខណ្ឌឱ្យប្រទេសឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ កិច្ចការបរទេសអាចដើរតួនាទីស្ថាបនា ជាកម្លាំងចលករ បើកឱកាសថ្មីសម្រាប់ប្រទេសជាតិឈានទៅមុខ ដោយតភ្ជាប់កម្លាំងផ្ទៃក្នុងជាមួយកម្លាំងខាងក្រៅ ដែលក្នុងនោះកម្លាំងផ្ទៃក្នុងជាមូលដ្ឋានគ្រឹះ និងយូរអង្វែង ខណៈដែលកម្លាំងខាងក្រៅគឺកត្តាសំខាន់និងរបកគំហើញ”។
ដោយមានប្រៀបខ្លាំងនៃ “អំណាចទន់” កិច្ចការបរទេសរបស់វៀតណាមនាពេលខាងមុខនឹងបន្តអះអាងនិងផ្សព្វផ្សាយរូបភាពវៀតណាមឯករាជ្យ ស្វ័យភាព សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ រក្សាស្ថានការណ៍កិច្ចការបរទេសអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាត្រួសត្រាយផ្លូវក្នុងការទាក់ទាញធនធាន ដើម្បីបម្រើគោលដៅកំណើនផងដែរ៕