(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ទី ១៩ ខែវិច្ឆិកានៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនឈានមុខគេរបស់ពិភពលោក - G20 ឆ្នាំនេះ បានកត់ត្រានូវវឌ្ឍនភាពដ៏ធំធេងក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ អង្គប្រជុំមិនអាចជំរុញរបកគំហើញសំខាន់ៗស្តីពីហិរញ្ញវត្ថុអាកាសធាតុនិងការផ្លាស់ប្តូរថាមពលដូចការរំពឹងទុកនោះឡើយ ហើយនៅតែពុះជ្រៀកបែងចែកផ្នែកភូមិសាស្ត្រនយោបាយ។
ជាមួយនឹងប្រធានបទ “ការកសាងពិភពលោកមួយប្រកបដោយយុត្តិធម៌ និងភពផែនដីដែលមាននិរន្តរភាពជាងមុន” នោះ កិច្ចប្រជុំកំពូល G20 ឆ្នាំនេះដាក់គោលដៅចម្បងលើបញ្ហាដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ឬត្រូវបានគេហៅថាជា “ភាគខាងត្បូងសកល" (Global South) មានការយកចិត្តទុកដាក់ រួមមាន៖ ភាពក្រីក្រ; កំណែទម្រង់អភិបាលកិច្ចសកល; យុត្តិធម៌ក្នុងហិរញ្ញវត្ថុអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។
អាទិភាពនៃភាគខាងត្បូងសកល
ជោគជ័យគួរឲ្យកត់សម្គាល់បំផុតនៃកិច្ចប្រជុំកំពូល G20 ឆ្នាំនេះគឺការបង្កើតសម្ព័ន្ធភាពសកលប្រឆាំងនឹងភាពក្រីក្រ (GAAHP) ដែលជាគំនិតផ្តួចផ្តើមដោយប្រទេសម្ចាស់ផ្ទះប្រេស៊ីល ដើម្បីដាក់ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសកល នៅទីតាំងកណ្ដាលក្នុងកិច្ចពិភាក្សារបស់បណ្ដាស្ថាប័នពហុភាគី។ ទោះបីជាយន្តការប្រតិបត្តិការ និងវិធីសាស្រ្តដើម្បីសម្រេចបានគោលដៅនៃសម្ព័ន្ធភាពនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្ហើយក៏ដោយ ប៉ុន្តែការកសាងបាននូវសម្ព័ន្ធភាពដោយមានការគាំទ្រពីប្រទេសចំនួន ៨១ និងស្ថាប័នសកលជាច្រើនដូចជា៖ សហភាពអឺរ៉ុប (EU) សហភាពអាហ្រ្វិក (AU) ធនាគារអភិវឌ្ឍន៍ មូលនិធិសប្បុរសធម៌ធំៗ (មូលនិធិ Rockerfeller មូលនិធិ Bill & Melinda Gates)... អាចចាត់ទុកថា ជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការពន្លឿនការលុបបំបាត់ភាពក្រីក្រលើទូទាំងពិភពលោកចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បានប្រកាសថា៖
“ក្នុងនាមជាប្រធាន G20 យើងខ្ញុំចាត់ទុកការបង្កើតសម្ព័ន្ធភាពសកលប្រឆាំងនឹងភាពក្រីក្រគឺជាគោលដៅកណ្តាល។ នេះនឹងជាមរតកដ៏ធំបំផុតរបស់យើង។ សម្ព័ន្ធភាពនេះមិនត្រឹមតែបង្កើតយុត្តិធម៌ប៉ុណ្ណោះទេ ថែមទាំងវាក៏ជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការកសាងពិភពលោកឲ្យកាន់តែរីកចម្រើន និងសុខសន្តិភាពផងដែរ”។
ក្រៅពីការប្រកាសដោយជោគជ័យអំពី GAAHP នោះ ប្រទេសម្ចាស់ផ្ទះប្រេស៊ីលក៏បានដាក់ការប្រែប្រួលអាកាសធាតុនៅក្នុងរបៀបវារៈជាមួយនឹងការសន្យាបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលឡើង ៣ ដង នៅឆ្នាំ ២០៣០ និងអនុម័តលើឯកសារពហុភាគីដំបូងគេអំពីសេដ្ឋកិច្ចជីវសាស្ត្រ។ គួរឲ្យកត់សម្គាល់ថា រួមជាមួយនឹងប្រទេសមួយចំនួនទៀតនៅក្នុង G20 (ចិន អាហ្រ្វិកខាងត្បូង...) ប្រទេសម្ចាស់ផ្ទះប្រេស៊ីលបានផ្តួចផ្តើមគំនិតយកពន្ធលើមហាសេដ្ឋីពិភពលោកជាលើកដំបូង ដោយប្រែក្លាយប្រធានបទនេះ ទៅជាប្រធានបទធំជាងដែល G20 នឹងត្រូវតែពិភាក្សាយ៉ាងហ្មត់ចត់នាពេលអនាគត ក្នុងនោះវាទំនងនឹងក្លាយជាអាទិភាពចម្បងមួយសម្រាប់កិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយនៅអាហ្វ្រិកខាងត្បូង។ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បានសង្កត់ធ្ងន់ថា៖
“កិច្ចសហប្រតិបត្តិការអន្តរជាតិអំពីពន្ធ មានអត្ថន័យដ៏សំខាន់ក្នុងការកាត់បន្ថយវិសមភាព។ ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហិរញ្ញវត្ថុ G20 បង្ហាញថា ការយកពន្ធលើទ្រព្យសម្បត្តិចំនួន ២% លើបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភលើសលុប អាចនាំមកនូវទឹកប្រាក់ប្រហែល ២៥០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីវិនិយោគក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គម និងបរិស្ថានក្នុងសម័យបច្ចុប្បន្ន”។
ខ្វះការសន្យាដ៏សំខាន់អំពីអាកាសធាតុ និងថាមពល
យោងតាមលោក Guilherme Casaroes សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅមូលនិធិស្រាវជ្រាវ Getulio Vargas នៅទីក្រុង Rio de Janeiro (ប្រេស៊ីល) មជ្ឈដ្ឋានអ្នកការទូតប្រេស៊ីលបានជ្រើសរើសប្រធានបទសំខាន់ៗនៃកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ យ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយភាពប៉ិនប្រសប់។ ប្រធានបទដែលត្រូវបានជ្រើសរើស (ភាពក្រីក្រ អាកាសធាតុ ថាមពល) សុទ្ធតែមានលក្ខណៈ "អព្យាក្រឹត" ហើយអាចនាំមកនូវការឯកភាពជាអតិបរមាពីបណ្ដាប្រទេសសមាជិក G20។ ទោះជាយ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្ននេះក៏បានធ្វើឱ្យកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro បរាជ័យក្នុងការបង្កើតរបកគំហើញក្នុងប្រធានបទចំនួន ២ ដែលគេរំពឹងទុកខ្លាំងគឺ ហិរញ្ញវត្ថុអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។
ដោយប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងកិច្ចប្រជុំលើកទី ២៩ នៃបណ្ដាភាគិចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៩ នៅទីក្រុង បាគូ ប្រទេសអាស៊ែបៃហ្សង់ (ថ្ងៃទី ១១-២២ ខែវិច្ឆិកា) មនុស្សជាច្រើនបានរំពឹងទុកថា កិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro អាចធ្វើឡើងការសន្យាដ៏ខ្លាំងក្លា និងច្បាស់លាស់ជាង អំពីការរួមចំណែកផ្នែកហិរញ្ញវត្ថុសម្រាប់អាកាសធាតុ ឬបង្កើតផែនទីបង្ហាញផ្លូវដើម្បីលុបបំបាត់ទាំងស្រុងនូវឥន្ធនៈហ្វូស៊ីល តាមនោះបង្កើតការទន្លុះទម្លាយសម្រាប់ការចរចារដែលកំពុងរងភាពជាប់គាំងនៅ COP29។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ G20 គ្រាន់តែសង្កត់ធ្ងន់ថា ធនធានហិរញ្ញវត្ថុចាំបាច់នឹងមកពី "ប្រភពធនធានទាំងអស់" ប៉ុន្តែមិនលើកឡើងយ៉ាងជាក់លាក់ថា វាមកពីឯណាឬរបៀបបែងចែកយ៉ាងដូចម្ដ៉េចទេ។
យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កង្វះសកម្មភាពដ៏ខ្លាំងក្លានៅ G20 គឺជារឿងគួរឲ្យសោកស្ដាយដោយសារតែប្រទេស G20 ស្រូបយករហូតដល់ ៨០% នៃការបំភាយឧស្ម័នសកល ដូច្នេះពួកគេចាំបាច់ត្រូវជាអ្នកត្រួសត្រាយផ្លូវ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានព្រមានផងដែរថា ការស្ទាក់ស្ទើរនេះរបស់ G20 នឹងធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុកាន់តែពិបាក។
"ខ្ញុំស្នើឱ្យថ្នាក់ដឹកនាំ G20 ដឹកនាំរដ្ឋមន្ត្រី និងអ្នកចរចារបស់គេ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុអាកាសធាតុថ្មីមួយ ដែលមានមហិច្ឆតាជាងមុននៅត្រឹមឆ្នាំនេះ។ គ្មានកន្លែងសម្រាប់បរាជ័យនោះទេ ព្រោះបរាជ័យនឹងបង្កការខូចខាតដល់មហិច្ឆតា ក្នុងការត្រៀមរៀបចំផែនការសកម្មភាពអាកាសធាតុជាតិថ្មីរបស់បណ្ដាប្រទេស ដែលអាចបង្កឡើងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងបរិបទដែល បណ្ដាដែនកំណត់ដែលយើងមិនអាចត្រឡប់មកវិញបានកាន់តែខិតជិតមកដល់”។
ទិដ្ឋភាពមួយទៀតដែលធ្វើឲ្យកិច្ចប្រជុំកំពូល G20 ឆ្នាំនេះមិនទទួលបានជោគជ័យពេញលេញនោះ គឺជម្លោះខាងភូមិសាស្ត្រនយោបាយយ៉ាងស៊ីជម្រៅរវាងក្រុមប្រទេសនានាក្នុង G20 ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា។ ដូចកិច្ចប្រជុំកំពូល G20 ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ (ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី និងឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា) ប្រទេស G20 បានជជែកពិភាក្សាគ្នាយ៉ាងខ្លាំងក្លា ទាំងខ្លឹមសារ និងភាសាដែលទាក់ទងនឹងជម្លោះទាំងពីរនេះ ហើយត្រូវតែទទួលយកការសម្របសម្រួលដើម្បីអាចចេញសេចក្តីថ្លែងការណ៍ចុងក្រោយបាន៕