ធានាលក្ខណៈប្រជាធិបតេយ្យខ្ពស់បំផុតក្នុងការបោះឆ្នោតនៅវៀតណាម
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី១៥ ខែមីនា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅវៀតណាម ជាកន្លែងដែលសិទ្ធិជាម្ចាស់របស់ប្រជាជនម្នាក់ៗ ត្រូវបានបង្ហាញដោយផ្ទាល់ ប្រមូលផ្តុំ និងច្បាស់លាស់បំផុតតាមរយៈសន្លឹកឆ្នោតនីមួយៗ។ នៅវៀតណាម លក្ខណៈ ប្រជាធិបតេយ្យក្នុងការបោះឆ្នោត មិនត្រឹមតែចាប់ផ្តើមនៅពេលដែលអ្នកបោះឆ្នោតចូលទៅក្នុងទីតាំងបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តក្នុងការពិគ្រោះយោបល់ និងការឧទ្ទេសនាមតែងតាំងបេក្ខជន ដែលសិទ្ធិ "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនជ្រើសរើស" ត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈនីតិវិធីយ៉ាងហ្មត់ចត់ បើកចំហ និងតម្លាភាព។
យោងតាមបទបញ្ញត្តិរបស់ច្បាប់ ការបោះឆ្នោតនៅវៀតណាមត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានដូចជា សិទ្ធិបោះឆ្នោតជាសកល សមភាព ការបោះឆ្នោតដោយផ្ទាល់ និងការបោះឆ្នោតសម្ងាត់។ នេះមានន័យថា ពលរដ្ឋភាគច្រើនដែលមានអាយុ ១៨ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត ដែលមនុស្សម្នាក់ៗមានសំឡេងបោះឆ្នោតស្មើគ្នា និងសេរីភាពក្នុងការជ្រើសតាំងបេក្ខជន ដោយមិនចាំបាច់ប្រកាសជាសាធារណៈអំពីជម្រើសរបស់ខ្លួនឡើយ។
ពិធីបើកការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ២០២៦-២០៣១ នៅការិយាល័យបោះឆ្នោតមួយក្នុងតំបន់ពិសេស Tho Chau។ រូបថត៖ Lam Hieu/VOV-ដីសណ្តទន្លេ Cuu Long |
លក្ខណៈប្រជាធិបតេយ្យចាប់ពីការពិគ្រោះយោបល់រហូតដល់សន្លឹកឆ្នោត
នៅវៀតណាម ដំណើរការបោះឆ្នោតត្រូវបានអនុវត្តតាមបទប្បញ្ញត្តិ ឆ្ពោះទៅរកគោលដៅខ្ពស់បំផុតគឺធានាសិទ្ធិជាម្ចាស់របស់ប្រជាជន។ ដំណើរការជ្រើសរើសបេក្ខជនឆ្នើមៗ ត្រូវបានអនុវត្តដោយរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ តាមរយៈការពិគ្រោះយោបល់ចំនួនបីជុំ ដោយធានាថា ប្រជាជនទទួលបានព័ត៌មានពេញលេញ សម្រាប់តាមដាននិងត្រួតពិនិត្យដំណើរការបោះឆ្នោតទាំងមូល។ លោកស្រី Nguyen Quynh Lien ប្រធានគណៈកម្មការប្រជាធិបតេយ្យ ត្រួតពិនិត្យ និងរិះគន់សង្គមនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានបញ្ជាក់ថា៖
លោកស្រី Nguyen Quynh Lien ប្រធានគណៈកម្មការប្រជាធិបតេយ្យ ត្រួតពិនិត្យ និងរិះគន់សង្គមនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ Kim Thanh/VOV |
«យើងក៏បានបង្កើនការងារត្រួតពិនិត្យ និងឃ្លាំមើលសម្រាប់ស្ថាប័នរដ្ឋ និង អង្គការរៀបចំការបោះឆ្នោតទាំងនៅថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន។ ទន្ទឹមជាមួយគ្នានេះ យើងបានបង្កើតយន្តការសម្រាប់ប្រជាជនអាចចូលរួមដោយផ្ទាល់ក្នុងការឃ្លាំមើលសកម្មភាពបោះឆ្នោត ដូចជាការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន និងការឧទ្ទេសនាមបញ្ជីឈ្មោះបេក្ខជននៅក្នុងកិច្ចប្រជុំអ្នកបោះឆ្នោតនៅក្នុងតំបន់លំនៅដ្ឋាន។ ប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោតស្របតាម ច្បាប់ និងរដ្ឋធម្មនុញ្ញត្រូវបានធានាថា ធ្វើយ៉ាងម៉េចដើម្បីឲ្យការបោះឆ្នោតត្រូវ បានធ្វើឡើងយ៉ាងពេញលេញ និងងាយស្រួលបំផុត»។
យោងតាមសាស្ត្រាចារ្យ បណ្ឌិត ផាន ទ្រុងសឺន អតីតសាស្ត្រាចារ្យជាន់ខ្ពស់នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ តាមរយៈដំណើរការពិគ្រោះយោបល់ចំនួនបីជុំមក រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមនានា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំវណ្ណៈសង្គមទាំងអស់ ជាស្ពានដើម្បីឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាជន ចូលរួមចំណែកដល់ការជ្រើសរើសបុគ្គលដែល "មានឆន្ទៈ មានសមត្ថភាព បញ្ញា និងមានទំនួលខុសត្រូវ" ដើម្បីតំណាងឱ្យប្រជាជន៖ «ទាំងនេះគឺជាអង្គភាពដែលអាចតែងតាំងបេក្ខជន ដែលបំពេញតាមការរំពឹងទុករបស់ប្រជាជន ដើម្បីពិគ្រោះយោបល់។ នៅក្នុងដំណើរការពិគ្រោះយោបល់នោះ ត្រូវតែបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជន។ ប្រសិនបើឆ្លងកាត់ការពិនិត្យកាន់តែច្រើនដង យើងនឹងជ្រើសរើសបាននូវបុគ្គលកាន់តែសក្តិសម មានឆន្ទៈ មានសមត្ថភាព មានបញ្ញា និងមានទេពកោសល្យ ដែលអាចទទួលរ៉ាប់រងការងារ ឆ្លើយតបទៅនឹងតម្រូវការរបស់សម័យកាលថ្មី»។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានបើកសន្និសីទសារព័ត៌មាន ស្តីពីការងាររៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ រូបថត៖ Do Minh/VOV |
តំណាងឱ្យសេចក្តីទុកចិត្តរបស់ប្រជាជន
ចាប់ពីការពិគ្រោះយោបល់រហូតដល់សន្លឹកឆ្នោត ចាប់ពីការរៀបចំបញ្ជីបេក្ខជនរហូតដល់ថ្ងៃបោះឆ្នោតរបស់ប្រជាជនទូទាំងប្រទេស ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនគឺមជ្ឈមណ្ឌលនៃដំណើរការបោះឆ្នោត។ គោលការណ៍ "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនជ្រើសរើស" មិនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានអនុវត្តន៍យ៉ាងច្បាស់លាស់នៅគ្រប់ដំណាក់កាលទាំងអស់។ លោកស្រី ង្វៀន ក្វិញលៀន ប្រធានគណៈកម្មការប្រជាធិបតេយ្យ ត្រួតពិនិត្យ និងរិះគន់សង្គម នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថែមទៀតថា៖ «ប្រការនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃ "ការដាក់ប្រជាជនជាឫសគល់" និងទស្សនៈ "រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន"។ ឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនេះ។ ដូច្នេះហើយ ការបោះឆ្នោតគឺដើម្បីអនុវត្តន៍មនោគមវិជ្ជា "ប្រជាជនជាម្ចាស់ ប្រជាជនធ្វើជាម្ចាស់" ដែលជាសក្ខីភាពដ៏រស់រវើកបំផុតនៃសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងការជ្រើសរើសបុគ្គលឆ្នើមៗបំផុត ឱ្យចូលរួមក្នុងស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៅកម្រិតមជ្ឈិម គឺរដ្ឋសភា និងស្ថាប័នអំណាចថ្នាក់មូលដ្ឋាន គឺក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់»។
ប្រជាពលរដ្ឋកំពុងពិនិត្យព័ត៌មាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតំបន់លំនៅដ្ឋានមួយក្នុងខេត្ត Thai Nguyen។ រូបថត៖ Kim Thanh/VOV |
លក្ខណៈប្រជាធិបតេយ្យនៃការបោះឆ្នោតនៅវៀតណាមក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជន។ ជាធម្មតាចំនួនប្រជាជនទៅបោះឆ្នោតគឺខ្ពស់ណាស់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សង្គម ក្នុងការជ្រើសតាំងសមាជិកសភា។ ដោយមានដំណើរការបោះឆ្នោតដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ បើកចំហ និងតម្លាភាព រួមជាមួយការដាក់ប្រជាជននៅមជ្ឈមណ្ឌលនៃដំណើរការបោះឆ្នោត ការបោះឆ្នោតនាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ នឹងរួមចំណែកដល់ការសុក្រឹត្យក្បាលម៉ាស៊ីនរដ្ឋឲ្យបានឆាប់ៗ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តយ៉ាងឆាប់រហ័សនូវការសម្រេចចិត្តរបស់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤៕