(VOVWORLD) - ថ្ងៃទី ៣ ខែកុម្ភៈ គឺជាគម្រប់ខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦)។ ជិតមួយសតវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម ទំនាក់ទំនងរវាងបក្ស និងប្រជាជនគឺជាកត្តាជាមូលដ្ឋាន ដែលមានអត្ថន័យស្លាប់រស់។ បក្សនៅក្នុងបេះដូងប្រជាជន បានក្លាយជារង្វាស់ដ៏រស់រវើកនៃជំនឿជាក់ ភាពជាធ្លុងមួយនៅក្នុងសង្គម និងកម្លាំងជាតិនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
សន្និសីទបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ១៩៣០ ដឹកនាំដោយអគ្គមគ្គុទេស ង្វៀន អាយក្វុក (រូបថតគំនូររបស់វិចិត្រករ ផាន់ កេអាន)។ (ប្រភព៖ សារមន្ទីរហូជីមិញ) |
នៅនិទាឃរដូវឆ្នាំ ១៩៣០ នៅពេលបង្កើតបក្សកុម្មុយនិស្តវៀតណាម អគ្គមគ្គុទេស ង្វៀន អាយក្វុក - ហូជីមិញ បានបញ្ជាក់យ៉ាងច្បាស់អំពីឧត្តមគតិ និងគោលដៅយុទ្ធសាស្ត្ររបស់បក្ស និងប្រជាជាតិនោះគឺ៖ ធ្វើឱ្យប្រទេសវៀតណាមមានឯករាជ្យទាំងស្រុង ដើម្បីឆ្ពោះទៅរកសង្គមកុម្មុយនិស្ត។ ដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់នោះ បក្សត្រូវតែពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន និងអាចដឹកនាំប្រជាជនទាំងមូល។
តម្លៃជាមូលដ្ឋាន និងមានលក្ខណៈស្លាប់រស់
បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងដើម្បីប្រជាជន ដើម្បីប្រទេសជាតិ; ឧត្តមគតិរបស់បក្សក៏កើតចេញពីសេចក្តីប្រាថ្នាសម្រាប់ឯករាជ្យជាតិនិងសុភមង្គលរបស់ប្រជាជនផងដែរ។ ដូច្នេះ ផលប្រយោជន៍របស់ប្រជាជនគឺជាផលប្រយោជន៍របស់បក្ស ជាគោលដៅនៃការខិតខំប្រឹងប្រែងរបស់បក្សនៅក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រទាំងអស់។
ជំនឿជាក់របស់ប្រជាជនលើបក្សមិនមែនកើតចេញពីពាក្យសម្ដីនោះទេ ប៉ុន្តែកើតចេញពីសកម្មភាព ពីប្រសិទ្ធភាពនៃក្បាលម៉ាស៊ីនដឹកនាំ ពីភាពយុត្តិធម៌ក្នុងការទទួលបានផល ពីលទ្ធផលនៃការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ការដោះស្រាយដោយទាន់ពេលវេលា និងសមហេតុផលចំពោះការជំពាក់ជំពិនស្របច្បាប់របស់ប្រជាជន និងអាជីវកម្ម។
គោលនយោបាយរបស់បក្សទទួលបានការគាំទ្រពីប្រជាជន ពីព្រោះវាភ្ជាប់ដោយផ្ទាល់ទៅនឹងផលប្រយោជន៍ដ៏សំខាន់បំផុតនោះគឺ៖ សន្តិសុខសង្គម ការអប់រំ ការថែទាំសុខភាព ការងារ ប្រាក់ចំណូល និងគុណភាពជីវភាព។ គោលនយោបាយស្តីពីការថែទាំសុខភាព ការកែលម្អគុណភាពអប់រំ ការសាងសង់សាលារៀនរាប់ពាន់ខ្នងនៅតាមតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រ ឬកម្មវិធីជួយឧបត្ថម្ភប្រជាជនក្នុងការជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ... សុទ្ធតែជាសក្ខីភាពដ៏រស់រវើកនៃអត្តចរិតដើម្បីប្រជាជនរបស់បក្ស។ លោក ឡេ ទៀនចូវ លេខាគណៈកម្មាធិការបក្សទីក្រុង ហាយផុង បានសង្កត់ធ្ងន់ថា៖
“នៅក្នុងគោលជំហររបស់បក្ស និងគោលនយោបាយរបស់រដ្ឋ ប្រជាជនត្រូវបានដាក់នៅស្នូលជានិច្ច។ ប្រជាជនគឺជាគោលដៅ និងជាកម្លាំងចលករ ដើម្បីកសាងគោលនយោបាយ។ នៅពេលដែលគោលនយោបាយត្រូវបានចេញផ្សាយវាក៏សំដៅបម្រើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ដោយលើកកម្ពស់សិទ្ធិធ្វើម្ចាស់របស់ប្រជាជនផងដែរ”។
លោក ហូ ក្វាងឡើយ អតីតប្រធាននាយកដ្ឋានឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ។ (រូបថត៖ VOV) |
យោងតាមលោក ហូ ក្វាងឡើយ អតីតប្រធាននាយកដ្ឋានឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ការដឹកនាំរបស់បក្សមិនត្រឹមតែមានចែងក្នុងឯកសារច្បាប់ប៉ុណ្ណោះទេ ថែមទាំងពិសិដ្ឋនិងសំខាន់ជាងនេះទៅទៀត គឺបក្សស្ថិតនៅក្នុងបេះដូងប្រជាជន។ នោះគឺជាដំណើរការប្រវត្តិសាស្ត្រ និងជាកត្តាមូលដ្ឋានបំផុតចាប់តាំងពីការបង្កើតរបស់បក្សរហូតមកដល់សព្វថ្ងៃនេះនិងជារៀងរហូតនាពេលអនាគត។
“ផលប្រយោជន៍របស់ប្រជាជនគឺជាផលប្រយោជន៍របស់បក្ស ជាគោលដៅនៃការខិតខំប្រឹងប្រែងរបស់បក្សក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រទាំងអស់។ ឆ្លងកាត់ដំណាក់កាលដ៏លំបាក ពោរពេញទៅដោយបញ្ហាប្រឈម រហូតដល់ដំណាក់កាលដ៏លំបាកវេទនាបំផុត បក្សនៅតែរស់រានមានជីវិត និងអភិវឌ្ឍន៍ ពីព្រោះបក្សស្ថិតនៅក្នុងបេះដូងប្រជាជន ត្រូវបានប្រជាជនការពារ គាំទ្រ និងជឿជាក់”។
ប្រជាជនជឿទុកចិត្តជានិច្ចលើការដឹកនាំរបស់បក្ស។ (រូបថត៖ VOV) |
ការលើកកម្ពស់កម្លាំងសាមគ្គីភាពក្នុងយុគសម័យថ្មី
ប្រទេសជាតិកំពុងឈរនៅចំពោះមុខឱកាសដ៏ធំធេងដើម្បីស្ទុះឈានទៅមុខ ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារបដិវត្តន៍ឧស្សាហកម្មលើកទីបួន ជាពិសេសបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ។ នៅក្នុងដំណើរនោះ ជំនឿជាក់របស់ប្រជាជនលើបក្សគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ដើម្បីថែរក្សា និងពង្រីកទ្រព្យសម្បត្តិនោះ បក្សត្រូវតែផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរ កែតម្រូវចំណុចខ្វះខាតដោយខ្លួនឯង ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមាន ព្រមទាំងកសាងបក្សឲ្យកាន់តែស្អាតស្អំ រឹងមាំ ដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធដូចសាច់ឈាមជាមួយប្រជាជនផងដែរ។
“ខ្ញុំជឿជាក់ថា សមមិត្តទាំងអស់នឹងដឹកនាំទូកបដិវត្តន៍របស់យើងឆ្ពោះទៅរកជ័យជម្នះកាន់តែធំធេង ដោយអនុវត្តន៍ដោយជោគជ័យនូវគោលនយោបាយ និងគោលមាគ៌ាដែលមហាសន្និបាតទូទាំងប្រទេសលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញ”។
“នៅឆ្នាំខាងមុខ ប្រទេសជាតិនឹងរីកចម្រើន ដោយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពីរខ្ទង់។ នេះគឺជាអ្វីៗដែលប្រជាជនរំពឹងទុកខ្លាំងណាស់។ ប្រជាជននឹងទទួលបានផល ពីការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់របស់ប្រទេសជាតិ។ យើងជឿជាក់ថា នាពេលខាងមុខ ជួរថ្នាក់ដឹកនាំថ្មីរបស់គណៈកម្មាធិការមជ្ឈិមបក្សនឹងយកកម្លាំង បញ្ញា និងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើបក្ស និងបម្រើប្រជាជន”។
នៅពេលដែលប្រជាជនជឿទុកចិត្តលើបក្ស ហើយបក្សបម្រើដើម្បីប្រជាជន នោះគឺជាកម្លាំងដែលមិនអាចប្រៀបផ្ទឹមបាន ដែលធានាថាប្រទេសជាតិនឹងយកឈ្នះលើការលំបាកទាំងអស់ និងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ៖ នៅឆ្នាំ ២០៣០ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; នៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
ជាមួយនឹងឫទ្ធានុភាពរបស់បក្ស និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ប្រទេសវៀតណាមមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នាចង់ឲ្យប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិប
តេយ្យ យុត្តិធម៌ និងអរិយធម៌នៅក្នុងយុគសម័យថ្មី៕