បញ្ហាប្រឈមសម្រាប់ WTO ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង
(VOVWORLD) - ស្ថានភាពវឹកវរនៅក្នុងទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោកនាប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែគោលនយោបាយពន្ធរបស់អាមេរិកបានចោទសំណួរអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឱកាសខួបលើកទី ៣០ ទិវាបង្កើតអង្គការនេះ (១៩៩៥-២០២៥)។
នាថ្ងៃទី ៩ មេសា នៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៃក្រុមប្រឹក្សា WTO សម្រាប់ពាណិជ្ជកម្មទំនិញ (CTG) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាង គណៈប្រតិភូមកពីប្រទេសចិន សហភាពអឺរ៉ុប (EU) ស្វីស កាណាដា និងប្រេស៊ីល បានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ WTO ក្នុងបរិបទដែលយន្តការពាណិជ្ជកម្មពហុភាគីកំពុងប្រឈមមុខនឹងហានិភ័យនៃការបំផ្លិចបំផ្លាញ។
ទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបថត៖ រូបភាព Getty/VNA |
សញ្ញាសួរជាមួយ WTO
ការអំពាវនាវពីបណ្តាប្រទេសសមាជិក WTO បានប្រព្រឹត្តិទៅនៅពេលដែលសេដ្ឋវិទូបានវាយតម្លៃថា ពាណិជ្ជកម្មសកលកំពុងជួបប្រទះវិបត្តិដ៏ធំបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២ ខែមេសា បានសម្រេចចិត្ត ដាក់ពន្ធគយបដិការ លើដៃគូសេដ្ឋកិច្ចជាង ១៨០ នៅជុំវិញពិភពលោក។ កាយវិការរបស់សហរដ្ឋអាមេរិកបានបង្កើតភាពវឹកវរនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកអស់រយៈពេលមួយសប្តាហ៍កន្លងទៅ និងបានជំរុញពិភពលោកឱ្យឈានទៅដល់គែមនៃជម្លោះពាណិជ្ជកម្មទូលំទូលាយ ខណៈដែលប្រទេសចិន សហភាពអឺរ៉ុប និងកាណាដាបានចាប់ផ្តើមវិធានការសងសឹក។ ទោះបីជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ១០ ខែមេសា បានផ្អាកការដំឡើងពន្ធគយបដិការរយៈពេល ៩០ ថ្ងៃដើម្បីធ្វើការចរចាជាមួយប្រទេសផ្សេងទៀតក៏ដោយ ក៏ហានិភ័យនៃជម្លោះពាណិជ្ជកម្មដែលនាំទៅដល់វិបត្តិសេដ្ឋកិច្ចពិភពលោកនៅតែមានកម្រិតខ្ពស់ ខណៈដែលអាមេរិក និងចិន នៅតែបង្កើនភាពតានតឹងជាមួយនឹងការដំឡើងពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក បានបណ្តាលឲ្យពាណិជ្ជកម្មទ្វេភាគីធ្លាក់ចូលភាពជាប់គាំង។
ភាពវឹកវរពាណិជ្ជកម្មដែលបានផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានចោទសំណួរទាំក់ទងនឹង WTO អំពីតួនាទីជាក់ស្តែងរបស់អង្គការនេះ ក្នុងការសម្របសម្រួលច្បាប់ពាណិជ្ជកម្មសកល និងអំពីការព្រួយបារម្ភថា តើអង្គការនេះមានអំណាចគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាណិជ្ជកម្មដែលកាន់តែស្មុគស្មាញនាបច្ចុប្បន្ននេះដែរឬទេ។ អតីតប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jose Manuel Barroso បានចាត់ទុកថា វិបត្តិនាបច្ចុប្បន្ន បានបញ្ជាក់ពីភាពចាំបាច់ ក្នុងការរក្សាអំណាចរបស់ WTO ។
“ថ្ងៃនេះ យើងមិនត្រូវការសង្គ្រាមពាណិជ្ជកម្មទេ។ យើងត្រូវជំរុញឲ្យប្រទេសធំៗរួមសហការគ្នា មិនត្រឹមតែជំរុញពាណិជ្ជកម្មបើកចំហប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញភាពរុងរឿងជាសកលទៀតផង។ WTO ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សេដ្ឋកិច្ចបើកចំហ ដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់"។
ឱកាសក្នុងបញ្ហាប្រឈម
អគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala ក៏បានចាត់ទុកថា ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន កំពុងបង្ហាញពីតម្លៃរបស់ WTO ដែលជាសសរស្តម្ភសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពិភពលោក ដោយផ្អែកលើច្បាប់ប្រកបដោយយុត្តិធម៌ និងតម្លាភាព ដែលបណ្តាប្រទេសសមាជិក WTO កំពុងស្វែងរក។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខ WTO ក៏បានសារភាពថា សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតមានការព្រួយបារម្ភដោយសមហេតុផលអំពី WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ដូច្នេះហើយ ក្នុងបរិបទនេះ WTO ត្រូវក្លាយជាវេទិកាអន្តរការីដែលគួរឱ្យទុកចិត្តបំផុត ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងសេដ្ឋកិច្ចនានា ហើយកែទម្រង់ WTO តាមទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព។
“ប្រហែលជាយើងអាចប្រើប្រាស់ក្តីកង្វល់នាបច្ចុប្បន្ន ដើម្បីផ្លាស់ប្តូរប្រព័ន្ធឱ្យកាន់តែប្រសើរជាង។ នេះជាឱកាសដ៏ល្អសម្រាប់សមាជិក WTO រួមសហការគ្នាដើម្បីការពារ ៧៤% នៃពាណិជ្ជកម្មទំនិញសកល នៅតែប្រតិបត្តិក្រោមបទបញ្ញាត្តិ ប្រទេសដែលទទួលបានការអនុគ្រោះបំផុត (MFN)" ។
ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយបញ្ហាសាក់ល្បងទៅជាឱកាស ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំ WTO លោក Saqer Abdullah Almogbel ប្រធានមហាសន្និបាត WTO បានឲ្យដឹងថា WTO និងប្រទេសជាសមាជិកកំពុងពិភាក្សាលើការកសាងយន្តការថ្មីយ៉ាងឆាប់រហ័សដើម្បីប្រែក្លាយ WTO ទៅជាអង្គការដ៏មានឥទ្ធិពលជាក់ស្តែង ក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរីជាសកលដោយផ្អែកលើច្បាប់។
“យើងខ្ញុំកំពុងចាប់ផ្តើមការពិគ្រោះយោបល់ភ្លាមមួយរំពិចនៅសប្តាហ៍នេះជាមួយនឹងគណៈប្រតិភូដែលមានការយកចិត្តទុកដាក់ ដើម្បីជួយសមាជិក WTO ពិចារណាពីរបៀបល្អបំផុតដើម្បីដោះស្រាយការវិវឌ្ឍន៍នាពេលថ្មីៗនេះ។ យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ដែលបណ្តាសមាជិកត្រូវជ្រើសរើសរវាងផ្លូវទាំងពីរ៖ បោះបង់ចោលផលប្រយោជន៍ដែល WTO នាំមកសម្រាប់វិបុលភាពជាសកល ឬបន្តកសាងដោយផ្អែកកេរ្តិ៍ដំណែលក្នុងរយៈពេល៣ ទសវត្សរ៍ នៃប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់ ដើម្បីឱ្យពិភពលោកកាន់តែប្រសើរឡើង”។
យោតាមតួលេខដែល WTO បានប្រកាសក្នុងសប្តាហ៍នេះ មុនពេលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនកើនឡើង អង្គការនេះបានសម្របសម្រួលប្រហែល ៨០% នៃពាណិជ្ជកម្មសកល ប៉ុន្តែតួលេខនោះ បានធ្លាក់ចុះមកត្រឹមប្រហែល ៧៥% ។ ប្រការនេះបានបង្ហាញថា WTO ត្រូវតែចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីការពារសេណារីយ៉ូកាន់តែអាក្រក់ជាង ព្រោះប្រសិនបើត្រូវបានបំបែកជាប្លុកចំនួនពីរ ប្រឈមមុខដាក់គ្នា នោះ GDP ពិតប្រាកដនៃសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះដល់ទៅ ៧% ក្នុងរយៈពេលវែង៕