(VOVWORLD) - ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធលើទំនិញនាំចេញរបស់វៀតណាម វៀតណាមមានការឆ្លើយតបប្រកបដោយភាពបត់បែននិងសមស្របជាច្រើន។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃទី ៤ មេសានោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីស្នើដំណោះស្រាយឲ្យបានសមស្រប និងទូលំទូលាយនៅគ្រប់វិស័យចាប់ពីនយោបាយរហូតដល់ការទូត និងសេដ្ឋកិច្ច ដើម្បីមានការឆ្លើយតបដ៏សមស្របទៅនឹងគោលនយោបាយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ស្ថាប័នតំណាងវៀតណាមនៅឯបរទេស សមាគមន៍ និងសហគ្រាស ដើម្បីឆ្លើយតបទៅនឹងស្ថានភាពពាណិជ្ជកម្មអន្តរជាតិថ្មី។ (រូបថត៖ VOV) |
ចាប់តាំងពីថ្ងៃទី ៣ ខែមេសាមក ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមបានអនុវត្តន៍កិច្ចប្រជុំ ជំនួបធ្វើការ កិច្ចសន្ទនាតាមទូរស័ព្ទជាច្រើន ដើម្បីពិភាក្សាពីដំណោះស្រាយឆ្លើយតបនឹងរបាំងពន្ធគយដែលអនុវត្តន៍ដោយរដ្ឋាភិបាលអាមេរិក ហើយធានានូវផលប្រយោជន៍សុខដុមរមនាសម្រាប់ភាគីទាំងពីរ។
ម្ចាស់ការអនុវត្តន៍ដំណោះស្រាយបន្ទាន់ជាច្រើន
វៀតណាមកំពុងឆ្ពោះទៅរកការចរចាអំពីបញ្ជីមុខទំនិញដែលត្រូវបានដាក់ពន្ធ ប្រកបដោយយុត្តិធម៌ សុខដុមរមនា និងមានប្រយោជន៍សម្រាប់ភាគីទាំងពីរ; ប្រើប្រាស់ទាំងវិធានការនយោបាយ ការទូត សេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម ឆ្លៀតយកសហគ្រាសក្នុងស្រុក និងបរទេស សហគ្រាសអាមេរិក និងសហគ្រាសដែលមានទុនវិនិយោគបរទេស (FDI) នៅវៀតណាម ដើម្បីមានដំណោះស្រាយចរចាឲ្យបានសមស្រប។
តាមនោះ ក្រសួង និងផ្នែកពាក់ព័ន្ធនីមួយៗ ត្រូវទទួលខុសត្រូវលើការងារជាក់លាក់។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តដឹកនាំការស្រាវជ្រាវយ៉ាងល្អិតល្អន់នូវគោលនយោបាយរបស់សហរដ្ឋអាមេរិក; ដឹកនាំនិងពិនិត្យលើការបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិកដែល
វៀតណាមមានតម្រូវការ និងមានប្រយោជន៍ក្នុងការនាំចូល; ពន្លឿនការចរចាដើម្បីលើកកំពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិក។
ក្រសួងហិរញ្ញវត្ថុបន្តពិនិត្យគោលនយោបាយពន្ធ និងពង្រីកគោលនយោបាយអនុគ្រោះពន្ធនាំចូល ស្របតាមកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ចំពោះស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យឯកអគ្គរដ្ឋទូត និងប្រធានតំណាងត្រូវតាមដានស្ថានភាពយ៉ាងដិតដល់; ស្នើដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជាពិសេសការតភ្ជាប់សហគ្រាស តភ្ជាប់សេដ្ឋកិច្ចទាំងពីរ តភ្ជាប់
វៀតណាមជាមួយតំបន់ តភ្ជាប់សហគ្រាសជាមួយសហគ្រាស ដើម្បីជួយវៀតណាមសម្របខ្លួនទៅនឹងស្ថានភាពថ្មី។
មុននោះ នាដើមខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចំណាយពេលជាង ៣ ម៉ោងដើម្បីស្តាប់មតិយោបល់របស់សាជីវកម្ម និងសហគ្រាសធំៗរបស់អាមេរិក។ ម៉្យាង វៀតណាមបានដោះស្រាយជាមូលដ្ឋាននូវបញ្ហាដែលភាគីអាមេរិកមានការយកចិត្តទុកដាក់ ជាពិសេសគឺម្ចាស់ការកាត់បន្ថយពន្ធនាំចូលចំនួន ២៣ ប្រភេទ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិកក្នុងការវិនិយោគ ធ្វើផលិតកម្ម និងអាជីវកម្មនៅវៀតណាម។ ម្យ៉ាងវិញទៀត ខិតខំប្រឹងប្រែងជំរុញតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសន្យាទិញទំនិញពីប្រទេសនេះផងដែរ។
កែទម្រង់និងបង្កើនកម្លាំងផ្ទៃក្នុង
ទន្ទឹមនឹងការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលវៀតណាមក៏បានបញ្ជាឱ្យពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញផងដែរ។ វៀតណាមនឹងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខាជាមួយនឹងស្មារតីនៃការធ្វើពិពិធកម្មទីផ្សារ ផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ ការកែលម្អគុណភាពទំនិញ ការជំរុញទីផ្សារប្រពៃណី និងការជ្រៀតចូលទីផ្សារសក្តានុពល។ ទន្ទឹមនឹងនោះ គឺជំរុញកំណើន សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង។ ល។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាសហគ្រាសបង្កើនការពន្លឿនពាណិជ្ជកម្ម សាមគ្គីគ្នា ពង្រីកទីផ្សារទៅកាន់មជ្ឈិមបូព៌ា អាស៊ីកណ្តាល អាហ្រ្វិក អាស៊ីឦសាន ដែលជាទីផ្សារសម្បូរទៅដោយសក្ដានុពល ប៉ុន្តែមិនទាន់ត្រូវបានធ្វើអាជីវកម្មដោយសក្តិសមនៅឡើយ... លើសពីនេះ ក្រសួង និងផ្នែកពាក់ព័ន្ធនានាគួរតែសិក្សា និងអនុវត្តន៍ការពង្រីកគោលនយោបាយទិដ្ឋាការ។
ក្នុងរយៈពេលវែង វៀតណាមនឹងលើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងនវានុវត្តន៍។ អញ្ជើញថ្លែងក្នុងសន្និសីទរបស់នាយករដ្ឋមន្ត្រីជាមួយក្រសួង ស្ថាប័ន ស្ថាប័នតំណាងវៀតណាមនៅបរទេស សមាគម និងសហគ្រាសនាថ្ងៃទី ៧ មេសា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើទស្សនៈអំពីការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៖
“សេដ្ឋកិច្ចរបស់យើងនៅតែជាសេដ្ឋកិច្ចអន្តរកាល។ ប្រទេសយើងនៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ ទំហំសេដ្ឋកិច្ចនៅមានកម្រិត។ ដូច្នេះ ការប្រែប្រួលទាំងអស់នោះក៏ជាឱកាសដែរ។ ទោះបីជាមានបញ្ហាប្រឈម និងការលំបាកក៏ដោយ ប៉ុន្តែនេះជាឱកាសដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជាឱកាសសម្រាប់យើងឈានឡើងកាន់តែខ្លាំងក្លា មានភាពខ្លួនទីពឹងខ្លួន និងភាពចាស់ទុំជាងមុន”។
កាយវិកាជាបន្ទាន់របស់វៀតណាមដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធគយរបស់អាមេរិក កំពុងផ្ញើសារថា វៀតណាមកំពុងខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីតាមទិសដៅផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសេដ្ឋកិច្ចសកល៕