(VOVWORLD) - អត្រាពន្ធទៅវិញទៅមកដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំប្រកាសកាលពីថ្ងៃទី ២ ខែមេសា សម្រាប់សេដ្ឋកិច្ចភាគច្រើនក្នុងពិភពលោក គ្រោងនឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ៩ ខែមេសា ម៉ោងនៅសហរដ្ឋអាមេរិក។ ក្នុងបរិបទដែលកើតមានឡើងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលដោយសារ តែការដំឡើងពន្ធ ពោលខាងលើ ប្រទេសជាច្រើនកំពុងព្យាយាមដំណើរការកិច្ចចរចា ជាមួយសហរដ្ឋ អាមេរិក ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។
យោងតាមការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់ចេញកាលពីថ្ងៃទី ២ ខែមេសា អត្រាពន្ធមូលដ្ឋាន ១០% របស់សហរដ្ឋអាមេរិកត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ៥ ខែមេសា និងនៅថ្ងៃទី ៩ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ពន្ធទៅវិញទៅមកចាប់ពី ២០ ទៅ ៥០% សម្រាប់ដៃគូសេដ្ឋកិច្ចទាំងអស់របស់អាមេរិក ដែលបានចូលជាធរមានជាផ្លូវការ។
កិច្ចខិតខំប្រឹងប្រែងចរចារយ៉ាងលំបាក
ចាប់តាំងពីបានប្រកាសនៅថ្ងៃទី ២ ខែមេសា គោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិកបានអង្រួនទីផ្សារហិរញ្ញវត្ថុពិភពលោក។ ទីផ្សារភាគហ៊ុនជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកបានកត់ត្រាការធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលអ្នកវិនិយោគព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មពិភពលោកទ្រង់ទ្រាយធំមួយ។ អត្រាពន្ធទាំងនេះក៏បានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនព្រមានថា វិបត្តិសេដ្ឋកិច្ចសកលអាចនឹងកើតមាននៅឆ្នាំនេះដែរ។ នៅក្នុងបរិបទនោះ ប្រទេសជាច្រើនបានសម្តែងសុច្ឆន្ទៈក្នុងការចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិក តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ យោងតាមតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer គិតត្រឹមថ្ងៃទី ៨ ខែមេសា មានប្រទេសនិងតំបន់ដែនដីប្រហែល ៧០ បានបង្ហាញពីបំណងចង់ចរចាជាមួយអាមេរិកលើបញ្ហាពន្ធ។ ចំណែកឯប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក៏បានបើកភ្លើងខៀវ នៅពេលប្រកាសកាលពីថ្ងៃទី ៧ ខែមេសាថា លោកតែងតែបើកចំហសម្រាប់ការចរចា ទោះបីជាលោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនបញ្ឈប់ការយកពន្ធថ្មីក៏ដោយ។
ដំណើរការកិច្ចចរចាជាមួយសហរដ្ឋអាមេរិកបច្ចុប្បន្នជាជម្រើសអាទិភាពសម្រាប់ប្រទេសនិងសម្ព័ន្ធភាពជាច្រើន។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ហើយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានត្រៀមខ្លួនរួចរាល់នូវដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបជាមួយលោកដូណាល់ត្រាំផ្ទាល់។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Cheong In Kyo បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៨ ខែមេសា ដើម្បីពិភាក្សាជាមួយដៃគូអាមេរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសេដ្ឋកិច្ចភាគច្រើនទទួលរងការយកពន្ធខ្ពស់ពីសហរដ្ឋអាមេរិក ការចរចានិងការសន្ទនាក៏ជាជម្រើសអាទិភាពនៅពេលនេះផងដែរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar ដែលកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះ បានប្រកាសថា អាស៊ាននឹងសាមគ្គីគ្នាដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិក៖
“អត្រាពន្ធទាំងនេះអាចបង្កគ្រោះថ្នាក់ដល់គ្រប់ភាគីទាំងអស់។ ដូច្នេះហើយ ឈរលើទំនាក់ទំនងការទូតទន់ភ្លន់ និងរាល់ការសន្យាដោយស្ងប់ស្ងាត់ ប្រការដែលខ្ញុំបានស្រុះចិត្តគំនិតជាមួយមេដឹកនាំអាស៊ាន យើងនឹងចូលរួមជាមួយសហការីអាស៊ាន និងមន្ត្រីរបស់យើងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចាប់ផ្តើមដំណើរការសន្ទនាជាមួយសហរដ្ឋអាមេរិក”។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកសង្កេតការណ៍ ការចរចានាពេលខាងមុខនឹងមិនមានលក្ខណៈសាមញ្ញនោះទេ ព្រោះ គោលដៅដែលអាជ្ញាធរសហរដ្ឋអាមេរិកដាល់ចេញនៅពេលដាក់ពន្ធគយទៅវិញទៅមកលើពិភពលោកទាំងមូលដូចជា៖ តុល្យភាពឱនភាពពាណិជ្ជកម្ម នាំយកផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ... នឹងចំណាយពេលច្រើន ហើយពិបាកអនុវត្តខ្លាំងណាស់។ ដូច្នេះ ប្រការសំខាន់គឺ ប្រទេសនានាត្រូវរៀបចំជម្រើសចរចា ក៏ដូចជាផែនការបម្រុងទុកក្នុងករណីបរាជ័យ។
ហានិភ័យនៅតែខ្ពស់
ទោះបីជាប្រទេសជាច្រើនផ្តល់អាទិភាពដំណើរការកិច្ចចរចាជាមួយរដ្ឋបាលអាមេរិកក៏ដោយ ប៉ុន្តែហានិភ័យកើតមានឡើងជម្លោះពាណិជ្ជកម្មសកលនៅតែមានកម្រិតខ្ពស់ ដែលមួយផ្នែកដោយសារភាពស្មុគស្មាញនៃការចរចា និងមួយផ្នែកទៀត ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិន។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួន (អត្រាពន្ធសរុបរហូតដល់ ៥៤%) កាលពីថ្ងៃទី ៤ ខែមេសា ចិនបានសម្រេចចិត្តដាក់ពន្ធ ៣៤% លើការនាំចេញទាំងអស់របស់សហរដ្ឋអាមេរិកចូលមកចិន។ ជាការឆ្លើយតបទៅនឹងការសងសឹករបស់ចិន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដាក់ពន្ធបន្ថែម ៥០% លើទំនិញរបស់ចិន។ ជាការឆ្លើយតបវិញ ចិនបានឲ្យដឹងថា ប្រសិនបើអាមេរិកនៅតែបន្តគោលនយោបាយនេះ ចិននឹងឆ្លើយតបដល់ទីបញ្ចប់។ អ្នកជំនាញ Rintaro Nishimura មកពីក្រុមហ៊ុនប្រឹក្សាយោបល់យុទ្ធសាស្ត្រ Asia គ្រុបបានអត្ថាធិប្បាយថា ស្ថានភាពតានតឹងបច្ចុប្បន្នរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរគឺស្រដៀងគ្នាទៅនឹងអំឡុងពេលអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ (២០១៦-២០២០) ហើយមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មពិភពលោក៖
“ខ្ញុំគិតថាសេណារីយ៉ូករណីដ៏ល្អបំផុតគឺថាអ្វីដែលកំពុងកើតឡើងគឺគ្រាន់តែជា ស្លឹកបៀរចរចារ ហើយក្នុងករណីចិន លោកប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានរដ្ឋលោក ស៊ី ជីនពីង ប្រហែលជាមានឱកាសអង្គុយពិភាក្សាជាមួយគ្នា និងដោះស្រាយបានរាល់បញ្ហា។ ប៉ុន្តែនៅពេលនេះ ទំនងជា ប្រការនេះមិនអាចកើតមានឡើងទាល់តែសោះ”។
ទន្ទឹមជាមួយនឹងការព្រួយបារម្ភអំពីការកើតមានឡើងជម្លោះពាណិជ្ជកម្មសកលក្នុងរយៈពេលខ្លី ដែលញាំងឲ្យមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម អ្នកសង្កេតការណ៍ក៏ចោទសួរអំពីទិសដៅចុងក្រោយនៃគោលនយោបាយពន្ធគយថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក។ លោកស្រី Arancha Gonzalez Laya នាយិការសាលាកិច្ចការអន្តរជាតិនៃសាលានយោបាយទីក្រុងប៉ារីស (Sciences Po Paris) បានឲ្យដឹងថា ប្រតិកម្មខ្លាំងៗពីទីផ្សារពិភពលោកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គឺជាការព្រមានថា គោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកកំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុ-រូបិយវត្ថុដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដែលសហរដ្ឋអាមេរិកជាសសរស្តម្ភ (ប្រព័ន្ធ Bretton Woods)៖
“យើងត្រូវតែធ្វើឱ្យប្រាកដថា យើងស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលផ្នែកនៅសល់របស់ពិភពលោកចង់បាន ពីព្រោះឥឡូវនេះ ផ្នែកនៅសល់នៃពិភពលោក មានតួនាទីយ៉ាងធំធេង ហើយចាំបាច់ត្រូវយកមកពិចារណា។ ទាក់ទងនឹងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ច្បាស់លាស់ថា សហរដ្ឋអាមេរិកមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែសហរដ្ឋអាមេរិកមិនមែនជាកត្តាតែមួយគត់នៅលើឆាកអន្តរជាតិនោះទេ”។
ការព្រមាននេះក៏ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងមេដឹកនាំនៃសាជីវកម្មធំៗជាច្រើននៅសហរដ្ឋអាមេរិកនាំចេញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ តាមនោះ គោលនយោបាយពន្ធថ្មីនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កំណើនសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកម្រិតនៃការជឿទុកចិត្តរបស់សហរដ្ឋអាមេរិក សម្រាប់ដៃគូជុំវិញពិភពលោកទៀតផង៕