បន្តថែ​រក្សានិង​ជំរុញ​ទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) - នាថ្ងៃទី២៨ ខែវិច្ឆិកា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម (ថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា) តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយអាស៊ី និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ “សម្រាប់ការអត់ឱន និងសន្តិភាព”។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីចំណងមិត្តភាព ការជឿទុកចិត្ត និងការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រកម្ពុជាចំពោះប្រទេសវៀតណាម។

នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ។

បន្តថែ​រក្សានិង​ជំរុញ​ទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1ប្រភព៖ chinphu.vn

ទំនាក់ទំនងត្រូវបានពូនជ្រុំ និងអភិវឌ្ឍតាមពេលវេលា

ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានពូនជ្រុំនិងអភិវឌ្ឍន៍តាមសម័យកាលប្រវត្តិសាស្ត្រ ដោយឈរលើមូលដ្ឋាននៃសាមគ្គីភាពដ៏ស្មោះត្រង់ និងបរិសុទ្ធ រវាងប្រជាជាតិទាំងពីរ។ ការពិតជាក់ស្តែងបានបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៥៧) ជានិច្ចកាលមានភាពជិតស្និទ្ធនិងរឹងមាំ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០០៥ មក ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ តាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង»។ ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បណ្តាក្រសួង ផ្នែក និងមូលដ្ឋាន បានសហប្រតិបត្តិការគ្នាក្នុងវេទិកាតំបន់ និងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាចំណុចភ្លឺ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងនៅកម្រិតខ្ពស់។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៥% ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។ មកទល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគចំនួន ២០៥ ដែលកំពុងអនុវត្តន៍នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងជាប្រទេសកំពូលទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា ហើយកម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ៧៩ ដែលវៀតណាមមានគម្រោងវិនិយោគ។ សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពសង្គមនិងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ គមនាគម-ដឹកជញ្ជូន វប្បធម៌-សង្គម-ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ត្រូវបានលើកកម្ពស់។

ប្រទេសទាំងពីរក៏បានសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការអនុតំបន់ តាមនោះ រួមចំណែកលើកកំពស់កិត្យានុភាព និងឋានៈរបស់ប្រទេសនីមួយៗនៅក្នុងតំបន់ និងលើពិភពលោក។

ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជា

នៅឆ្នាំ ២០២៤ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ មានកិច្ចប្រជុំនិងជំនួបប្រាស្រ័យដ៏សំខាន់ជាច្រើន។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ព្រះមហាក្សត្រ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា តែងតែសង្កត់ធ្ងន់ថា វៀតណាមគឺជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាមិនដែលបំភ្លេចការគាំទ្រនិងការឧបត្ថម្ភដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រាប់ប្រជាជនកម្ពុជាក្នុងបុព្វហេតុរំដោះប្រជាជាតិពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាសព្វថ្ងៃនេះ។

ក្នុងពេលនោះ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែអះអាងពីការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពូនជ្រុំនិងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ដោយលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន នាពេលថ្មីៗនេះ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា៖ “នៅក្នុងជំនួបជាន់ខ្ពស់ទាំងអស់ ថ្នាក់ដឹកនាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់វៀតណាម; បានចាត់ទុកថាទំនាក់ទំនងជិតស្និទិរវាងប្រជាជាតិទាំងពីរនៅប្រវត្តិសាស្ត្រនៃការអភិវឌ្ឍ ក៏ដូចជាការតស៊ូដណ្ដើមឯករាជ្យជាតិ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំត្រ និងការឧបត្ថម្ភរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមក្នុងបុព្វហេតុ តស៊ូផ្តួលរំលំរបបប៉ុលពត”។

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជា មកកាន់វៀតណាមលើកនេះ គឺជាការបន្តនៃដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២៤។ ចាប់តាំងពីការឡើងគ្រងរាជ្យរបស់ព្រះអង្គ (ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤) ព្រះបាទ នរោត្តម សីហមុនី បានយាងមកប្រទេសវៀតណាមចំនួន ៦ លើក។ ព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមលើកទី៧នេះ កាន់តែមានអត្ថន័យថែមទៀត នៅពេលដែលបានប្រព្រឹត្តទៅក្នុងឱកាសគម្រប់ខួប ២០ឆ្នាំ នៃការឡើងគ្រងរាជ្យ តាមនោះ បង្ហាញពីចំណងមិត្តភាព ការជឿទុកចិត្ត និងការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រកម្ពុជាចំពោះប្រទេសវៀតណាម។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ជំនួបនិងការផ្លាស់ប្តូរដោយផ្ទាល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិស ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។ ដូច្នេះ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី លើកនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ បន្តពូនជ្រុំ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ; តាមនោះ រួមចំណែកពង្រឹង ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ