ពិធីបុណ្យសែនខួបដូនតាស្ដេច Hung - ប្រភពដើមនៃកម្លាំងផែនមហាសាមគ្គីជាតិ

(VOVWORLD) - ក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ ពិធីបុណ្យសែនខួបដូនតាស្ដេច Hung តាំងពីមុនមក បានក្លាយទៅជានិមិត្តរូបវប្បធម៌ខាងជំនឿសាសនា ជាទីប្រមូលផ្ដុំ នៃស្មារតីមហាសាមគ្គីរបស់សហគមន៍បណ្ដាជនជាតិវៀតណាមទាំងមូល។ ទិវា បុណ្យសែនខួបដូនតាស្ដេច Hung ជាទិវាដែលប្រជាជនវៀតណាមម្នាក់ៗ ទោះជា រស់នៅក្នុងប្រទេសឬនៅឯបរទេសក្ដី ក៏សុទ្ធតែចងចាំជានិច្ច សំដៅរំលឹកគុណូបការៈរបស់ ជីដូនជីតា ក៏ដូចជាបង្ហាញនូវប្រពៃណីសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” ផងដែរ។
ពិធីបុណ្យសែនខួបដូនតាស្ដេច Hung - ប្រភពដើមនៃកម្លាំងផែនមហាសាមគ្គីជាតិ - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យសែនខួបស្ដេច Hung  

  ជាង១សតវត្សមុននេះ រាជវង្សស្ដេច Nguyen បានជ្រើសរើសជាផ្លូវការថ្ងៃទី១០ ខែទី២ តាមច័ន្គតិ ជារៀងរាល់ឆ្នាំជាថ្ងៃសែនខួបដូនតាស្ដេច Hung។ នាឆ្នាំ២០០៧ ច្បាប់ពលកម្ម វៀតណាម បានអនុញ្ញាតឲ្យពលករនៅលើទូទាំងប្រទេសបានសម្រាកពីការងារក្នុងថ្ងៃសែន ខួបដូនតាស្ដេច Hung នេះ។ ហើយពិសេសគឺ នាឆ្នាំ២០១២ នៅសម័យប្រជុំលើកទី៧ គណៈកម្មការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ២០០៣ស្ដីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី បានទទួលស្គាល់ជាផ្លូវការ ជំនឿសែនព្រេនស្ដេច Hung នៅខេត្ត Phu Tho ភាគខាងជើងវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សលោក។ តាំងពីនោះមក ទិវាបុណ្យសែនខួបដូនតាស្ដេច Hung មានអត្ថន័យកាន់តែធំធេងជាងមុន។ លោក Nguyen Dac Thuy នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Phu Tho បានអះអាងថា៖

“ជំនឿសែនព្រេនស្ដេច Hung ជាលក្ខណវប្បធម៌ដ៏ពិសេស ដែលមានអត្ថន័យអប់រំអំពីប្រភពដើម ស្មារតីមហាសាមគ្គីជាតិទាំងមូល ក៏ដូចជាតំលៃខាងវប្បធម៌ស្មារតីផ្សេងៗទៀតនៅខេត្ត Phu Tho និងក្នុងទូទាំងប្រទេសផងដែរ។ ជំនឿសែនព្រេនស្ដេច Hung នាំមកនូវតំលៃខាងស្មារតីដ៏ធំធេងណាស់ ដើម្បីលើកទឹកចិត្តឲ្យសហគមន៍បន្តអភិរក្ស ការពារ ថែរក្សាលក្ខណៈវប្បធម៌នេះ ពង្រីកស្មារតីមហាសាមគ្គីជាតិទាំងមូល ស្មារតីស្នេហាជាតិនិងតំលៃវប្បធម៌នានារបស់ប្រជាជនវៀតណាម”។

ទិវាសែនខួបស្ដេច Hung ជារៀងរាល់ឆ្នាំជាទិវាបុណ្យធំរបស់ប្រទេសជាតិ។ ប្រជាជន វៀតណាមម្នាក់ៗសុទ្ធតែចងចាំជានិច្ចនូវទិវាសែនខួបដូនតា ដោយសតិអារម្មណ៍ “ផឹកទឹកនឹកដល់ប្រភពដើម” ក៏ដូចជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់ជីដូនជីតាផងដែរ។ លោក Nguyen Van Toan ភ្ញៀវទេសចរខេត្ត Bac Giang មួយនាក់ដែលមកចូលរួមទិវាបុណ្យសែនព្រេនស្ដេច Hung ជាលើកដំបូង បានចែករំលែកថា៖

“ខ្ញុំអានក្នុងសៀវភៅជាច្រើនហើយ ប៉ុន្តែឥឡូវនេះទើបមានលក្ខណៈមកស្វែងយល់អំពីបណ្ដាស្ដេច Hung មកដល់ទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់មកទស្សនាហើយបានផ្ដែផ្ដាំថា “បណ្ដាស្ដេច Hung មានគុណស្ថាបនាប្រទេសជាតិ។ ទាងអ៊ុំនិងចៅៗយើងត្រូវរួមគ្នាការពារប្រទេសជាតិ”។ ជាកុលបុត្រវៀតណាមមួយនាក់ ទោះជាយ៉ាងណាក្ដី ក៏ត្រូវមកដល់វិហារ Hung ម្ដង ព្រោះថា នេះជាទីកន្លែងដែលប្រសូត្រឡើងប្រភពដើមរបស់ប្រជាជាតិវៀតណាម”។

តាំងពីមុនមក ប្រជាជនវៀតណាមជានិច្ចកាលមានទំនៀមទំលាប់សែនព្រេនលោកតាលោកយាយ ឪពុកម្ដាយ ជីដូនជីតា។ នោះគឺប្រពៃណីសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” គឺស្មារតីសាមគ្គីភាពនិងមោទនភាពជាតិ។ ដោយហេតុនេះ ទោះជារស់នៅក្នុងប្រទេសឬនៅឯបរទេសក្ដី ប៉ុន្តែប្រជាជនវៀតណាមម្នាក់ៗសុទ្ធតែអនុវត្តន៍ពិធីសែនព្រេនស្ដេច Hung ដែរ។ ក្នុងឱកាសទិវាបុណ្យសែនព្រេនស្ដេច Hung ឆ្នាំនេះ សហគមន៍ជន វៀតណាមនៅប្រទេសអឺរ៉ុបជាច្រើនបានបំផុសគម្រោងការណ៍ “ទិវាសែនខួបដូនតាជាតិ វៀតណាមលើទូទាំងពិភពលោក”។ ស្ដីពីការផ្ដួចផ្ដើមគំនិតនេះ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Phu Tho លោក Nguyen Dac Thuy បានចាត់ទុកថា៖

“នេះជាការផ្ដើមគំនិតគួរឲ្យអបអរ។ ជនរួមជាតិវៀតណាមនៅឯបរទែសគឺចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍បណ្ដាជនជាតិវៀតណាមបានឡើយ។ ទិវាសែនខួបដូនតាស្ដេច Hung ជាទិវាបុណ្យជាតិដែលត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការ។ ដូច្នេះហើយ ជនរួមជាតិវៀតណាមនៅឯបរទេសក៏អាចអនុវត្តន៍ពិធីសែនព្រេនស្ដេច Hung នៅប្រទេសដែលខ្លួនកំពុងរស់នៅ”។

ទិវាសែនខួបដូនតាស្ដេច Hung មិនត្រឹមតែសំដៅថែរក្សាតំលៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវអត្ថន័យដ៏ធំធេងក្នុងសម័យកាលថ្មីទៀតផង។ នោះគឺការអំពាវនាវឲ្យប្រជាជនទាំងមូលសាមគ្គីគ្នា ប្រទេសជាតិទាំងមូលរួមដៃគ្នាកសាងសង្គមប្រកបដោយសមភាព សប្បុរសធម៌ មានការទទួលខុសត្រូវចំពោះពាក្យទូន្មានរបស់ជីដូនជីតា ពង្រីកកម្លាំងពលំក្នុងការកសាងនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ