ភាពតានតឹងកើនឡើងរវាងឆ្នេរទាំងសង្ខាងនៃមហាសមុទ្រអាត្លង់ទិក

(VOVWORLD) - ភាពតានតឹងរវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងភាពប្រេះស្រាំដ៏ធ្ងន់ធ្ងរ ដែលទាក់ទងនឹងបញ្ហាជាច្រើន។ គោលនយោបាយពន្ធបដិការថ្មីដែលរដ្ឋបាលប្រធានាធិបតី Trump ប្រកាសនៅថ្ងៃទី ២ ខែមេសា បន្តជីកជ្រៅក្នុងវិវាទរវាងសម្ព័ន្ធមិត្តទាំងពីរដែលធ្លាប់តែមានភាពកក់ក្តៅអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រឈមមុខនឹងរដ្ឋបាលថ្មីរបស់លោក Trump ដែលកំពុងប្រកាន់ជំហររឹងរូស ថ្នាក់ដឹកនាំអឺរ៉ុបកំពុងវាយតម្លៃ និងកំណត់ឡើងវិញនូវកម្លាំងរបស់ប្លុកនៅក្នុងការប្រយុទ្ធរយៈពេលវែងនេះ។

រដ្ឋាករនិងយោធា

នៅក្នុងសារមួយដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមសង្គម Truth របស់ខ្លួន កាលពីខែមីនា លោកប្រធានាធិបតី Donald Trump បានហៅ EU ថា ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលវាយពន្ធនិងដាក់ពន្ធលើសលុបបំផុតនៅលើពិភពលោក។ ប្រធានាធិបតីអាមេរិកថែមទាំងបានបន្ថែមថា សហភាពអឺរ៉ុប "ត្រូវបានបង្កើតឡើងក្នុងគោលបំណងតែមួយគត់គឺការកេងប្រវ័ណ្ឌពីសហរដ្ឋអាមេរិកប៉ុណ្ណោះ"។ សេចក្តីប្រកាសនេះ គឺជាការរំលឹកថ្មីបំផុតដែលថាសង្រ្គាមពាណិជ្ជកម្មដែលបានចាប់ផ្តើមដោយរដ្ឋបាល Trump ២.០ ប្រឆាំងនឹងប្រទេសកាណាដា ចិន និងម៉ិកស៊ិក កំពុងរីករាលដាលដល់អឺរ៉ុប។ ជាក់ស្ដែង ការដំឡើងពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូមនាំចូល បានចូលជាធរមានជាផ្លូវការសម្រាប់សហភាពអឺរ៉ុបនៅថ្ងៃទី ១២ ខែមីនា។

មិនត្រឹមតែបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ រដ្ឋបាល Trump ២.០ ក៏បង្កហេតុចំពោះអធិបតេយ្យភាពដែនដីអឺរ៉ុបទៀតផង ដោយការគំរាមកំហែងរួមបញ្ចូល តំបន់ Greenland (ប្រទេសដាណឺម៉ាក)។ លោក Donald Trump គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលបង្ហាញជាសាធារណៈនូវចេតនាទាមទារយក Greenland មកឲ្យសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការជាច្រើន។ លោក Donald Trump សូម្បីតែបានប្រកាសថា លោកមិនច្រានចោលនូវសេណារីយ៉ូដែលសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមការកាន់កាប់កោះ Greenland នោះទេ។ សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មានការភ្ញាក់ផ្អើលនៅពេលដែលលោក Trump បានប្រកាសជាសាធារណៈអំពីចេតនារបស់លោក ក្នុងការទាមទារយកកោះ Greenland មកឲ្យសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកតាំងពីមុនមក បានសន្យាការពារសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសដាណឺម៉ាក និងកោះ Greenland ប៉ុន្តែឥឡូវនេះសហរដ្ឋអាមេរិកបែរជា កំពុងបង្កហេតុនិងគំរាមកំហែងជាសាធារណៈចំពោះសន្តិសុខ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសដាណឺម៉ាក និង Greenland ទៅវិញ។

ការទាញយកភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងសន្តិសុខរបស់អឺរ៉ុប ដោយប្រើប្រាស់ទាំងយោធា និងរដ្ឋាករជាអាវុធ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន គឺជាវិធីដែលរដ្ឋបាលអាមេរិកកំពុងអនុវត្តន៍ សំដៅបញ្ជាក់ពីឋានៈនិងអំណាចរបស់អាមេរិក។

អឺរ៉ុបត្រូវកំណត់កម្លាំងរបស់ខ្លួនឱ្យបានឆាប់

ក្នុងបរិបទនេះ របៀបដែល EU នឹងប្រើប្រាស់ដើម្បីរក្សាតុល្យភាពទំនាក់ទំនង រក្សាការចងសម្ព័ន្ធជាមួយអាមេរិក គួរសងសឹកដែរឬអត់ ពិតជាសំណួរដ៏ធំដែល EU ត្រូវតែស្វែងរកចម្លើយយ៉ាងប៉ិនប្រសប់។

ទីមួយ ត្រូវចោទសំណួរគឺថា តើអឺរ៉ុបពិតជាគួរតែគំរាមកំហែងតបតវិញដែរឬទេ ហើយបន្ទាប់មក តើគេនឹងចាត់វិធានការបែបណា ប្រសិនបើលោក Trump អនុវត្តន៍ការគំរាមកំហែងរបស់ខ្លួន។ ទាក់ទងនឹងរដ្ឋាករ ប្រទេសទាំងពីរនៅទ្វីបអាមេរិកគឺកាណាដា និងម៉ិកស៊ិកបានអនុវត្តន៍វិធានការកំញើញ រួមជាមួយនឹងសម្បទាន និងអនុគ្រោះ ប៉ុន្តែនៅតែប្រឈមមុខនឹងរបាំងពន្ធថ្មីគួរឲ្យកត់សម្គាល់។

ប្រឈមមុខនឹងការពិតនោះ អឺរ៉ុបចាំបាច់ត្រូវវាយតម្លៃឡើងវិញនូវកម្លាំងរបស់ខ្លួន និងប្រើប្រាស់វិធានការថ្មី។ ជាឧទាហរណ៍ ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI) ដែលចូលជាធរមានក្នុងខែធ្នូ ឆ្នាំ ២០២៣ អនុញ្ញាតឱ្យគណៈកម្មការអឺរ៉ុប អនុវត្តន៍វិធានការតបតនៅពេលដែលប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មិនមានប្រសិទ្ធភាព។ លើសពីនេះ EU ក៏អាចប្រើប្រាស់ស្តង់ដារកសិកម្ម និងបរិស្ថាន ដើម្បីរើសអើងផលិតផលអាមេរិកផងដែរ។

ក្រៅពីរដ្ឋាករ និងពាណិជ្ជកម្ម សហភាពអឺរ៉ុបអាចប្រើប្រាស់ "កាត" ផ្សេងទៀតទាក់ទងនឹងសេវាកម្ម កម្មសិទ្ធិបញ្ញា ឌីជីថល និងបច្ចេកវិទ្យា។ ឧទាហរណ៍ ច្បាប់ឌីជីថលថ្មីអនុញ្ញាតឱ្យសហភាពអឺរ៉ុបរឹតបន្តឹងសុហ្វវែរនិងផ្លាតហ្វមអនឡាញរបស់សហរដ្ឋអាមេរិក; បទប្បញ្ញត្តិការពារទិន្នន័យរួមរបស់ EU កំណត់គោលការណ៍ការពារនិងឯកជនភាពយ៉ាងតឹងរ៉ឹងលើដំណើរការដោះស្រាយនិងផ្ទេរទិន្នន័យ... ទន្ទឹមនឹងនោះ EU ចាំបាច់ត្រូវបង្កើនវិធានការគាំទ្រ ដូចជាការឧបត្ថម្ភធន និងកម្ចីការប្រាក់ទាប ដើម្បីជួយឧស្សាហកម្មយុទ្ធសាស្ត្រដែលងាយរងផលប៉ះពាល់ពីខាងក្រៅ បង្កើតប្រភពផ្គត់ផ្គង់ជំនួស និងធានាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ចុងក្រោយ កម្លាំងរបស់អឺរ៉ុបក្នុងយុគសម័យថ្មីនេះ អាស្រ័យលើសមត្ថភាពរបស់ប្លុកក្នុងការរួបរួមកម្លាំងជាធ្លុងមួយ។ ការរៀបចំវិធានការការពារដ៏រឹងមាំប្រឆាំងនឹងគោលនយោបាយអវិជ្ជមានរបស់សហរដ្ឋអាមេរិកអាចផ្តល់អត្ថប្រយោជន៍ដល់ស្ថិរភាពនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលវែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ