អង្គការសហប្រជាជាតិនិងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ
(VOVWORLD) - អង្គការសហប្រជាជាតិ (UN) ដែលជាអង្គការពហុភាគីដ៏សំខាន់បំផុតរបស់ភពផែនដី កំពុងជួបប្រទះនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ នៅពេលដែលកង្វះខាតថវិកាមិនត្រឹមតែប៉ះពាល់អវិជ្ជមានដល់ផែនការប្រតិបត្តិការសំខាន់ៗរបស់ UN ប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់តួនាទីរបស់អង្គការនេះនៅក្នុងសណ្តាប់
ធ្នាប់ពហុភាគីក្នុងបរិបទដែលពិភពលោកកំពុងមានអស្ថិរភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ REUTERS/Eduardo Munoz) |
នាថ្ងៃទី ៣១ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើលិខិតទៅកាន់ប្រទេសសមាជិកទាំង ១៩៣ ដោយព្រមានថា អង្គការនេះកំពុងប្រឈមមុខនឹងវិបត្តិសន្ទនិយភាពដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុនាពេលខាងមុខនេះ។
ការលំបាកផ្នែកថវិកា
យោងតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិក នឹងរួមវិភាគទានផ្នែកហិរញ្ញវត្ថុ អាស្រ័យលើទំហំសេដ្ឋកិច្ចរបស់ពួកគេ។ សហរដ្ឋអាមេរិក និងចិនរួមវិភាគទានរៀងៗខ្លួនចំនួន ២២% និង ២០% នៃថវិការបស់អង្គការនេះ។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អង្គការសហប្រជាជាតិបានប្រឈមមុខនឹងការលំបាកផ្នែកថវិកា ដោយសារតែប្រទេសសមាជិកមួយចំនួនមិនបង់វិភាគទានចាប់បង្ខំយ៉ាងពេញលេញ ឬបង់យ៉ាងយឺតយ៉ាវ។ ការលំបាកផ្នែកហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិកាន់តែធ្ងន់ធ្ងរ នៅពេលដែលរដ្ឋបាលអាមេរិកនាពេលថ្មីៗនេះ បានកាត់បន្ថយកញ្ចប់ហិរញ្ញប្បទានសម្រាប់ភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ហើយបដិសេធបង់វិភាគទានចាប់បង្ខំសម្រាប់ថវិកាជាប្រចាំ ក៏ដូចជាថវិការសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពផងដែរ។ ហេតុផលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងគឺថា ទោះបីជាអង្គការសហប្រជាជាតិ មានសក្តានុពលដ៏ធំធេងក៏ដោយ ក៏មិនទាន់បានបំពេញតួនាទីរបស់ខ្លួននៅឡើយទេ ហើយរបៀបវារៈមួយចំនួនរបស់អង្គការនេះ មិនសមស្របនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកដែរ។ ហេតុផលមួយទៀតគឺភាពស្មុគស្មាញនៃយន្តការចំណាយហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ តាមនោះអង្គការសហប្រជាជាតិ ត្រូវចំណាយថវិការយ៉ាងត្រឹមត្រូវលើភារកិច្ចដែលបានកំណត់ជាមុន។ ប្រសិនបើមិនដូច្នោះទេ អង្គការសហប្រជាជាតិត្រូវតែសងប្រាក់ដល់ប្រទេសជាសមាជិកវិញ ដោយមិនត្រូវបានអនុញ្ញាតឲ្យបែងចែកថវិកាទៅឱ្យភារកិច្ចផ្សេងទៀតឡើយ។ អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Hag បានមានប្រសាសន៍ថា៖
"ទោះបីជាប្រទេសជាសមាជិកជាង ១៥០ បានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិនៅតែបញ្ចប់ឆ្នាំ ដោយមិនទាន់ទទួលបានកញ្ចប់វិភាគទានចំនួន ១,៥៦ ពាន់លានដុល្លារពីបណ្ដាប្រទេសនៅសេសសល់ ដែលខ្ពស់ជាងទ្វេដងបើធៀបនឹងចំនួនទឹកប្រាក់ពីឆ្នាំមុន។ ដូច្នេះ លុះត្រាតែការរួមវិភាគទានទាំងនោះត្រូវបានសម្រេច ឬយើងមិនត្រូវសងទឹកប្រាក់ដែលមិនទាន់បានចំណាយ (ដោយសារតែមិនទទួលបានថវិកាគ្រប់គ្រាន់) យើងនឹងប្រឈមមុខនឹងហានិភ័យនៃការអស់សាច់ប្រាក់"។
ដើម្បីឆ្លើយតបទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីឆ្នាំមុន ក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-២០២៥) បានបង្កើតក្រុមឯកទេសមួយ ដែលមានឈ្មោះថា UN80 ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ បណ្ដាប្រទេសជាសមាជិក នៅពេលក្រោយមក បានយល់ព្រមកាត់បន្ថយថវិកាឆ្នាំ ២០២៦ ប្រហែល ៧% មកត្រឹម ៣,៤៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការលំបាកផ្នែកហិរញ្ញវត្ថុនៅតែអូសបន្លាយ ហើយអង្គការសហប្រជាជាតិអាចនឹងអស់សាច់ប្រាក់នៅខែកក្កដាខាងមុខ។
ហានិភ័យចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ
ការលំបាកផ្នែកហិរញ្ញវត្ថុកំពុងប៉ះពាល់ដល់គ្រប់វិស័យនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។ នៅ OHCHR ដោយសារតែថវិកាមានកម្រិត ទីភ្នាក់ងារនេះត្រូវកាត់បន្ថយបុគ្គលិក និងកាត់បន្ថយ ឬបញ្ចប់កម្មវិធីមួយចំនួននៅក្នុងប្រទេសជាច្រើន។ នៅឆ្នាំ ២០២៥ ចំនួនដំណើរទស្សនកិច្ចឃ្លាំមើលសិទ្ធិមនុស្សរបស់ទីភ្នាក់ងារនេះ បានថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)។ (រូបថត៖ Fabrice Coffrini/Pool via REUTERS) |
ក្នុងពេលជាមួយគ្នានោះ កាលពីឆ្នាំមុន WHO ក៏បានរៀបចំផែនការកាត់បន្ថយបុគ្គលិកយ៉ាងច្រើនក្នុងដំណាក់កាលខាងមុខផងដែរ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានឲ្យដឹងថា ថវិកាបើកប្រាក់បៀវត្សរ៍របស់ WHO សម្រាប់ដំណាក់កាល ២០២៦-២០២៧ នឹងខ្វះខាតប្រមាណ ៥៦០-៦៥០ លានដុល្លារអាមេរិក ដែលស្មើនឹងប្រហែល ២៥% នៃការចំណាយលើបុគ្គលិកសរុប នាបច្ចុប្បន្នរបស់អង្គការនេះ។ ក្រៅពីនោះ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នករួមវិភាគទានធំបំផុតដល់ថវិការបស់អង្គការសុខភាពពិភពលោក ដកខ្លួនចេញពីអង្គការនេះកាលពីដើមឆ្នាំនេះ ការខ្វះខាតថវិកាសរុបសម្រាប់ WHO ក្នុងរយៈពេលបីឆ្នាំខាងមុខ ត្រូវបានគេប៉ាន់ប្រមាណថា នឹងឡើងដល់ ២,៥ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះ WHO នឹងកាត់បន្ថយបុគ្គលិកយ៉ាងច្រើន ជាពិសេសនៅទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ព្រមទាំងបិទការិយាល័យតំបន់មួយចំនួនផងដែរ។
លោកស្រី Veronika Fikfak សាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ នៅសាកលវិទ្យាល័យឡុងដ៍ (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖
“ប្រទេសមួយចំនួនមិនបំពេញកាតព្វកិច្ចរួមវិភាគទានថវិកាដល់អង្គការសហប្រជាជាតិ។ មុននេះ ប្រទេសដទៃទៀតនឹងបំពេញចន្លោះប្រហោងនោះ ប៉ុន្តែក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំថ្មីៗនេះ យើងពិតជាបានឃើញវិបត្តិថវិកា ខណៈដែលប្រទេសធំៗបដិសេធមិនរួមវិភាគទានដោយសារហេតុផលមួយចំនួន។ អ្វីដែលកំពុងកើតឡើងនៅទីនេះគឺថា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារមួយចំនួនរបស់ខ្លួន មិនអាចបំពេញភារកិច្ច មិនអាចរៀបចំផែនការ ហើយមិនអាចចូលរួមក្នុងការពិភាក្សាជាយុទ្ធសាស្ត្របានឡើយ។ ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា មានយុទ្ធសាស្ត្រមួយដែលកំពុងកើតឡើង សំដៅធ្វើឲ្យស្ថាប័នដ៏ធំនិងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិមួយនេះ មានឋានៈកាន់តែតូចតាច និងមានប្រសិទ្ធភាពខ្សោយជាងមុន”។
នេះក៏ជាការវាយតម្លៃដែលត្រូវបានព្រមានដោយអ្នកជំនាញជាច្រើនផងដែរ។ តាមនោះ ប្រសិនបើបាតុភូត "មិនរួមវិភាគទាន" រីករាលដាលនៅក្នុងអង្គការសហប្រជាជាតិ អង្គការនេះនឹងកាន់តែចុះខ្សោយ ហើយមិនអាចទទួលបន្ទុកភារកិច្ចសំខាន់ៗទាក់ទងនឹងសន្តិភាព សន្តិសុខ និងវឌ្ឍនភាពសង្គមនៅលើពិភពលោកទៀតឡើយ។ សេណារីយ៉ូនេះនឹងបង្កហានិភ័យជាច្រើនដល់ប្រទេសនានា ខណៈពេលដែលពិភពលោកកំពុងមានការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ខ្លាំងបំផុតចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក៕