អាមេរិក-រុស្ស៊ីទម្លុះទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនង បើកស្ថានការណ៍ថ្មី

(VOVWORLD) - ទំនាក់ទំនងរុស្ស៊ី-អាមេរិកកំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ការដែលថ្ងៃទី ១៨ កុម្ភៈ មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរបានជួបចរចាគ្នាជាលើកដំបូងនៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) ចាប់តាំងពីជម្លោះផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ នោះ គឺជាចំណុចរបត់មួយ ដែលបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ហើយអាចជះឥទ្ធិពលខ្លាំងលើស្ថានភាពនយោបាយ និងសន្តិសុខអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ។

អាមេរិក-រុស្ស៊ីទម្លុះទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនង បើកស្ថានការណ៍ថ្មី - ảnh 1គណៈប្រតិភូអាមេរិកនិងរុស្ស៊ីជួបចរចាគ្នានៅវិមាន Diriyah ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែកុម្ភៈ។ រូបថត៖ Reuters

ត្រូវបានធ្វើឡើងមិនដល់មួយសប្តាហ៍បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកុម្ភៈរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កិច្ចចរចានៅទីក្រុង រីយ៉ាដ បានបង្ហាញថា ទាំងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការបន្តជំនួបប្រាស្រ័យដោយផ្ទាល់ ក្រោយពីស្ថានការណ៍ប្រឈមមុខដាក់គ្នាកម្រិតខ្ពស់រវាងប្រទេសទាំងពីរអស់រយៈពេលជាយូរមកហើយ។

ក្របខ័ណ្ឌទំនាក់ទំនងថ្មី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងសារដំបូងដែលបានផ្ញើរទៅកាន់កិច្ចចរចានោះថា ទាំងលោក និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការសន្ទនាគ្នានៅពេលដែលផលប្រយោជន៍ជាតិរបស់ភាគីនានាមិនចុះសម្រុងគ្នា ជាជាងការអនុញ្ញាតឱ្យការខ្វែងគំនិតគ្នាចេញហួសពីការគ្រប់គ្រង និងប្រែទៅជាការប្រឈមមុខដាក់គ្នា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយផងដែរថា ការជឿទុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីចាប់ផ្តើមអ្វីៗគ្រប់បែបយ៉ាង ហើយលោកបានចាកចេញពីកិច្ចប្រជុំនៅទីក្រុង រីយ៉ាដ ដោយមានជំនឿជាក់ថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីពិតជាមានចេតនាធ្ងន់ធ្ងរលើការជំរុញដំណើរការថ្មីមួយសម្រាប់ទំនាក់ទំនងទ្វេភាគី។ នេះក៏ជាទស្សនៈដែលទទួលបានការគាំទ្រដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរ។

“ដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញទាំងអស់ រួមទាំងការដោះស្រាយជម្លោះនៅអ៊ុយក្រែន គឺជាការបង្កើនទំនុកចិត្តរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ បើមិនដូច្នេះ នេះមិនអាចទៅរួចទេ។ គោលដៅនៃកិច្ចប្រជុំនេះគឺដើម្បីបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ។ ចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រុស្ស៊ីមិនដែលបដិសេធជួបជាមួយអឺរ៉ុប មិនដែលបដិសេធចរចាជាមួយអ៊ុយក្រែនឡើយ”។

អាមេរិក-រុស្ស៊ីទម្លុះទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនង បើកស្ថានការណ៍ថ្មី - ảnh 2រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Getty)

ភាគីទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនពីជំនួបលើកដំបូងនៅទីក្រុងរីយ៉ាដ។ លើវិស័យការទូត សហរដ្ឋអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ ព្រមទាំងបង្កើតបេសកកម្មការទូតទ្រង់ទ្រាយធំឡើងវិញ ក្រោយពីការបង្រួមអស់រយៈពេលច្រើនឆ្នាំ ដោយសារតែការសងសឹកខាងការទូត។ ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើតក្រុមចរចាដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ អាមេរិក និងរុស្ស៊ីក៏បានពិភាក្សាអំពីបញ្ហាជាច្រើនទៀតក្នុងទំនាក់ទំនងទ្វេភាគី ចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងថាមពលនៅតំបន់អាក់ទិក) រហូតដល់ភូមិសាស្ត្រនយោបាយ (ការសម្របសម្រួលទំនាក់ទំនងរវាងអាមេរិកជាមួយដៃគូសំខាន់ៗរបស់រុស្ស៊ី)... រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា នៅពេលដែលការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រង ភាគីទាំងពីរមានសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

“មានឱកាសដ៏អស្ចារ្យក្នុងការកសាងភាពជាដៃគូជាមួយរុស្ស៊ី ក្នុងបញ្ហាខាងភូមិសាស្ត្រនយោបាយដែលភាគីទាំងពីរមានផលប្រយោជន៍រួម និងលើវិស័យសេដ្ឋកិច្ចដែលអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយអាចកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលវែង”។

ការព្រួយបារម្ភរបស់អឺរ៉ុប

ការទម្លុះទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីរលើពិភពលោក បានទទួលប្រតិកម្មជាវិជ្ជមានពីភាគីជាច្រើន ជាពិសេសពីបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ដែលភាគច្រើនប្រកាន់ជំហរអព្យាក្រឹតចំពោះជម្លោះនៅអ៊ុយក្រែន ហើយតែងតែព្រួយបារម្ភថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិច ជុំវិញចំណុចក្តៅអ៊ុយក្រែន អាចហួសចេញពីការគ្រប់គ្រង ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់បណ្តាប្រទេសនៅអឺរ៉ុប ការដែលអាមេរិក និងរុស្ស៊ី ពន្លឿនការបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី បាននាំមកនូវការព្រួយបារម្ភជាច្រើន។ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែកុម្ភៈ បណ្តាប្រទេសអ៊ឺរ៉ុបបានបើកកិច្ចប្រជុំកំពូលខ្នាតតូចចំនួន ២ លើកជាប់គ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីប្រទេសកាណាដា ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលមិនមែនជាអឺរ៉ុប ដើម្បីកសាងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយថ្មី ដែលបណ្តាប្រទេសអឺរ៉ុបអាចនឹងបាត់បង់តួនាទីក្នុងការរៀបចំរចនាសម្ព័ន្ធសន្តិសុខនាពេលអនាគតនៅអឺរ៉ុប ហើយមិនអាចជះឥទ្ធិពលលើការដោះស្រាយជម្លោះអ៊ុយក្រែនបានឡើយ។ លោកស្រី Angela Stent អ្នកជំនាញស្រាវជ្រាវអ៊ឺរ៉ុបនៅវិទ្យាស្ថាន Brookings (អាមេរិក) បានធ្វើអត្ថាធិប្បាយថា៖

“រដ្ឋាភិបាលអឺរ៉ុបមួយចំនួនអាចជ្រើសរើស មិនជួបប្រាស្រ័យជាន់ខ្ពស់ជាមួយរុស្ស៊ី ប៉ុន្តែប្រការនេះនឹងកាន់តែពិបាកទៅៗ។ សំណួរដែលបានចោទសួរថា ប្រសិនបើអាមេរិកដកទណ្ឌកម្មលើរុស្ស៊ី តើអឺរ៉ុបអាចរក្សាទណ្ឌកម្មលើរុស្ស៊ីបានយូរប៉ុណ្ណា នៅពេលដែលចាប់ផ្តើមមានការពិភាក្សានៅអឺរ៉ុបអំពីការបន្តនាំចូលឧស្ម័នពីរុស្ស៊ីឡើងវិញ ខណៈដែលទំនាក់ទំនងរវាងភាគីទាំងពីរមានភាពប្រសើរឡើង? ខ្ញុំគិតថា វានឹងកាន់តែពិបាកសម្រាប់អឺរ៉ុបក្នុងការដាក់រុស្ស៊ីឱ្យនៅឯកោ”។

ដើម្បីទប់ទល់នឹងបរិបទមិនប្រាកដប្រជានាពេលបច្ចុប្បន្ន នៅដើមសប្តាហ៍ក្រោយ (ថ្ងៃទី ២៤ ខែកុម្ភៈ) ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងគោលដៅខ្ពស់បំផុតនោះគឺរក្សាបាននូវសសរស្តម្ភសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក នៅចំពោះមុខនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ