វិចិត្រករ យឿង វ៉ាន់ហុក - អ្នកនិទានរឿងតាមរយៈតុក្កតា
(VOVWORLD) - ផ្តើមចេញពីគ្រូរបាំ វិចិត្រករ យឿង វ៉ាន់ហុក បានលះបង់ជីវិតរបស់ខ្លួនសម្រាប់សិល្បៈតុក្កតា ដោយបង្កើតទម្រង់សិល្បៈតុក្កតា ទោល ដែលវិចិត្រករតែម្នាក់ឯងគ្រប់គ្រង សន្ទនា និងសម្តែងជាមួយតុក្កតា។ ក្នុងវ័យអាយុ ៨៤ ឆ្នាំ ប៉ុន្តែលោកនៅតែមានចំណង់ចំណូលចិត្តជាមួយការនិទានរឿងអំពីអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈតុក្កតា។
វិចិត្រករ យឿង វ៉ាន់ហុក ឧទ្ទេសនាមសិល្បៈតុក្កតាដល់ភ្ញៀវទេសចរ។ រូបថត៖ សារមន្ទីរហាណូយ |
វិចិត្រករ យឿង វ៉ាន់ហុក គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការបង្កើតទម្រង់សិល្បៈសម្តែងតុក្កតាទោល ដែលវិចិត្រករតែម្នាក់ឯងដើរតួក្នុងការគ្រប់គ្រង សន្ទនា និងនិទានរឿងដែលបង្ហាញអារម្មណ៍តាមរយៈតុក្កតា។ ស្នាដៃនីមួយៗ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទស្សនវិជ្ជាសាមញ្ញ ប៉ុន្តែជ្រាលជ្រៅនៃជីវិតផងដែរ។ ការសម្តែងដូចជា៖ ទូកនៅលើទន្លេ ការស្លាប់របស់ស្វាន ក្មេងស្រីឬពីងពាង... បានបញ្ជាក់ពីទេពកោសល្យ និងបុគ្គលិកលក្ខណៈច្នៃប្រឌិតពិសេសរបស់លោក។ វិចិត្រករ យឿង វ៉ាន់ហុក បាននិយាយថា៖ “សម្រាប់រូបខ្ញុំ តុក្កតាទាំងនោះគឺជាកូនរបស់ខ្ញុំផ្ទាល់អញ្ជឹង។ មួយណាខ្ញុំក៏ស្រឡាញ់ ដូចគ្នា ហើយការធ្វើវាមិនស្មុគស្មាញទេ។ ដោយមានជំនាញបន្តិចបន្តួច យើងអាចធ្វើ បានដែរ។ ប៉ុន្តែរឿងសំខាន់គឺត្រូវយល់ពីលក្ខណៈនៃសិល្បៈតុក្កតាគឺ៖ ភាពចម្លែក និងភាពសប្បាយរីករាយ។ ពោលគឺវាចម្លែកផង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាត្រូវតែសប្បាយផង។ នៅពេលមើលតុក្កតា មនុស្សកម្រយំណាស់ ពួកគេគ្រាន់តែសើច ជាពិសេសកុមារ។ ប្រសិនបើអ្នកយល់ពីលក្ខណៈជាមូលដ្ឋាន អ្នកអាចបង្កើតតុក្កតាដែលតែងតែគួរឱ្យអស់សំណើច និងតែងតែនៅជិតកុមារ នោះហើយ អ្នកនឹងទទួលបានជោគជ័យ”។
លោក ង្វៀន ទៀន ដា នាយកសារមន្ទីរហាណូយ ប្រគល់ផ្កាអបអរសាទរដល់វិចិត្រករ ឌឿង វ៉ាន់ ហុក នៅក្នុងពិធីបើកការតាំងពិព័រណ៍។ រូបថត៖ សារមន្ទីរហាណូយ |
ព្រឹត្តិការណ៍សំខាន់មួយនៅក្នុងអាជីពរបស់វិចិត្រករ យឿង វ៉ាន់ហុក គឺមហោស្រពតុក្កតាជាតិក្នុងឆ្នាំ ១៩៩៤ នៅពេលដែលលោកបានឈ្នះមេដាយមាសក្នុងប្រភេទទាំងបីគឺ៖ សិល្បករសម្តែងទោល អ្នកនិពន្ធ និងអ្នកដឹកនាំរឿង។ ភាពជោគជ័យនោះបាននាំគាត់ និងសិល្បៈតុក្កតាទោល វៀតណាមមកកាន់ពិភពលោក។ ចាប់តាំងពីពេលនោះមក លោកបានសម្តែងនៅក្នុងប្រទេសចំនួន ៤៥ ទទួលបានពានរង្វាន់ក្នុងស្រុក និងអន្តរជាតិជាច្រើន ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃល្ខោនតុក្កតា វៀតណាមដល់មិត្តភក្តិជុំវិញពិភពលោក ដែលជាសក្ខីភាពនៃភាពរស់រវើក និងសមត្ថភាពក្នុងការផ្លាស់ប្តូរ និងសម្របខ្លួននៃទម្រង់សិល្បៈប្រពៃណីនេះនៅក្នុងយុគសម័យថ្មី។ ការសម្តែងទោលជាច្រើនត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជននៅក្នុងប្រទេសដូចជា បារាំង រុស្ស៊ី កូរ៉េ ថៃ បែលហ្ស៊ិក ក្រិក ហូឡង់ជាដើម។ រហូតមកដល់ពេលនេះ លោកនៅតែមិនអាចបំភ្លេចអនុស្សាវរីយ៍ នៃដំណើរទស្សនកិច្ចទាំងនោះបាន។ វិចិត្រករ យឿង វ៉ាន់ហុក បានចែករំលែកថា៖ “ខ្ញុំជាអ្នករចនាក្បាច់រាំ ជាអ្នករាំផង ហើយខ្ញុំបានសិក្សា និងមើលសិល្បកររាំរបាំបាឡេសម្តែងរឿង “ការស្លាប់របស់ស្វាន” ខ្ញុំឃើញថាល្អណាស់ ហើយខ្ញុំបានបង្កើតតុក្កតាមួយ។ ពេលខ្ញុំសម្តែង ទស្សនិកជនមកពីបរទេសបានមកនិយាយថា ខ្ញុំបានមើលសិល្បកររបាំបាឡេសម្តែងដោយមិនយំ ប៉ុន្តែពេលខ្ញុំឃើញតុក្កតារបស់អ្នកសម្តែង ខ្ញុំយំ។ ពួកគេបានស្នើទិញវាក្នុងតម្លៃ ៥០០ ដុល្លារ ប៉ុន្តែខ្ញុំបាននិយាយថាទេ សិល្បករវៀតណាមយើងមិនលក់មិត្តភក្តិរបស់យើងទេ ហើយខ្ញុំភ្ជាប់ជាមួយវាដូចជាមិត្តភក្តិជិតស្និទ្ធអញ្ជឹង”។
តុក្កតាដែលបង្កើតឡើងដោយវិចិត្រករ ឌឿង វ៉ាន់ហុក។ រូបថត៖ សារមន្ទីរហាណូយ |
បន្ទាប់ពីធ្វើដំណើរចេញចូលប្រទេសជាច្រើនឆ្នាំជាមួយនឹងការសម្តែង សិល្បករ យឿង វ៉ាន់ហុក បានជ្រើសរើសទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ ជាកន្លែងសម្រាប់ស្នាក់នៅ។ នៅក្នុងផ្ទះរបស់ខ្លួន លោកបានទុកបន្ទប់មួយដែលមានទំហំប្រហែល ៤០ ម៉ែត្រការ៉េ ដើម្បីបង្កើតសារមន្ទីរតុក្កតាសហសម័យតែមួយគត់នៅវៀតណាម ដែលត្រូវបានគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ័រផ្តល់អាជ្ញាប័ណ្ណ។ សារមន្ទីរនេះដាក់តាំងតុក្កតាធំៗ និងតូចជាង ១២០ នៃប្រភេទផ្សេងៗគ្នា ហើយភាគច្រើនជាសត្វ និងរូបភាពនៃក្រុមជនជាតិវៀតណាម ដែលផលិតដោយសិល្បករ យ៉ង វ៉ាន់ហុក ផ្ទាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ និងត្រូវបានលោកសម្តែងនៅទូទាំងប្រទេស ក៏ដូចជានៅក្នុងប្រទេសចំនួន ៤៥ ជុំវិញពិភពលោក។ នៅចុងឆ្នាំ ២០២៤ សិល្បករ យឿង វ៉ាន់ហុក បានសម្រេចចិត្តបរិច្ចាគរូបតុក្កតាទាំងអស់ទៅសារមន្ទីរហាណូយ។ អ្នកស្រី ហ្វាម មី លីញ មគ្គុទ្ទេសក៍នៅសារមន្ទីរហាណូយ បាននិយាយថា៖ “ស្នាដៃណារបស់លោកក៏នាំមកនូវធាតុផ្សំប្រជាប្រិយ និងភាពច្នៃប្រឌិតទៅក្នុងស្នាដៃនោះ។ ខ្ញុំចូលចិត្តតុក្កតាអាណាព្យាបាលបំផុត។ វាកម្រនឹងឃើញតុក្កតាដែលមានទំហំធំ និងខ្ពស់ដល់ទៅ ៣ ម៉ែត្រ។ នៅពេលដែលគាត់ឈរនៅពីមុខតុក្កតានេះ គាត់រាំ និងរៀបរាប់រឿងរ៉ាវនៃភាពចលាចលក្នុងអារម្មណ៍។ មនុស្សមានពីរផ្នែក គឺល្អ និងអាក្រក់។ ស្នាដៃនេះមានលក្ខណៈសហសម័យណាស់។ ខ្ញុំមិនគិតថាជាង ៣០ ឆ្នាំមុនគាត់សម្តែងស្នាដៃសហសម័យបែបនេះទេ”។
វិចិត្រករ ឌឿង វ៉ាន់ហុក ឧទ្ទេសនាមអំពីរបៀបប្រតិបត្តិការតុក្កតា។ រូបថត៖ សារមន្ទីរហាណូយ |
ដើម្បីឆ្លើយតបទៅនឹងពិធីបុណ្យថាងឡុង - ហាណូយ ឆ្នាំ ២០២៥ (ថ្ងៃទី ១-១៦ ខែវិច្ឆិកា) សារមន្ទីរហាណូយបានដាក់តាំងបង្ហាញ និងណែនាំស្នាដៃគំរូជាង ៣០ ស្នាដៃតុក្កតា ដើម្បីឲ្យសាធារណជនដែលស្រឡាញ់សិល្បៈតុក្កតាប្រពៃណីអាចមើលឃើញដោយភ្នែកផ្ទាល់នូវតុក្កតាដែលពោរពេញទៅដោយពណ៌វប្បធម៌វៀតណាម។ លោកស្រី ង្វៀន ធីង៉ុកហ័រ នាយិកាមជ្ឈមណ្ឌលសម្របសម្រួលសកម្មភាពច្នៃប្រឌិតហាណូយ សារមន្ទីរហាណូយ បានឲ្យដឹងថា៖ “សិល្បករ យឿង វ៉ាន់ហុក គឺជាគំរូក្នុងការសម្តែងតុក្កតាទោល។ គាត់បានចូលរួមក្នុងមហោស្រពតុក្កតា បានសម្តែងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក និងឈ្នះពានរង្វាន់ជាច្រើន។ ស្នាដៃរបស់គាត់ត្រូវបាននិពន្ធ រចនា និងផលិតក្នុងរយៈពេលជាង ៤០ ឆ្នាំនៃអាជីពរបស់គាត់។ តុក្កតានីមួយៗមានរឿងរ៉ាវ បង្ហាញពីអត្ថន័យ និងមានភាពច្នៃប្រឌិតផ្ទាល់ខ្លួន។ ជាមួយនឹងលក្ខណៈពិសេសនោះ ជាមួយនឹងអត្តសញ្ញាណច្នៃប្រឌិតរបស់សិល្បករ យឿង វ៉ាន់ហុក យើងបានជ្រើសរើសស្នាដៃរបស់គាត់សម្រាប់បង្ហាញជូនទស្សនិកជន”។
តុក្កតា ដែលជាមិត្តភក្តិជិតស្និទ្ធរបស់សិល្បករយឿង វ៉ាន់ហុក នឹងបន្តរៀបរាប់រឿងរ៉ាវនៃការសម្តែងតុក្កតាតែមួយគត់របស់វៀតណាម និងពិភពលោក ហើយសិល្បកររូបនេះបានលះបង់សេចក្តីស្រឡាញ់ទាំងអស់របស់ខ្លួន សម្រាប់សិល្បៈប្រពៃណីនៃការសម្តែងតុក្កតាប្រពៃណី៕