ការតាំងពិព័រណ៍ “ធៀនក្វាង” (Thien Quang)៖ លើកតម្កើងគុណតម្លៃដ៏ថ្លៃថ្លានៃរបរសិប្បកម្មប្រពៃណី
(VOVWORLD) - ប៉ុន្មានថ្ងៃនេះ នៅមណ្ឌល Thai Hoc ស្ថិតនៅក្នុងកេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam កំពុងរៀបចំការតាំងពិព័រណ៍សិល្បៈសហសម័យដោយប្រធានបទ "ធៀនក្វាង" (Thien Quang)។ ការតាំងពិព័រណ៍នេះគឺជាការបន្តនៃស៊េរីគម្រោងសិល្បៈ "ស្លាកស្នាម Van Hien បុរាណ" ដែលមានការតាំងពិព័រណ៍ចំនួន ២ ក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣។ ការតាំងពិព័រណ៍ "Thien Quang" និទានរឿងអំពីពន្លឺរស្មីដ៏ពិសិដ្ឋនៃមេឃនិងភពដែលចែងចាំងបំភ្លឺរាជធានី Thang Long ដែលជាកន្លែងប្រមូលផ្ដុំនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងគុណតម្លៃដ៏ថ្លៃថ្លានៃរបរសិប្បកម្មប្រពៃណី នាំមកជូនសាធារណៈជននូវបទពិសោធន៍សិល្បៈគួរឱ្យចាប់អារម្មណ៍។
បើកការតាំងពិពណ៌ Thien Quang នៅមណ្ឌលអក្សរសាស្ត្រ Van Mieu។ (រូបថត៖ VOV) |
ការតាំងពិព័រណ៍ “Thien Quang” ប្រមូលផ្តុំនូវស្នាដៃដែលត្រូវបានបង្ហាញដោយវត្ថុធាតុប្រពៃណីដូចជា៖ ម្រ័ក្សណ៍ខ្មុក សូត្រ សេរ៉ាមិច ក្រដាស… រួមផ្សំជាមួយនឹងបច្ចេកទេសទំនើបដូចជា៖ ដែក អ៊ីណុក មីកា កញ្ចក់ អំពូលភ្លើង LED ទំនើបគ្រប់ប្រភេទ ជាមួយនឹងវត្ថុធាតុថ្នាំប្រេង acrylic និងវត្ថុធាតុសំយោគ។ ស្នាដៃបានផ្តោតលើការបង្កើតឡើងវិញនូវការអភិវឌ្ឍភូមិសិប្បកម្មដ៏ល្បីល្បាញដូចជា៖ របរចិញ្ចឹមដង្កូវនាង ត្បាញសូត្រ ជ្រលក់ពណ៌ របរប៉ាក់ដេរ; របរចាក់ពុម្ភសំរិទ្ធ ជាងដែក ជាងទងមាស ប្រាក់; របរជាងឈើធ្វើគ្រែ ទូ តុ កៅអី; របរម្រ័ក្សណ៍ខ្មុក របរធ្វើក្រដាសសក្ការៈ របរឆ្លាក់ត្រា របរដំឡើងទូក របរដាំផ្កា...របស់រាជធានី Thang Long បុរាណ។ ប្រការដ៏ពិសេសនោះគឺថា សិល្បៈករអាចច្នៃប្រឌិតដោយសេរីលើសម្ភារៈផ្សេងៗគ្នា ប៉ុន្តែនៅតែបង្ហាញពីភាពស្រស់ស្អាតបែបប្រពៃណីនៅក្នុងស្នាដៃនីមួយៗ ដែលត្រូវបានបង្ហាញតាមរយៈក្បូរក្បាច់រចនាដ៏រស់រវើក។ នេះក៏ជាអ្វីដែលធ្វើឱ្យអ្នកស្រី Nguyen Thi Duyen មានការចាប់អារម្មណ៍ពិសេស។
“ពេលខ្ញុំដើរចូលទៅក្នុង ខ្ញុំបានឃើញរូបភាពដែលត្រូវបានគូរលើថាសដែលមើលទៅដូចជា ថាសអាលុយមីញ៉ូម។ បន្ទាប់មកទៀតគឺកីតម្បាញ ហើយប្រព័ន្ធដូចជាភ្លើងព្យួរ និងអំពូល LED ប៉ុន្តែធ្វើពីវត្ថុធាតុផ្លាស្ទិច composite។ ខ្ញុំគិតថាវាពិតជាថ្មីថ្មោង និងច្នៃប្រឌិតគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ សិល្បៈពិតជាមានចំណុចថ្មីម៉ែន ប៉ុន្តែនៅតែរក្សាបាននូវសម្រស់បែបប្រពៃណី”។
ដូចទៅនឹងឈ្មោះ "Thien Quang" ដែលមានន័យថា "ពន្លឺនៃមេឃ" ការតាំងពិព័រណ៍មានការទាក់ទាញពិសេសដោយសារតែការសម្របសម្រួលដ៏ចុះសម្រុងគ្នារវាងសម្ភារៈដែលបង្កើតសិល្បៈដំឡើងនិងពន្លឺ។ ពន្លឺត្រូវបានប្រើប្រាស់ជាកត្តាស្នូល ដែលបង្កើតកន្លែងតាំងពិពណ៌ដោយសេរី និងបើកចំហ។ មកទស្សនាការតាំងពិព័រណ៌នេះ ទស្សនិកជន Pham Thanh Tuyen មានអារម្មណ៍ថា៖
“ខ្ញុំឃើញថា ការតាំងពិពណ៌ពិតជាអស្ចារ្យណាស់។ សិល្បៈករបានបញ្ចូលរូបរាងនិងពន្លឺចូលក្នុងស្នាដៃដែលបង្កើតឡើងភាពស្រស់ស្អាតនិងលក្ខណៈសិល្បៈខ្លាំងណាស់។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំ និងការបង្ហាញនៃសម្ភារៈ។ ភាពច្នៃប្រឌិតនៃស្នាដៃគឺល្អណាស់ អ្នកនិពន្ធនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន”។
ប្រជាជននិងភ្ញៀវមកទស្សនាការតាំងពិពណ៌។ (រូបថត៖ VOV) |
តាមរយៈការតាំងពិព័រណ៍ "Thien Quang" វិចិត្រកនានាមានបំណងចង់និទានរឿងអំពីពន្លឺដ៏ពិសិដ្ឋនៃឋានសួគ៌និងផែនដី ដែលចែងចាំងពន្លឺបំភ្លឺរាជធានី Thang Long រួមជាមួយនឹងរឿងរ៉ាវជុំវិញភូមិសិប្បកម្មនិងមុខរបរសិប្បកម្មប្រពៃណី។ ដោយមានគំនិតចង់លើកតម្កើងគុណធម៌របស់នារីវៀតណាម តាមរយៈនិមិត្តរូបទូកសូត្រ និងសម្បុកដង្កូវនាងពណ៌មាស សិល្បៈករពីររូបគឺ Phan Minh Bach និង Ha Pham បានសហការគ្នាបង្កើតស្នាដៃសិល្បៈមួយឈ្មោះថា “គុណធម៌-សូត្រមាស”។ សិល្បករ Phan Minh Bach បានចែករំលែកថា៖
“ស្នាដៃនេះត្រូវបានដាក់ឈ្មោះថា "គុណធម៌-សូត្រមាស" ដោយមានអត្ថន័យចំនួន ២។ គុណធម៌ គឺចង់និយាយអំពីភាពសង្វាត ឧស្សាហ៍ព្យាយាមធ្វើពលកម្ម និងគុណធម៌របស់នារីចំពោះមុខរបរដាំមន ចិញ្ចឹមដង្កូវនាង ត្បាញក្រណាត់ ទាញសសៃរហូតដល់ការត្បាញសូត្រ។ ពាក្យ "សូត្រមាស" នៅពីក្រោយ គឺចង់និយាយដល់តម្លៃនៃសូត្រប្រពៃណី។ ហើយស្នាដៃនេះត្រូវបានបង្ហាញលើទូកមួយដែលដឹកតាមទន្លេសូត្រ។ ទូកគឺជាកីតម្បាញដែលធ្វើដោយដៃទាំងស្រុង និងធ្វើពីម្រ័ក្សណ៍ខ្មុកប្រពៃណីវៀតណាម ដែលធ្វើដោយវិចិត្រករ Ha Pham”។
ក្នុងពេលជាមួយគ្នានោះ ស្ថាបត្យករ - ជាងចម្លាក់ Nguyen Truong Giang បានយកគំនិតពីការអភិវឌ្ឍដ៏ខ្លាំងក្លានៃភូមិសិប្បកម្មសេរ៉ាមិច ដើម្បីបង្កើតស្នាដៃ "ចង្កៀងគោមមេឃ"។ ស្នាដៃនេះ ត្រូវបានបង្កើតឡើងពីចង្កៀងគោមសេរ៉ាមិចតូចៗជាង ៤០ គ្រឿងដែលតភ្ជាប់គ្នាបង្កើតជារង្វង់គ្មានទីបញ្ចប់ ដែលមានចលនារលូនពីតាំងពីដើមរហូតដល់បញ្ចប់។ នេះគឺជាការបង្ហាញនូវពន្លឺធម្មជាតិនៃផ្ទៃមេឃតាមរយៈប្រតិបត្តិការរបស់ចក្រវាលជាមួយភពផែនដី ទាំងយប់ទាំងថ្ងៃ។ អ្នកនិពន្ធ Nguyen Truong Giang បានចែករំលែកថា៖
“ស្នាដៃមានឈ្មោះថា “គោមមេឃ” ដូច្នេះខ្ញុំផ្អែកលើរឿងនិទានអំពីប្រពៃណីវៀតណាម។ វៀតណាមមានដើមឫស្សីមួយរយកំណាត់ក្នុងរឿងនិទាន។ នោះក៏ជាគំនិតដែលខ្ញុំប្រើដើម្បីនិពន្ធ អភិវឌ្ឍន៍ស្នាដៃតាមរយៈកំពស់ និងជានិមិត្តរូបនៃអនាគត។ ដើមឬស្សីរាប់រយកំណាត់ ដូច្នេះវាអាចដុះលូតលាស់បានខ្ពស់ណាស់ ហើយអាចផ្សំជាមួយសម្ភារៈជាច្រើន ដើម្បីបង្ហាញពីរឿងរ៉ាវស្ដីពីពន្លឺ”។
ជាមួយនឹងស្នាដៃសិល្បៈដែលបង្ហាញពីមុខរបរសិប្បកម្មប្រពៃណីដ៏ល្បីល្បាញរបស់ រាជធានី Thang Long បុរាណ ការតាំងពិពណ៌បានទទួលជោគជ័យក្នុងការលើកតម្កើងភូមិសិប្បកម្មនានា ដែលបានបង្កើតឡើង "ផ្លូវសង្កាត់ចំនួន ៣៦" ដែលជានិមិត្តសញ្ញានៃ Thang Long ក្នុងប្រវត្តិសាស្ត្រ ១ ពាន់ឆ្នាំ។ តាមនោះ អប់រំយុវជនជំនាន់ក្រោយអំពីក្ដីស្រឡាញ់ចំពោះបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រ៕