ជនជាតិ Dao នៅខេត្ត Son La ថែរក្សាវប្បធម៌ប្រពៃណី

(VOVWORLD) - ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់សហគមន៍ជនជាតិ Dao នៅខេត្ត Son La កាន់តែត្រូវបានលើកស្ទួយ... ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនក៏សកម្មក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ដើម្បីឲ្យលក្ខណៈវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិខ្លួនមិនត្រូវសាបសូន្យទៅ។

ជនជាតិ Dao នៅខេត្ត Son La ថែរក្សាវប្បធម៌ប្រពៃណី - ảnh 1ប្រព័ន្ធអក្សរបុរាណដ៏ពិសេសត្រូវបានប្រើប្រាស់ក្នុងកំណត់ត្រាជាលាយលក្ខណ៍អក្សរអំពីប្រវត្តិសាស្ត្រ ជំនឿ និងពិធីប្រពៃណីរបស់ជនជាតិ Dao។ (រូបថត៖ Tran Long/VOV)

សិប្បករ Ban Van Duc មកពីភូមិ Suoi Lin ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានចំណាយពេលជាច្រើនឆ្នាំដើម្បីថែរក្សា និងអភិវឌ្ឍអក្សរ Nom Dao។ ចាប់ពីឆ្នាំ ២០១២ មក លោក Duc បានបើកថ្នាក់រៀនជិត ២០ ហើយបានបង្រៀនសិស្សជាង ៧០០ នាក់អំពីភាសា តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ រួមចំណែកជួយសហគមន៍ជនជាតិ Dao ចេះអក្សរសរសេរប្រពៃណី។ លោក Duc បាននិយាយថា បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពវប្បធម៌និងជំនឿ របស់ជនជាតិ Dao នោះគឺអក្សរ Nom Dao ជាប្រព័ន្ធអក្សរសរសេរបុរាណដ៏ពិសេសមួយដែលត្រូវបានប្រើប្រាស់ក្នុងកំណត់ត្រាជាលាយលក្ខណ៍អក្សរអំពីប្រវត្តិសាស្ត្រ ជំនឿ និងពិធីប្រពៃណីរបស់ជនជាតិ Dao៖

“ក្នុងនាមជាជនជាតិ Dao ខ្ញុំមានការយល់ដឹងអំពីប្រព័ន្ធអក្សរនេះ ហើយក្រោយៗមកអាចបង្រៀនជូនប្រជាជន ដែលពិតជាល្អណាស់។ ហើយខ្ញុំគិតថាយើងត្រូវតែបង្រៀនយុវជនឱ្យចេះនិយាយ និងរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao សម្រាប់អនាគត”។

ជនជាតិ Dao នៅខេត្ត Son La ថែរក្សាវប្បធម៌ប្រពៃណី - ảnh 2ការអភិរក្សវប្បធម៌ប្រពៃណី តាមរយៈក្រុមសិល្បៈភូមិ ឃុំ។ (រូបថត៖ Tran Long/VOV)

ចម្រៀង និងរបាំប្រជាប្រិយរបស់ជនជាតិ Dao ក៏ជាលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។ ចម្រៀង Pao Dung និងរបាំជួងប្រពៃណីបានដក់ជាប់ក្នុងព្រលឹងរបស់ជនជាតិ Dao យ៉ាងជ្រាលជ្រៅ ហើយក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីបុណ្យទាន បុណ្យអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍វប្បធម៌នានា។ លក្ខណៈវប្បធម៌ស្រស់ស្អាតនេះ ត្រូវបានប្រជាជន Dao ថែរក្សាជានិច្ច និងផ្សព្វផ្សាយតាមរយៈក្រុមសម្តែងសិល្បៈរបស់ភូមិឃុំ។ លោក Ban Van Phong នៅឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានចែករំលែកថា៖

“ខ្ញុំនិងប្រជាជនភូមិ Suoi Lin ស្រឡាញ់វប្បធម៌របស់ជនជាតិ Dao ខ្លាំងណាស់។ ពីរបាំ ច្រៀង និងអក្សររបស់ជនជាតិ យើងខ្ញុំខិតខំរៀន ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ”។

ក្រៅពីចម្រៀង និងរបាំប្រជាប្រិយ អ្វីដែលរួមចំណែកធ្វើឲ្យវប្បធម៌នៃខេត្ត Son La កាន់តែសម្បូរបែបថែមទៀតនោះ គឺពិធីបុណ្យរបស់ជនជាតិ Dao ក្រហម ដូចជា៖ ពិធីសែនព្រៃព្រឹក្សា ពិធីបុណ្យ Pung Hieng ឬពិធីផ្តល់ស័ក្តិ...។ ក្នុងនោះ កត្តាវប្បធម៌ប្រពៃណីភាគច្រើន ក៏ដូចជាទស្សនៈទានអំពីពិភពខាងវិញ្ញាណ ជំនឿសាសនា របៀបនៃការសម្តែងសិល្បៈប្រជាប្រិយ ទំនៀមទំលាប់អប់រំសហគមន៍ ... សុទ្ធតែត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់។ លោក Ly Trong Sinh នៅភូមិ Suoi Khem ឃុំ Phieng Luong ស្រុក Moc Chau បានឲ្យដឹងថា៖

“យើងខ្ញុំមានពិធីបុណ្យ Pung Hieng គឺធំបំផុត។ យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយនៅតែអភិរក្សពិធីបុណ្យនេះ។ ក្នុងពិធីបុណ្យនេះ យើងខ្ញុំបានបង្កើតឡើងវិញ និងបង្រៀនបទចម្រៀង របាំ Xoe រៀនលេងស្គរ និងគងដែលទាក់ទងនឹងវប្បធម៌ និងអត្តសញ្ញាណរបស់ជនជាតិ Dao”។

ក្នុងប៉ុន្មានឆ្នាំកន្លងមក កម្មវិធីជួយឧបត្ថម្ភជាច្រើនត្រូវបានខេត្ត Son La អនុវត្តន៍ដើម្បីអភិរក្សភាសា អក្សរ និងពិធីប្រពៃណីរបស់ជនជាតិ Dao។ លើសពីនេះ វិនិយោគ រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិក្ខាសាលាដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី។ សិប្បករប្រជាប្រិយត្រូវបានលើកទឹកចិត្តនិងគាំទ្រក្នុងការបង្រៀនអក្សរ ចម្រៀង និងរបាំប្រជាប្រិយដល់ជំនាន់វ័យក្មេង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្កើតបរិយាកាសអំណោយផលសម្រាប់តម្លៃវប្បធម៌របស់ជនជាតិ Dao ត្រូវបានអភិរក្សនិងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ Moc Chau មានពិធីបុណ្យចំនួន ១១ ដែលត្រូវបានកត់ត្រាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងនោះមានពិធីបុណ្យរួមចំនួន ៧ ដែលរៀបចំឡើងជាមួយខេត្ត Son La និងពិធីបុណ្យដោយឡែករបស់ Moc Chau ចំនួន៤។ ពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទាំងនោះគឺជាពិធីបុណ្យពិសេសរបស់បងប្អូនជនជាតិ Dao Tien។ ដោយផ្អែកលើអ្វីដែលប្រជាជនមានស្រាប់ យើងខ្ញុំនឹងជួយឧបត្ថម្ភប្រជាជន ដើម្បីបន្តស្តារ និងបង្កើតឡើងវិញ ដើម្បីឲ្យពួកគេមានមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ហើយអាចអភិរក្ស អភិវឌ្ឍន៍ និងរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ”។

ការថែរក្សានិងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិ Dao បានរួមចំណែកលើកកំពស់ជីវភាពខាងវប្បធម៌ស្មារតី ធ្វើឲ្យអត្តសញ្ញាណវប្បធម៌មានភាពសម្បូរបែប ក៏ដូចជាកសាងភូមិឃុំឲ្យកាន់តែស្រស់ស្អាត និងស៊ីវិល័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ