ស្វែងយល់វប្បធម៌ Binh Dinh ជាមួយនឹង “ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន”

(VOVWORLD) - នាដើមខែឧសភាកន្លងទៅ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្ត Binh Dinh ចំនួន ១០០ នាក់ បានទទួលយកបទពិសោធន៍ជិះរថភ្លើងដោយមានឈ្មោះថា “ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន”។ 

ដំណើរដ៏វិសេសវិសាលនេះបាននាំភ្ញៀវទេសចរទៅគយគន់ភាពស្រស់ស្អាតនៃវប្បធម៌ ម្ហូបអាហារ និងសិល្បៈប្រជាប្រិយក្នុងមូលដ្ឋាននៅលើផ្លូវរថភ្លើងដ៏អាឡោះអាល័យរវាងទីក្រុង Quy Nhon និងទីរួមស្រុក Dieu Tri ខេត្ត Binh Dinh។

Binh Dinh ជាមូលដ្ឋានដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ ក្រៅពីប្រព័ន្ធកេរ្តិ៍ដំណែលទាក់ទងនឹងវប្បធម៌ Sa Huynh ស្ថាបត្យកម្មប្រាសាទចំប៉ានោះ ... Binh Dinh ក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនដូចជា៖ ក្បាច់គុនបុរាណ ការច្រៀង bai choiប្រជាប្រិយ ពិធីបុណ្យ ភូមិសិប្បកម្មប្រពៃណី និងមុខម្ហូបដែលមានរសជាតិពិសេសទៀតផង។ នេះគឺជាសក្តានុពលដើម្បីធ្វើអាជីវកម្មផលិតផលទេសចរណ៍វប្បធម៌។

ស្វែងយល់វប្បធម៌ Binh Dinh ជាមួយនឹង “ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន” - ảnh 1ភ្ញៀវទេសចរនៅលើរថភ្លើង "ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន"។
(រូបថត៖ Thanh Thang/VOV)

រថភ្លើង "ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន" ដែលចាប់ផ្ដើមពីស្ថានីយ៍ Quy Nhon (ទីក្រុង Quy Nhon) ទៅស្ថានីយ៍ Dieu Tri (ស្រុក Tuy Phuoc) ប្រៀបដូចជា "សារមន្ទីរចល័ត" មួយ ដែលនាំវប្បធម៌កាន់តែខិតជិតដល់សាធារណជន។

ស្វែងយល់វប្បធម៌ Binh Dinh ជាមួយនឹង “ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន” - ảnh 2ភ្ញៀវទេសចរមកទស្សនា ស្ពាន Luat Le។ (រូបថត៖ VOV)

ភ្ញៀវទេសចរ ជាពិសេសអ្នកដែលអញ្ជើញមកដល់ Binh Dinh ជាលើកដំបូង មានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ប្រចាំតំបន់ តាមរយៈការណែនាំរបស់មគ្គុទ្ទេសក៍ទេសចរណ៍។ រថភ្លើងពិសេសនេះមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាទម្រង់ឃោសនាដ៏រស់រវើក ដោយនាំយកចំណេះដឹងវប្បធម៌ពីសៀវភៅទៅជាបទពិសោធន៍ជាក់ស្តែង ដែលងាយទទួលយកនិងងាយចងចាំ។ ក្នុងអំឡុងពេលធ្វើដំណើរ ភ្ញៀវទេសចរឈប់សម្រាកនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដូចជា ប្រាសាទ Banh It និងស្ពាន Luat Le ដែលជាទីកន្លែងតំណាងឱ្យបេតិកភណ្ឌវប្បធម៌ចំប៉ា និងប្រវត្តិសាស្ត្រដ៏យូរលង់នៃទឹកដីនេះ។ លោកស្រី Nguyen Thi Kim Chung នាយិការងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Dinh បានឲ្យដឹងថា៖

“ក្រៅពីការទៅទស្សនាកេរ្តិ៍ដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រ ភ្ញៀវទេសចរក៏ត្រូវបានណែនាំព័ត៌មានវប្បធម៌ និងប្រវត្តិសាស្ត្រនៅតាមដំណើរផងដែរ។ ប្រការនេះធ្វើឱ្យវាមានភាពខុសប្លែកគ្នាបើធៀបនឹងការធ្វើដំណើរតាមផ្លូវគោកឬផ្លូវអាកាស”។

រថភ្លើងពិសេសទៅកាន់ទឹកដីនៃក្បាច់គុន បានក្លាយជាលំហដ៏រស់រវើក ដែលក្នុងនោះវប្បធម៌ដ៏វិសេសវិសាលរបស់ Binh Dinh ដូចជា៖ ក្បាច់គុនបុរាណ ការសម្តែងសិល្បៈ bai choi ប្រជាប្រិយ ល្ខោន tuong និងការច្រៀង boi... ត្រូវបានបង្ហាញយ៉ាងរស់រវើកនិងជិតស្និទ្ធជាមួយទស្សនិកជន។

ទន្ទឹមនឹងនោះ មុខម្ហូបពិសេសៗដែលកែច្នៃពីគ្រឿងផ្សំប្រចាំស្រុក និងផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ក៏ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដែលរថភ្លើងនាំមកជូនភ្ញៀវទេសចរផងដែរ។ នៅលើរថភ្លើងវប្បធម៌នេះ ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់បន្ថែមអំពីរបរសិប្បកម្មប្រពៃណី ដូចជា៖ ការត្បាញចរបាប់ ការស្មូនគ្រឿងសេរ៉ាមិក ឬផលិតផលសិប្បកម្មផ្សេងៗទៀតរបស់ប្រជាជន Binh Dinh។

“នេះជាលើកទីមួយហើយដែលខ្ញុំបានមកដល់ខេត្ត Binh Dinh ហើយបានទទួលយកបទពិសោធន៍វប្បធម៌តាមរបៀបនេះ។ វា គួរឱ្យចាប់អារម្មណ៍និងចម្លែកណាស់។ ខ្ញុំពិតជាចូលចិត្តគំរូនេះ”។

“នេះជាលើកទី២ហើយ ដែលខ្ញុំបានមកដល់ខេត្ត Binh Dinh ប៉ុន្តែជាលើកទីមួយ ដែលខ្ញុំជិះរថភ្លើង “ដំណើរវប្បធម៌ទៅកាន់ទឹកដីនៃក្បាច់គុន” នេះ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបអាហារ មនុស្ស និងទេសភាពដ៏ស្រស់ស្អាតនៅ Quy Nhon។ នៅលើរថភ្លើង ខ្ញុំបានទទួលទាននំពិសេសមួយប្រភេទក្នុងស្រុក ហើយឃើញថាវាឆ្ងាញ់ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់”។

បន្ទាប់ពីដំណើរការសាកល្បងនៃរថភ្លើង “ដំណើរវប្បធម៌ទៅកាន់ទឹកដីក្បាច់គុន” ខេត្ត Binh Dinh នឹងស្រាវជ្រាវនិងវាយតម្លៃដើម្បីបន្តអនុវត្តន៍វិធីសាស្ត្រនេះ។ រថភ្លើង “ដំណើរវប្បធម៌ទៅកាន់ទឹកដីក្បាច់គុន” នឹងក្លាយទៅជាផ្នែកសំខាន់មួយនៃផលិតផលទេសចរណ៍វប្បធម៌ Binh Dinh បង្កើតការតភ្ជាប់រវាងបទពិសោធន៍ធ្វើដំណើរ និងតម្លៃវប្បធម៌ពិតប្រាកដនៃទឹកដីក្បាច់គុន ក៏ដូចជាជួយផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញផងដែរ។

វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍នៅ Binh Dinh។ ទេសចរណ៍វប្បធម៌មិនត្រឹមតែជួយឧទ្ទេសនាមអំពីតម្លៃវប្បធម៌ Binh Dinh ដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដល់ការអភិរក្សបេតិកភណ្ឌ ការស្ដារពិធីបុណ្យឡើងវិញ និងការអភិរក្សរបរសិប្បកម្មប្រពៃណីផងដែរ។ នាបច្ចុប្បន្ន Binh Dinh បានម្ចាស់ការនិងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការរួមបញ្ចូលវប្បធម៌ទៅក្នុងផលិតផលទេសចរណ៍ បង្កើតភាពខុសប្លែកនិងលើកកំពស់តម្លៃប្រកបដោយនិរន្តរភាពសម្រាប់ផ្នែកទេសចរណ៍នៃមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ