(VOVWORLD) - ដោយមានគោលនយោបាយនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយមិនថ្នូរនឹងបរិស្ថាន ហេតុដូច្នេះ ជាច្រើនឆ្នាំកន្លងមកនេះ ខេត្ត Ba Ria - Vung Tau បានទាក់ទាញការវិនិយោគជាច្រើន ជាពិសេសធានាបាននូវបរិស្ថាន។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៤ ខេត្ត Ba Ria-Vung Tau បានទាក់ទាញគម្រោងវិនិយោគថ្មីចំនួន ៥៧ គម្រោង ជាមួយនឹងទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង ២ ដងធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ថា គម្រោងវិនិយោគថ្មីៗនៅក្នុងសួនឧស្សាហកម្មក្នុងខេត្តសុទ្ធតែបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដោយធានាសមស្របទៅនឹងគោលដៅអភិវឌ្ឍន៍របស់ខេត្ត និងមិនបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។ លោក Nguyen Cong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “គោលដៅរបស់ Ba Ria Vung Tau គឺអភិវឌ្ឍន៍ឧស្សាហកម្មទំនើប ជឿនលឿន ស្និទ្ធិស្នាលជាមួយបរិស្ថាន ធានា NetZero នៅឆ្នាំ ២០៥០ ដូចដែលរដ្ឋាភិបាលបានកំណត់។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ ជាពិសេសជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏ល្អ និងមានគុណសម្បត្តិជាច្រើន Ba Ria Vung Tau គឺជាជម្រើសរបស់អ្នកវិនិយោគ”។
ជ្រុងមួយនៃមណ្ឌលឧស្សាហកម្មឯកទេស Phu My ៣ សង្កាត់ Phuoc Hoa ទីរួមស្រុក Phu My ខេត្ត Ba Ria-Vung Tau។ រូបថត៖ Hong Dat/TTXVN |
ចាប់ពីដើមឆ្នាំនេះ អ្នកវិនិយោគធំមួយបានមកបណ្តាក់ទុននៅខេត្ត Ba Ria-Vung Tau។ នោះគឺជាគម្រោងផលិតកម្ម HVO របស់សម្ព័ន្ធក្រុមហ៊ុន Hyosung គ្រុប (កូរ៉េខាងត្បូង) ដែលមានទុនវិនិយោគជិត ៤០០ លានដុល្លារអាមេរិក ដែលនាំឱ្យចំនួនគម្រោងសរុបរបស់អ្នកវិនិយោគនេះនៅ Ba Ria-Vung Tau ឈានដល់គម្រោងទី ៣ ជាមួយនឹងដើមទុនសរុបបន្ថែម ជាង ១,៦៦ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះផ្តោតលើការផលិតប្រេងម៉ាស៊ូតកកើតឡើងវិញ ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព តាមរយៈដំណើរចម្រាញ់ប្រេងនិងខ្លាញ់ពីកាតាលីករអ៊ីដ្រូសែន កាត់បន្ថយការបញ្ចេញកាបូនពី ៧៣-៨៤% បើប្រៀបធៀបទៅនឹងឥន្ធនៈធម្មតា។
នេះគឺជាគម្រោងវិនិយោគថ្មីមួយក្នុងចំណោមគម្រោងវិនិយោគថ្មីចំនួន ៥៧ ក្នុងឆ្នាំនេះ ដែលខេត្ត Ba Ria-Vung Tau មានបំណងអនុវត្តក្នុងទិសដៅទាក់ទាញការវិនិយោគ
ដោយមានជម្រើស ភាពស្និទ្ធស្នាលនឹងបរិស្ថាន ជំរុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញដែលផ្សាភ្ជាប់ជាមួយនឹងការការពារបរិស្ថាន។ លោក Le Ngoc Linh ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងផែនការសួនឧស្សាហកម្មរបស់ខេត្តគឺការកែសម្រួលឧស្សាហកម្មសម្រាប់ទាក់ទាញការវិនិយោគ។
“ក្នុងការទាក់ទាញការវិនិយោគ ខេត្ត Ba Ria - Vung Tau តែងតែរក្សានូវទស្សនៈស្របគ្នាគឺការទាក់ទាញដោយមានជម្រើស ពោលគឺជ្រើសរើសគម្រោងខ្នាតធំជាមួយនឹងបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន និងមិនពឹងផ្អែកលើកម្លាំងពលកម្ម។ អាជ្ញាធរប្តេជ្ញាចិត្តជានិច្ចក្នុងការរួមដំណើរជាមួយធុរកិច្ចក្នុងនិងក្រៅប្រទេស ដើម្បីធានាថា អ្នកវិនិយោគសម្រេចបានលទ្ធផលល្អបំផុត”។
តាមរយៈការផ្លាស់ប្តូរទិសដៅទាក់ទាញការវិនិយោគ FDI ពី "បរិមាណ" ទៅជា "គុណភាព" ដោយមានជម្រើស Ba Ria-Vung Tau កំពុងសម្រេចបានបន្តិចម្តងៗ នូវគោលដៅនៃកំណើនបៃតងនិរន្តរភាព។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ សាខា និងមូលដ្ឋាន ជាមួយនឹងការប្រកាន់ខ្ជាប់ខ្ជួននូវការទាក់ទាញការវិនិយោគដោយមានជម្រើស ខេត្ត Ba Ria-Vung Tau កំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហ៍កម្មបៃតង ដូចជា សម្ព័ន្ធគីមីឥន្ធនៈ Long Son ឬ LNG Thi Vai ជាដើម។ សួនឧស្សាហកម្មឯកទេស Phu My ៣ បច្ចុប្បន្នបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់តំបន់ទីក្រុងអេកូឡូស៊ី សួនឧស្សាហកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ។ លទ្ធផលជាវិជ្ជមានដែលខេត្ត Ba Ria-Vung Tau សម្រេចបាន ដោយសារការស្រុះចិត្តគំនិតគ្នាក្នុងការអនុវត្តរបស់អង្គភាពអាជីវកម្ម។ លោកស្រី Nguyen Thi Thao Nhi អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនរួម Thanh Binh Phu My បានឲ្យដឹងថា៖ “បញ្ហារក្សានិរន្តរភាពសម្រាប់បរិស្ថាន ត្រូវបានថ្នាក់ដឹកនាំខេត្តកំណត់ជាភារកិច្ច ដើម្បីសុខដុមរមនារាល់ផលប្រយោជន៍នៃការអភិវឌ្ឍរបស់អង្គភាពអាជីវកម្មក្នុងខេត្ត Ba Ria-Vung Tau។ យើងមើលឃើញថា នោះជាទិសដៅត្រឹមត្រូវណាស់ ហើយយើងតែងតែធ្វើតាមលក្ខណៈវិនិច្ឆ័យនោះ”។
នាពេលខាងមុខ ខេត្ត Ba Ria - Vung Tau នឹងបន្តរក្សាស្តង់ដារតឹងរឹងលើការការពារបរិស្ថាន និងការប្រើប្រាស់មូលនិធិដីធ្លីប្រកបដោយប្រសិទ្ធភាព ក្នុងការទាក់ទាញការវិនិយោគនៅសួនឧស្សាហកម្ម។
លោក Nguyen Cong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau ។ រូបថត៖ Hoàng Nhị/TTXVN |
លោក Nguyen Cong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau បានអះអាងថា៖ “ទិសដៅរបស់ខេត្តគឺបន្តផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដូច្នេះជាមួយនឹងគម្រោងវិនិយោគនាពេលខាងមុខ ខេត្តនឹងជ្រើសរើសគម្រោងដែលមិនប៉ះពាល់ដល់បរិស្ថាន ធានានូវបច្ចេកវិទ្យាថ្មីៗ ជឿនលឿន និងទំនើប។ អាចបញ្ជាក់បានថា នៅពេលនេះ ខេត្តកំពុងអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងគោលដៅការពារបរិស្ថាន”។
ឆ្នាំ ២០២៤នេះ ខេត្ត Ba Ria-Vung Tau ជាតំបន់ឈានមុខគេមួយក្នុងប្រទេសក្នុងការទាក់ទាញទុន FDI។ លំហូរវិនិយោគថ្មីរបស់វិនិយោគិនជាមួយនឹងការបង្កើនដើមទុនវិនិយោគសរុប និងបច្ចេកវិទ្យាទំនើប។ គម្រោងរាប់ពាន់លានដុល្លារបានភ្ជាប់ Ba Ria-Vung Tau ជាមួយនឹងប្រព័ន្ធវិនិយោគអន្តរជាតិនៃសាជីវកម្មសេដ្ឋកិច្ចពិភពលោកជាច្រើនដូចជាក្រុមហ៊ុន Hyosung គ្រុប (កូរ៉េខាងត្បូង) ក្រុមហ៊ុន Austal គ្រុប (អូស្ត្រាលី) ក្រុមហ៊ុន CJ គ្រុប (កូរ៉េខាងត្បូង) ក្រុមហ៊ុន Marubeni គ្រុប (ជប៉ុន) ក្រុមហ៊ុន Samsung គ្រុប (កូរ៉េខាងត្បូង)…។
ជាមួយនឹងគោលដៅទាក់ទាញការវិនិយោគដោយមានជម្រើស និងបច្ចេកវិទ្យាទំនើប ខេត្ត Ba Ria-Vung Tau នឹងឆាប់ក្លាយជាតំបន់ជំរុញការអភិវឌ្ឍដ៏សំខាន់មួយនៃតំបន់ភាគអាគ្នេយ៍ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ ហើយនៅឆ្នាំ ២០៣០ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមូលដ្ឋានជាទីក្រុងចំណុះមជ្ឈិម៕