ខេត្តក្វាងនិញ ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដែលតភ្ជាប់តំបន់ និងអន្តរជាតិ
(VOVWORLD) - ខេត្ត ក្វាងនិញបានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ នឹងក្លាយជា មជ្ឈមណ្ឌលទេសចរណ៍តភ្ជាប់តំបន់និងអន្តរជាតិ ដោយអះអាងពីតួនាទីឈានមុខគេនៃវិស័យទេសចរណ៍នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្ត។ មិនត្រឹមតែពឹងផ្អែកលើសក្តានុពលនិងឧត្តមភាពធម្មជាតិនិងបេតិកភណ្ឌប៉ុណ្ណោះទេ ខេត្តក្វាងនិញកំពុងអនុវត្តន៍វិធីសាស្រ្តថ្មីថ្មោង ដោយបង្កើតផលិតផលទេសចរណ៍ពិសេស ដើម្បីក្លាយជាគោលដៅគួរឲ្យទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរទៀតផង។
កំពង់ផែទេសចរណ៍អន្តរជាតិហាឡុង ស្វាគមន៍នាវាទេសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ ដែលដឹកភ្ញៀវទេសចររាប់ពាន់នាក់។ រូបថត៖ វូមៀន/VOV-ភាគឦសាន |
ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្តក្វាងនិញបានស្វាគមន៍នាវាទេសចរណ៍អន្តរជាតិចំនួន ៣៨ គ្រឿង ដឹកភ្ញៀវទេសចរអន្តរជាតិជិត ៤៩.០០០ នាក់ កើនឡើង ២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តក្វាងនិញគឺជាមូលដ្ឋានមួយដែលទទួលបាននាវាទេសចរណ៍ច្រើនជាងគេ ដោយសារតែប្រព័ន្ធកំពង់ផែ និងផលិតផលទេសចរណ៍ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។ លោកស្រី Tran Nguyen (ត្រឹន ង្វៀន) តំណាង Sun Group បានឲ្យដឹងថា៖ “សហគ្រាសជាច្រើនបានសហការគ្នា ក្រៅពីការផ្សព្វផ្សាយ និងអញ្ជើញដំណើរកម្សាន្ត famtrip និង media trip ម្ចាស់ការទំនាក់ទំនងនិងតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា យើងក៏បង្កើតនិងច្នៃប្រឌិតផលិតផលជាបន្តបន្ទាប់ទៀតផង។ ក្នុងនោះការតាំងពិព័រណ៍កាំជ្រួចផ្កាក៏ជាផលិតផលមួយ ហើយប្រព័ន្ធ Yoko Onsen Quang Hanh ក៏នឹងផ្លាស់ប្តូរពាណិជ្ជសញ្ញា ដោយអញ្ជើញ Hilton ចូលរួមដំណើរការគ្រប់គ្រង។ នេះគឺជាម៉ាកយីហោដ៏ធំមួយនៅលើពិភពលោក ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិមានទំនុកចិត្តបន្ថែមទៀត និងវាយតម្លៃខេត្តក្វាងនិញ ជាគោលដៅលំដាប់ខ្ពស់ក្នុងរដូវទាំងបួន ហើយមានសក្តានុពលអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ភ្ញៀវទេសចរបរទេសមកទស្សនាឈូងសមុទ្រហាឡុង។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
ក្រៅពីការស្វាគមន៍អ្នកដំណើរតាមនាវាទេសចរណ៍ ខេត្តក្វាងនិញ ក៏មានភាពលេចធ្លោក្នុងផ្នែកទេសចរណ៍ MICE (Meeting- Incentive- Convention- Exhibition) បម្រើសហគ្រាស អង្គការ សមាគមទ្រង់ទ្រាយធំ និងតម្រូវការសេវាកម្មកម្រិតខ្ពស់។ និន្នាការទេសចរ MICE ទៅកាន់អាស៊ីអាគ្នេយ៍បានបើកចេញឱកាសដ៏អស្ចារ្យសម្រាប់ខេត្តក្វាងនិញ ដោយមានក្រុមភ្ញៀវទេសចរណ៍មកពីប្រទេសជាច្រើនបានជ្រើសរើស Ha Long និង Bai Chay ដើម្បីរៀបចំសន្និសីទរួមបញ្ចូលនឹងការកម្សាន្តសម្រាក់លំហែកាយ។ លោកស្រី Le Thi Bich Hang នាយិកាសាខា Quang Ninh នៃក្រុមហ៊ុនទេសចរណ៍ Vietravel បានឲ្យដឹងថា៖“ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ខេត្តក្វាងនិញ ត្រូវតែលើកកម្ពស់ទេសចរណ៍សហគមន៍។ ភ្ញៀវទេសចរជាច្រើន ចង់ស្វែងយល់អំពីជីវភាពរស់នៅ ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជនក្នុងមូលដ្ឋាន។ លើសពីនេះ ដើម្បីស្វាគមន៍ក្រុមភ្ញៀវទេសចរចំនួន ២.០០០-៣.០០០ នាក់ ខេត្តក្វាងនិញនៅតែខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។ នាពេលអនាគត ខេត្តក្វាងនិញនឹងបោះជំហានថ្មីៗនិងបំពេញតម្រូវការទាំងនេះ ដោយឈរលើមូលដ្ឋាននោះ សហគ្រាសអាចផ្សព្វផ្សាយនិងធ្វើអាជីវកម្មទីផ្សារទេសចរណ៍កាន់តែប្រសើរឡើង”។
ដំណើរកម្សាន្តពេលរាត្រីគឺជាផលិតផលទេសចរណ៍សិសេសវិសាលរបស់ខេត្តក្វាងនិញ។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
ខេត្តក្វាងនិញមិនត្រឹមតែមានទីតាំងយុទ្ធសាស្ត្រជាមួយនឹងច្រកទ្វារព្រំដែនគោក កំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅសម្រាប់អ្នកទេសចរដែលមកទស្សនាតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការ UNESCO ដូចជាតំបន់បេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac; ឈូងសមុទ្រហាឡុង - ប្រជុំកោះ Cat Ba។ ទាំងនេះគឺជាគុណសម្បត្តិពិសេស ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅខេត្តក្វាងនិញ។ លោក Nguyen Trung Khanh នាយករដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានបញ្ជាក់ថា៖ “ជាមួយនឹងធនធានធម្មជាតិ និងតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ខេត្តក្វាងនិញត្រូវបានរំពឹងថានឹងបោះជំហានយ៉ាងខ្លាំងក្លានាប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងផលិតផលទេសចរណ៍ជាប្រៀបខ្លាំង ជាពិសេសការលេងកម្សាន្ត រមណីយដ្ឋាន ទេសចរណ៍វប្បធម៌ខាងវិញ្ញាណ។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលជាមួយខេត្ត ក្នុងការកសាងទិន្នន័យឌីជីថល ដើម្បីបង្កើតម៉ាកយីហោសម្រាប់មូលដ្ឋាន និងប្រទេសជាតិ”។
សកម្មភាពកម្សាន្តពេលរាត្រីបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ Truong Giang /VOV-ភាគឦសាន |
នៅឆ្នាំ ២០២៥ ខេត្តក្វាងនិញខិតខំស្វាគមន៍ភ្ញៀវទេសចរចំនួន ២០ លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤,៥ លាននាក់។ នៅឆ្នាំ២០៣០ ខេត្តក្វាងនិញបានកំណត់គោលដៅឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ប្រកបដោយនិរន្តរភាព ដោយអះអាំងពីតួនាទីជាមជ្ឈមណ្ឌលទេសចរណ៍ដែលតភ្ជាប់តំបន់និងពិភពលោក និងជាគោលដៅទេសចរណ៍ឈានមុខគេរបស់ប្រទេសទាំងមូល; ដោយខិតខំស្វាគមន៍ភ្ញៀវទេសចរជាង ២៦ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៩ លាននាក់។ លោក Nguyen Lam Nguyen (ង្វៀន ឡាំ ង្វៀន) អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ បានឲ្យដឹងថា៖ “ខេត្តក្វាងនិញមានផែនការជាច្រើនដើម្បីកសាងយន្តការវប្បធម៌ និងកីឡា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងការរៀបចំសន្និសីទ សិក្ខាសាលា កម្មវិធីសម្ដែងសិល្ប ព្រឹត្តិការណ៍និងសកម្មភាពកីឡា។ ខេត្តកំពុងមានផែនការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ និងសហគ្រាស ឲ្យវិនិយោគលើយន្តការនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើការអភិវឌ្ឍទេសចរណ៍ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត”។
កេរ្តិ៍ដំណែល Con Son ក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក Yen Tu - Vinh Nghiem - Con Son Kiep Bac។ រូបថត៖ Thanh Nga/ VOV-ភាគឦសាន |
ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ខេត្តក្វាងនិញ មិនត្រឹមតែឆ្លៀតយកធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងម្ចាស់ការធ្វើសមាហរណកម្ម ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ផងដែរ។ ខេត្តក្វាងនិញកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ឈានមុខគេរបស់ប្រទេសទាំងមូល ដោយដើរតួនាទីជាច្រកទ្វារក្នុងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទេសចរណ៍ជាមួយតំបន់ និងអន្តរជាតិ៕