«កម្លាំងចលករឌីជីថល» សម្រាប់គំរូកំណើនថ្មីនៅខេត្តក្វាងនិញ
(VOVWORLD) - នៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយដែលបានដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស គណៈកម្មាធិការមជ្ឈិមបានកំណត់ថា ចំណុចសំខាន់មួយគឺ «ការបង្កើតគំរូកំណើនថ្មី» ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទុកជាកម្លាំងចលករចម្បង។ ដោយឆ្លើយតបទៅនឹងទិសដៅនេះ ខេត្តក្វាងនិញ គឺជាមូលដ្ឋានឈានមុខគេក្នុងរបក់គំហើញអភិវឌ្ឍន៍ បានចាត់វិធានការជាក់ស្តែងជាច្រើនដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅរួមនេះ។
សេចក្តីសម្រេចចិត្តលេខ ៥៧ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ បន្តបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងការសម្រេចបាននូវគោលដៅសតវត្សរ៍ចំនួនពីរ៖ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបនៅឆ្នាំ២០៣០; ក្លាយជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ទស្សនៈទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី១៤ ដែលក្នុងនោះ កម្លាំងចលករថ្មីត្រូវបានសង្កត់ធ្ងន់ជាគន្លឹះក្នុងការកសាងគំរូកំណើនប្រកបដោយចីរភាព។ លោក Hoang Van De លេខាធិការគណៈកម្មាធិការបក្សសង្កាត់ Hoang Que (ខេត្ត Quang Ninh) បានចែករំលែកថា សារនេះត្រូវបានខេត្តអនុវត្តយ៉ាងដាច់ខាតនៅក្នុងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់នាពេលថ្មីៗនេះ៖ “នេះគឺជាគោលការណ៍ដ៏ត្រឹមត្រូវនិងសមស្របទាំងស្រុង ស្របតាមនិន្នាការអភិវឌ្ឍន៍។ ខេត្ត Quang Ninh ជាមួយឋានៈដូចបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍន៍សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយមានគោលដៅក្លាយជាទីក្រុងចំណុះមជ្ឈិមមុនឆ្នាំ ២០៣០ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងក្លាយជាអាទិភាពចម្បង និងជាកត្តាគន្លឹះក្នុងការសម្រេចបានជោគជ័យ។ នៅក្នុងបរិបទនោះ បណ្តាឃុំ សង្កាត់ និងតំបន់ពិសេសនៅក្នុងខេត្តនឹងបន្តដើរតួនាទីរបស់ខ្លួនដោយផ្អែកលើសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ ដើម្បីអនុវត្តន៍ការណែនាំរបស់ខេត្តសម្រាប់ការអភិវឌ្ឍនាពេលអនាគត”។
នាពេលថ្មីៗនេះ ខេត្តក្វាងនិញបានរៀបចំវេទិកាថ្នាក់ជាតិជាច្រើនស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន |
មិនត្រឹមតែដើរតួនាទីជាប៉ូលកំណើននៅក្នុងត្រីកោណនៃទីក្រុងហាណូយ - ហៃផុង - ក្វាងនិញប៉ុណ្ណោះទេ ខេត្តនេះក៏ជាច្រកទ្វារនៃតំបន់ភាគឦសាន ជាកន្លែងប្រមូលផ្តុំនូវតម្លៃបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ទៀតផង។ ដោយជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ខេត្តក្វាងនិញបានរក្សាកំណើនទ្វេដងជាបន្តបន្ទាប់អស់រយៈពេលជិតមួយទសវត្សរ៍ ដោយរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។
នៅសង្កាត់ Yen Tu លោក Bui Hoang Giang (ប៊ូយ ហ័ងយ៉ាង) លេខាគណៈកម្មាធិការបក្សសង្កាត់ បានឲ្យដឹងថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់កំពុងអនុវត្តន៍ការតំរង់ទិសរបស់មជ្ឈិម ជាមួយលក្ខណៈពិសេសដោយឡែក ចំពោះតំបន់បេតិកភណ្ឌដ៏ល្បីៗ ដោយសង្ឃឹមថា នឹងធ្វើឱ្យ Yen tu ក្លាយជាគោលដៅអន្តរជាតិដ៏ល្អបំផុតនៅប៉ុន្មានឆ្នាំខាងមុខ។
“ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសសម្រាប់តំបន់បេតិកភណ្ឌ Yen Tu ការអភិវឌ្ឍទេសចរណ៍រួមជាមួយទីក្រុងឆ្លាតវៃ គឺមានសារៈសំខាន់ណាស់។ ចាប់ពីការអភិវឌ្ឍដែលផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា វេទិកាឌីជីថលនៃទីក្រុងឆ្លាតវៃ ការទូទាត់គ្មានសាច់ប្រាក់ រហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌ និងឧស្សាហកម្មវប្បធម៌ដែលផ្សារភ្ជាប់នឹងការអភិរក្សទេសភាពប្រវត្តិសាស្ត្រ និងតម្លៃបេតិកភណ្ឌតាមរយៈការអនុវត្តបច្ចេកវិទ្យាឌីជីថល”។
ចលនា ប្រជាសិក្សាឌីជីថល កំពុងរីករាលដាលនៅតាមបណ្តាឃុំ សង្កាត់ និងតំបន់ពិសេសនៃខេត្តក្វាងនិញ។ រូបថត៖ ទ្រឿងយ៉ាង/VOV-ឦសាន |
ដោយវាយតម្លៃថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជា "ឱកាសមាស" ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាមទិសដៅនិរន្តរភាព មន្ត្រីនិងបក្ខជនជាច្រើននៅខេត្តក្វាងនិញជឿជាក់ថា រួមជាមួយនឹងគុណសម្បត្តិរបស់ខ្លួន ខេត្តក៏ត្រូវជម្នះលើចំណុចខ្វះខាតយ៉ាងឆាប់រហ័ស៖ សក្តានុពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមិនសមស្របនឹងទំហំសេដ្ឋកិច្ច; កង្វះធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាស្នូលដូចជា AI ស៊ីមីកុងដុកទ័រ ជីវបច្ចេកវិទ្យា និងសន្តិសុខតាមអ៊ីនធឺណិត; គម្លាតនៃការផ្លាស់ប្តូរឌីជីថលរវាងតំបន់ទីក្រុងនិងជនបទនៅតែធំ; វប្បធម៌នវានុវត្តន៍មិនទាន់រីករាលដាលយ៉ាងទូលំទូលាយនៅឡើយទេ។ លោក Nguyen Trung Tien (ង្វៀន ទ្រុង ទៀន) អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តក្វាងនិញបានបញ្ជាក់ថា៖
“ឥឡូវនេះ "អណ្តូងរ៉ែបច្ចេកវិទ្យា" គឺជាកន្លែងអភិវឌ្ឍន៍ថ្មីដែលនឹងជួយខេត្តក្វាង និញ សម្រេចបាននូវគោលដៅផ្លាស់ប្តូរពី "ពណ៌ត្នោត" ទៅជា "បៃតង" ប្រកបដោយនិរន្តរភាព។ នេះក៏ជាឱកាសមួយដើម្បីបង្កើនផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងយ៉ាងទូលំទូលាយ។ ដោយចាប់យកឱកាសទាំងនេះ ខេត្តក្វាងនិញនឹងផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី៖ ការកែលម្អស្ថាប័នឲ្យមានភាពបត់បែន; ឈានទៅមុខមួយជំហានក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល;និងរបក់គំហើញក្នុងធនធានមនុស្សដែលមានគុណភាពខ្ពស់”។
ការផ្លាស់ប្តូរពីកំណើន "ពណ៌ត្នោត" ទៅជាកំណើន "បៃតង" គឺជាទិសដៅដ៏សំខាន់មួយសម្រាប់ខេត្តក្វាងនិញ ដោយទាញយកកម្លាំងចលករថ្មីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន |
ជាមួយនឹងមូលដ្ឋានគ្រឹះដែលបានសាងសង់រួចហើយ ខេត្តក្វាងនិញបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជា "ប្រអប់ខ្សាច់យុទ្ធសាស្ត្រ"(Sandbox យុទ្ធសាស្ត្រ) របស់ប្រទេសទាំងមូលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ និងអនុវត្តន៍ទិសដៅថ្មីនៃឯកសារមហាសន្និបាតលើកទី ១៤ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការមនុស្សប្រជាជនវៀតណាមឲ្យអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ ការស្ទុះផ្លោះពីមូលដ្ឋាននឹងរួមចំណែកដល់ការបង្កើតប៉ូលកំណើនថ្មី ដោយបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ចទាំងមូល ឆ្ពោះទៅរកគោលដៅកំណើន GDP ចំនួនពីរខ្ទង់នៅដំណាក់កាលបន្ទាប់៕