ភាពជោគជ័យពីគំរូផលិតកម្មកសិកម្មបៃតង និងកសិកម្មវិលជុំនៅខេត្ត Hung Yen
(VOVWORLD) - ក្នុងបរិបទនៃកសិកម្មប្រពៃណីប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន គ្រួសារជាច្រើននៅខេត្ត Hung Yen បានអនុវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ជាមួយនឹងគំរូផលិតកម្មកសិកម្មបៃតង កសិកម្មវិលជុំក្នុងការចិញ្ចឹមសត្វនិងដាំដុះដំណាំ។ គំរូទាំងនេះបានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនិងបរិស្ថាន និងរួមចំណែកបង្កើតរបកគំហើញសម្រាប់ផលិតកម្មកសិកម្មនៅក្នុងតំបន់។
នៅលើផ្ទៃដីជាង ១ ហិកតា គ្រួសាររបស់លោក Bui Nguyen Chat នៅភូមិ Dong ឃុំ Thuy Anh ខេត្ត Hung Yen បានបង្កើតគំរូចិញ្ចឹមមាន់យកពង។ ខុសពីវិធីសាស្ត្រប្រពៃណី លោកបានអនុវត្តន៍បច្ចេកទេសចិញ្ចឹមមាន់នៅលើបាតទ្រនាប់ជីវសាស្ត្រ។ តាមនោះ កាកសំណល់ត្រូវបានប្រព្រឹត្តិកម្មដោយផ្ទាល់នៅក្នុងទ្រុង មិនបង្កក្លិនស្អុយ កាត់បន្ថយជំងឺ រួមចំណែកអភិវឌ្ឍហ្វូងសត្វមាន់ប្រកបដោយស្ថិរភាព។ ដោយចិញ្ជឹមមាន់ចំនួន ៦.០០០ក្បាល កសិដ្ឋាននេះបានផ្គត់ផ្គង់ពងមាន់ជាង ៣.០០០ពង ទៅកាន់ទីផ្សារជារៀងរាល់ថ្ងៃ។ ទ្រនាប់ទ្រាប់បាតទ្រុងគ្រាន់តែត្រូវការផ្លាស់ប្តូរ ២-៣ ដងក្នុងមួយឆ្នាំ ហើយអាចប្រើប្រាស់ជាជីសរីរាង្គសម្រាប់ដំណាំ ទាំងសន្សំសំចៃការចំណាយផង និងបង្កើនប្រាក់ចំណូលផង។ លោក Bui Nguyen Chat បានឲ្យដឹងថា៖ “ការចិញ្ជឹមសត្វឥឡូវនេះ ប្រសិនបើមិនធ្វើបែបនេះទេ នឹងពិបាកក្នុងការចិញ្ចឹមសត្វតាមគំរូកសិដ្ឋាន។ កសិដ្ឋានត្រូវបានបិទជិត ដូច្នេះហើយ ត្រូវក្រាលបាតទ្រុងដោយទ្រនាប់ជីវសាស្រ្ត។ មាន់មួយបាច់គឺចិញ្ចឹមក្នុងរយៈពេលជាង ១ ឆ្នាំ ត្រូវការផ្លាស់ប្តូរបាតទ្រុងប្រហែល ៣-៤ ដងប៉ុណ្ណោះ”។
កសិដ្ឋានចិញ្ចឹមមាន់របស់ប្រជាជននៅភូមិ Dong ឃុំ Thuy Anh ប្រើប្រាស់ទ្រនាប់ទ្រាប់បាតទ្រុងជីវសាស្ត្រ ដើម្បីធានាបាននូវបរិស្ថានកសិកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។ រូបថត៖ baohungyen.vn
|
ដូចគ្នានេះដែរ នៅក្នុងភូមិ Dong គ្រួសារមួយចំនួនបានអនុវត្តគំរូចិញ្ចឹមទាយកពង រួមផ្សំជាមួយនឹងការចិញ្ចឹមត្រី។ វាលស្រែដែលមានផលិតភាពឱន់ខ្សោយ ត្រូវបានប្រជាជនរៀបចំឡើងវិញទៅជាស្រះ សាងសង់ទ្រុងជាមួយនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកដោយស្វ័យប្រវត្តិ។ សត្វទាហែលក្នុងស្រះ បានបង្កើតអុកស៊ីសែន ដោយឆ្លៀតប្រើអាហារសរសៃ និងកាកសំណល់ដើម្បីចិញ្ចឹមត្រី។ ដូច្នេះហើយ ស្រះតែងតែស្អាត ត្រីលូតលាស់យ៉ាងលឿន កាត់បន្ថយការចំណាយសម្រាប់ចំណីត្រី។ ទន្ទឹមនឹងនោះ ក៏បានកាត់បន្ថយការបំពុលបរិស្ថាន និងជំងឺសម្រាប់សត្វពាហនៈផងដែរ។ គំរូនៃការរួមផ្សំសួនច្បារ - ស្រះត្រី - ការចិញ្ចឹមទាយកពង បានជួយគ្រួសារជាច្រើនរកប្រាក់ចំណូលបានពី ១៥០ - ២០០ លានដុង/ឆ្នាំ (ជិត ៥,៧ - ៧,៦ ពាន់ដុល្លារអាមេរិក)។
បច្ចុប្បន្ន ឃុំ Thuy Anh មានគ្រួសារចំនួន ៣០ ដែលទទួលបានជោគជ័យជាមួយនឹងគំរូសេដ្ឋកិច្ចកសិកម្មវិលជុំ។ ការឆ្លៀតយកកាកសំណល់ និងផលិតផលរងសម្រាប់បន្តផលិតកម្ម មិនត្រឹមតែបង្កើតផលិតផលដែលមានសុវត្ថិភាព កាត់បន្ថយកាកសំណល់ ការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទិសដៅថ្មីសម្រាប់កសិកម្មទំនើប ប្រកបដោយចីរភាព ដោយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុទៀតផង។ លោក Ngo Van Phuc ប្រធានសមាគម កសិករឃុំ Thuy Anh ខេត្តហឹងអៀនបានឲ្យដឹងថា៖ “រណសិរ្សមាតុភូមិ ក៏ដូចជាសមូហភាពនានាក៏បានសម្របសម្រួលជាមួយសាលារៀននិងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការបណ្តុះបណ្តាល ផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជារៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កម្មករជនបទ។ ទន្ទឹមនឹងនោះ បានផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យសមាជិក ក៏ដូចជាម្ចាស់កសិដ្ឋាន ផ្តោតលើការអនុវត្តគំរូវិលជុំ”។
ភាពជោគជ័យនៃគំរូសេដ្ឋកិច្ចកសិកម្មវិលជុំនៅឃុំ Thuy Anh មិនត្រឹមតែរួមចំណែកដល់ការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការការពារបរិស្ថាន រក្សាជនបទបៃតងនិងស្រស់ស្អាតទៀតផង; ទន្ទឹមនឹងនោះ ក៏ជាបទពិសោធន៍មួយដើម្បីចម្លង កសាងកសិកម្មទំនើប ប្រសិទ្ធភាព និងប្រកបដោយចីរភាព។
គំរូតភ្ជាប់ផលិតកម្មនៅសហករណ៍ផលិតនិងផ្គត់ផ្គង់បន្លែនិងរុក្ខជាតិឱសថ An Thinh Phat ឃុំ Tong Tran។ រូបថត៖ baohungyen.vn |
នៅឃុំ Tong Tran សហករណ៍ផលិតបន្លែ និងរុក្ខជាតិឱសថ An Thinh Phat គឺជាឧទាហរណ៍ឆ្នើមមួយនៃផលិតកម្មកសិកម្មបៃតង។ នៅលើផ្ទៃដីជាង ៣ ហិកតា លោក Bui Van Phuong នាយកសហករណ៍ បានវិនិយោគក្នុងការសាងសង់ប្រព័ន្ធផ្ទះកញ្ចក់ ដើម្បីដាំត្រសក់ស្រូវ ត្រសក់ ម្ទេស និងប៉េងប៉ោះ តាមស្តង់ដារ VietGAP សរីរាង្គ។ ដោយអនុលោមយ៉ាងតឹងរ៉ឹងនូវដំណើរការថែទាំ និងប្រមូលផល ផលិតផលរបស់សហករណ៍ An Thinh Phat តែងតែមានផលិតភាព និងគុណភាពខ្ពស់ ហើយត្រូវបានទីផ្សារនិយមចូលចិត្ត។ លោក Bui Van Phuong បានឲ្យដឹងថា៖ “បច្ចុប្បន្ន យើងមានផលិតផល OCOP ចំនួន ២ គឺត្រសក់ស្រូវជា OCOP ផ្កាយ ៤ និងត្រសក់ជា OCOP ផ្កាយ ៣។ បច្ចុប្បន្ន ទីផ្សារមានស្ថិរភាពគួរសម។ ក្រៅពីការផ្គត់ផ្គង់ផលិតផលដល់ដៃគូមួយចំនួនដើម្បីនាំយកផលិតផលទៅកាន់ផ្សារទំនើបដូចជា៖ GO! AEON យើងក៏ផ្គត់ផ្គង់ដល់ហាង និងបណ្តាញលក់អំណោយផងដែរ ដែលសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងវិជ្ជមាន”។
សហករណ៍ An Thinh Phat បានបង្កើតការងារស្ថិរភាពសម្រាប់កម្មករ ដែលមានប្រាក់ចំណូលចាប់ពី ៥ - ៩ លានដុង/នាក់/ខែ។ រូបថត៖ baohungyen.vn |
នាពេលខាងមុខ សហករណ៍ An Thinh Phat មានគម្រោងពង្រីកផ្ទៃដីដាំដំណាំ និងបង្កើនទិន្នផលនៃកសិផលសុវត្ថិភាព និងមានគុណភាពខ្ពស់ទៅកាន់ទីផ្សារ។ លោក Nguyen Van Trang អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Hung Yen បានមានប្រសាសន៍ថា៖ “នេះគឺជាគំរូឆ្នើមនៃការអនុវត្តផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ ដោយប្រើប្រាស់ផ្ទះកញ្ចក់ និងផ្ទះសំណាញ់ដើម្បីដាំត្រសក់ស្រូវ ជាផលិតផលដែលមានតម្លៃខ្ពស់របស់ខេត្ត។ នេះក៏ជាទិសដៅថ្មីមួយ ដែលវិស័យកសិកម្ម និងមូលដ្ឋាននានាកំពុងលើកទឹកចិត្តកសិករមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមានសមត្ថភាពហិរញ្ញវត្ថុ ឱ្យវិនិយោគលើគំរូស្រដៀងគ្នានេះ”។
លទ្ធផលដែលទទួលបានពីគំរូកសិកម្មបៃតង និងកសិកម្មវិលជុំនៅខេត្ត Hung Yen បានបង្ហាញថា ទិសដៅនេះសមស្របទាំងស្រុងជាមួយនឹងនិន្នាការអភិវឌ្ឍន៍ទំនើប ប្រកបដោយចីរភាព។ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់ការយល់ដឹង ការការពារបរិស្ថាន និងការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព បានជួយប្រជាជនបង្កើនតម្លៃសេដ្ឋកិច្ច និងកសាងប្រព័ន្ធអេកូឡូស៊ីផលិតកម្មប្រកបដោយសុវត្ថិភាព និងរួសរាយរាក់ទាក់។ នេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តហឹងអៀន បន្តពង្រីកតំបន់ផលិតកម្មសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ដ៏មានតម្លៃដែលត្រូវចម្លងនៅតាមមូលដ្ឋានជាច្រើនទៀត ដោយរួមចំណែកបង្កើតខឿនកសិកម្មវៀតណាមដែលកាន់តែបៃតង ស្អាត និងមាននិរន្តរភាពនាពេលអនាគត៕