វៀតណាមឈានមុខគេនៅអាស៊ានក្នុងកំណើនសេដ្ឋកិច្ចឌីជីថល
(VOVWORLD) - ជាមួយនឹងអត្រាកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា (២០២២ ២០២៣ និង ២០២៤) សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ជាមួយនឹងអត្រាកំណើននាពេលបច្ចុប្បន្ន សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានរំពឹងថានឹងឈានដល់គោលដៅ ៤៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំនេះ។
យោងតាមស្ថិតិរបស់ធនាគារពិភពលោក (WB) សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុង GDP របស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ដូចជា៖ ប្រទេសថៃ (១២,១%) ឥណ្ឌូនេស៊ី (៨,៣%) ហ្វីលីពីន (៦,៩%) ។ Google ក៏បានវាយតម្លៃថា អត្រាកំណើនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមគឺលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ធនាគារ HSBC ជឿជាក់ថា អត្រាកំណើនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនឹងបន្តរក្សាឋានៈឈានមុខគេនៅអាស៊ាននាពេលខាងមុខ។ លោក Tim Evan អគ្គនាយក HSBC Vietnam បានមានប្រសាសន៍ថា៖ “វៀតណាមមានប្រជាជនវ័យក្មេងច្រើនណាស់ ប្រជាជនវៀតណាមប្រហែល ៨០% ប្រើប្រាស់ទូរស័ព្ទចល័ត ហើយអត្រាប្រើប្រាស់អ៊ីនធឺណិតនិងស្មាតហ្វូនគឺខ្ពស់ណាស់។ ប្រទេសវៀតណាមក៏មានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាត “យូនីខន” ច្រើនជាងគេទីពីរនៅក្នុងតំបន់ផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិចក៏ជាមូលដ្ឋានគ្រឹះមួយ ដោយសារវៀតណាមមានប្រជាជនវ័យក្មេងដែលងាយស្រួលទទួលយកបច្ចេកវិទ្យា។ ខ្ញុំគិតថា អនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅតែមានទំហំធំ ហើយនឹងក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់ឧស្សាហកម្មឌីជីថល និងសហគ្រាសទាំងក្នុងស្រុកនិងបរទេសដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មនេះ”។
រូបភាព៖ VTV24 |
យោងតាមការស្ទង់មតិដោយ HSBC អាជីវកម្ម ៦០% ដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម មានគម្រោងវិនិយោគលើបច្ចេកវិទ្យា និងឌីជីថលនីយកម្មសម្រាប់ប្រតិបត្តិការអាជីវកម្មនាបច្ចុប្បន្ន ដោយផ្តោតលើការទូទាត់តាមឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត។ លើសពីនេះ អត្រាកំណើនប្រចាំឆ្នាំនៃការទូទាត់ដោយគ្មានសាច់ប្រាក់បានកើនឡើងជាង ៥០% ដែលនាំមុខគេនៅអាស៊ីអាគ្នេយ៍។
សេដ្ឋវិទូជាច្រើនជឿជាក់ថា គន្លឹះនៃភាពទាក់ទាញរបស់វៀតណាមគឺថា វៀតណាមបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលមុនកាលកំណត់។ យោងតាមសេដ្ឋវិទូ Nguyen Minh Phong វៀតណាមមានរយៈពេលជាង ២០ ឆ្នាំត្រៀមរៀបចំសម្រាប់ការបង្កើតយន្តការ និងគោលនយោបាយសម្រាប់សេដ្ឋកិច្ចឌីជីថល៖ “វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅលើពិភពលោកដែលប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឆាប់បង្កើតមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយនេះក៏ជាគោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលនៅក្នុងការណែនាំរបស់ខ្លួន។ យើងក៏កំពុងធ្វើសុក្រឹត្យដ្ឋកិច្ចឌីជីថលជាបណ្តើរៗ ជាមួយគោលដៅរហូតដល់ឆ្នាំ២០៣០ បង្កើនសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុង GDP។ យើងក៏សម្រេចបានជោគជ័យមួយចំនួនដូចជា៖ មានកម្លាំងពលកម្មដែលឆាប់ទទួលប្រើប្រាស់បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេដ្ឋកិច្ចឌីជីថល បង្កើតមូលដ្ឋានច្បាប់ជាបណ្តើរៗសម្រាប់បច្ចេកវិទ្យាឌីជីថល និងធានាសន្តិសុខ”។
សេដ្ឋវិទូ Nguyen Minh Phong។ រូបថត៖ tapchicongthuong.vn |
ក្រៅពីនេះ ក៏មានកត្តាមួយចំនួនដូចជាកម្លាំងពលកម្មវ័យក្មេង ការយល់ដឹងខ្ពស់ចំពោះប្រភេទបច្ចេកវិទ្យាថ្មីៗ ជាពិសេសការត្រៀមខ្លួនរបស់សហគ្រាសបច្ចេកវិទ្យាឌីជីថល។ ពួកគេកំពុងក្លាយជាក្បាលម៉ាស៊ីនក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ធ្វើជាម្ចាស់នៃបច្ចេកវិទ្យាក្នុងស្រុក សហប្រតិបត្តិការនិងតភ្ជាប់ជាមួយសាជីវកម្មបច្ចេកវិទ្យាធំៗនៅលើពិភពលោក ដើម្បីទទួលបាននូវបច្ចេកវិទ្យាទំនើប ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងលើកកំពស់ការប្រកួតប្រជែងរបស់វៀតណាមលើឆាកអន្តរជាតិ។ ក្នុងវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ដែលប្រារព្ធឡើងនៅទីក្រុងហាណូយនាពេលថ្មីៗនេះ លោក Mai Huy Tuan នាយកប្រតិបត្តិនៃក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាឌីជីថល SSI (SSI Digital) បានចែករំលែកថា៖ “នាពេលថ្មីៗនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានសម្តែងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការនាំវៀតណាមឈានចូលយុគសម័យថ្មី ដោយចាត់ទុកថា ប្រសិនបើមិនមែនពេលនេះទេ វានឹងមិនមានពេលណាផ្សេងទៀតឡើយ។ យើងអមដំណើរជាមួយរដ្ឋាភិបាល អមដំណើរជាមួយប្រទេសជាតិ។ យើងតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាប្រទេសយើងដែលមានប្រជាជនចំនួន ១០០ លាននាក់ដែលមានប្រជាជនវ័យក្មេងនិងស្រលាញ់បច្ចេកវិទ្យាច្រើនណាស់ ប៉ុន្តែមិនមែនជាអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ដើម្បីនាំដៃគូអន្តរជាតិមកវៀតណាម អភិវឌ្ឍបច្ចេកវិទ្យាជាមួយវៀតណាម”។
លោក Tim Evans អគ្គនាយក HSBC វៀតណាម។ រូបថត៖ HSBC |
បើតាមការព្យាករណ៍ តម្លៃទីផ្សារនៃសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងកើនឡើងដល់ ១.០០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ បច្ចុប្បន្ននេះ អាស៊ានកំពុងចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន ហើយប្រសិនបើសម្រេចបាន តួលេខនេះអាចកើនឡើងដល់ ២.០០០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាក្របខណ្ឌច្បាប់ដំបូងគេនៅក្នុងតំបន់ សំដៅបង្កើតវេទិការួមមួយដើម្បីជួយអាស៊ានអនុវត្តន៍ប្រកបដោយសមកាលកម្មគោលនយោបាយ និងលើកកម្ពស់ពាណិជ្ជកម្មឌីជីថលក្នុងតំបន់។ សម្រាប់វៀតណាម ការចូលរួមក្នុងកិច្ចព្រមព្រៀងនេះជួយវៀតណាមមានឱកាសជំរុញសេដ្ឋកិច្ចឌីជីថលដោយផ្អែកលើមូលដ្ឋានរឹងមាំជាទីផ្សារថាមវន្ត ជាមួយនឹងអ្នកប្រើប្រាស់ដែលមានភាពបត់បែននិងការជ្រៀតចូលអ៊ីនធឺណិតខ្ពស់។
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការត្រៀមខ្លួនជាស្រេចអំដំណើរជាមួយសហគ្រាសបច្ចេកវិទ្យា រួមជាមួយនឹងគុណសម្បត្តិទីផ្សារជាច្រើន កំពុងបង្កើតការផ្លាស់ប្តូរយ៉ាងទូលំទូលាយក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យនៃជីវផាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បង្កើតសន្ទុះថ្មីសម្រាប់កំណើន និងលើកកំពស់សេដ្ឋកិច្ចក្នុងអាស៊ាន៕