សហគ្រាសឯកជនរួមដៃគ្នា ចូលរួមអនុវត្តន៍រាល់គម្រោងធំៗរបស់ប្រទេសជាតិ
(VOVWORLD) - ដើម្បីសម្រេចបានគោលដៅកំណើន GDP អប្បបរមា ៨% នៅឆ្នាំនេះ និងឆ្ពោះទៅរកកំណើនពីរខ្ទង់ក្នុងបណ្តាឆ្នាំបន្តបន្ទាប់ វៀតណាមកំពុងអនុវត្តន៍តាមរយៈភារកិច្ចជាក់ស្តែង ក្នុងនោះមានការពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ រួមជាមួយរដ្ឋាភិបាលនិងសហគ្រាសរដ្ឋ សហគ្រាសឯកជនក៏កំពុងរួមចំណែកយ៉ាងសកម្មក្នុងគម្រោងទាំងនេះផងដែរ។
ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងគ្រោងនឹងបង្ហើយនៅឆ្នាំ២០៣៥ (ប្រភព៖ VOV) |
នៅឆ្នាំនេះ រដ្ឋាភិបាលដាក់ចេញគោលដៅ បង្ហើយភារកិច្ចលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ ផ្តល់អាទិភាពដល់គម្រោងសំខាន់ៗដូចជា៖ ប្រព័ន្ធផ្លូវល្បឿនលឿន ផ្លូវដែកល្បឿនលឿន បរិវត្តកម្មនៃហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រព័ន្ធផ្លូវល្បឿនលឿនជាមួយព្រលានយន្តហោះ ។ល។
ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញមានដំណើរទស្សនកិច្ច ចុះពិនិត្យនិងធ្វើការជាមួយអង្គភាពអាជីវកម្ម និងសហគ្រាសក្រៅរដ្ឋ ដើម្បីស្នើយន្តការសហប្រតិបត្តិការ អំពាវនាវឲ្យមានការចូលរួម និងការរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រិនឯកជនក្នុងគម្រោងជាតិសំខាន់ៗទាំងនេះ។ នៅចំពោះមុខសំណើរដែលមិនធ្លាប់មានពីមុនមក ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនឈានមុខគេនៅវៀតណាមបានសម្តែងនូវ ក្តីសោមនស្សរីករាយ ដោយសន្យាថានឹងត្រៀមចូលរួមរួចជាស្រេច។
លោក Tran Ba Duong ប្រធានក្រុមហ៊ុន Thaco ថ្លែងក្នុងព្រឹត្តិការណ៍មួយ (រូបថត៖ VGP) |
លោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនរួម Truong Hai គ្រុប (Thaco) បានឲ្យដឹងថា៖ “ជាមួយនឹងការកំណត់ទិសដៅនិងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី យើងខ្ញុំនឹងផ្តោតលើការចូលរួមក្នុងគម្រោងផ្លូវដែកទីក្រុង ជាពិសេសគឺទូរថភ្លើងនិងរចនាសម្ព័ន្ធដែក។ រួមជាមួយនឹងក្រុមវិស្វករដែលមានបទពិសោធន៍ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍផលិតផល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងខ្ញុំនឹងផ្ទេរបច្ចេកវិទ្យាដើម្បីរៀបចំផលិតកម្មក្នុងស្រុក ជាមួយគោលដៅកាត់បន្ថយថ្លៃដើម បង្ហាញពីតម្លៃវៀតណាមក្នុងផលិតផល បញ្ជាក់ការចូលរួមរបស់ សហគ្រាសវៀតណាម និងការទទួលខុសត្រូវចំពោះគុណភាពផលិត ផល”។
ប្រធានក្រុមហ៊ុន Thaco គ្រុបក៏បានប្តេជ្ញាជួយសហគ្រាសខ្នាតតូច និងមធ្យមចូលរួមក្នុងសង្វាក់ផលិតកម្ម ក៏ដូចជាតភ្ជាប់ដើម្បីបញ្ជាទិញដែកដែលផលិតតាមស្តង់ដារផលិតផល។
ក្នុងពេលជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុន Hoa Phat ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេនៅអាស៊ីអាគ្នេយ៍ ក្នុងលំដាប់កំពូល ៥០ លើពិភពលោកក្នុងការផលិតដែកថែប ប្តេជ្ញាធានាការផ្គត់ផ្គង់ដែកថែបគ្រប់ប្រភេទ ក្នុងបរិមាណគ្រប់គ្រាន់ បម្រើគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ធានាបាននូវស្តង់ដារនិងគុណភាពអន្តរជាតិ។ លោក Tran Dinh Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Hoa Phat បានអះអាងថា៖ “នាពេលខាងមុខ Hoa Phat អាចនឹងវិនិយោគប្រាក់ចំនួន ១០ទ្រីលានដុង លើរោងចក្រផលិតដែកផ្លូវរថភ្លើង។ យ៉ាងណាមិញ Hoa Phat នឹងធានាការផ្គត់ផ្គង់ដែកថែបកែច្នៃសម្រាប់អគ្គក្រុមហ៊ុនផ្លូវដែកអនុវត្តគម្រោងនេះ។ តាមគម្រោង គឺត្រូវការថែបប្រហែល ១០ លានតោន ដូច្នេះ Hoa Phat ប្តេជ្ញាធានាបរិមាណ ១០ លានតោន ហើយធានាគុណភាព និងតម្លៃទាបជាងតម្លៃនាំចូលដែរ”។
ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់វៀតណាម សម្ព័ន្ធក្រុមហ៊ុន Vingroup ប្តេជ្ញា បង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងការប្រើប្រាស់បៃតង ត្រួសត្រាយក្នុងរលកផ្លាស់ប្តូរបៃតង តភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍឧស្សាហកម្មនិងការពារបរិស្ថាន។ រីឯសម្ព័ន្ធក្រុមហ៊ុន BRG ប្តេជ្ញាកសាងទីក្រុងឆ្លាតវៃនៅភាគខាងជើងនៃទីក្រុងហាណូយ ដែលជាទីក្រុងអព្យាក្រឹតកាបូនដំបូងគេនៅលើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC កំណត់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរ ឌីជីថល ជាភារកិច្ចសំខាន់របស់សហគ្រាស ដើម្បីវៀតណាមក្លាយជាប្រទេស ឌីជីថលនៅឆ្នាំ២០៣០។ លោក Nguyen Trung Chinh ប្រធានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC បានឲ្យដឹងថា៖ “CMC បានប្តេជ្ញាចិត្តទទួលភារកិច្ចចំនួនពីរ។ ទីមួយ CMC នឹងបង្កើតវេទិកាបច្ចេកវិទ្យាពពក (CMC Cloud) ក្លាយជាវេទិកាឈានមុខគេក្នុងប្រទេសវៀតណាម ដែលគ្រប់គ្រងដោយសមត្ថភាពបច្ចេកវិទ្យារបស់ប្រជាជនវៀតណាម។ រហូតដល់ឆ្នាំ ២០២៨ នឹងវិនិយោគលើមជ្ឈមណ្ឌលបច្ចេកវិទ្យាពពកឈានមុខគេក្នុងតំបន់ ជាមួយមាត្រដ្ឋាន ៨០ មេហ្គាវ៉ាត ដែលវៀតណាមធ្វើជាម្ចាស់ទាំងស្រុង។ ភារកិច្ចទីពីរគឺបង្កើតវេទិកាបញ្ញាវៀត AI ធ្វើជាម្ចាស់បច្ចេកវិទ្យាស្នូលទាំងមូល រួមទាំងមានបច្ចេកវិទ្យាឈានមុខគេលើពិភពលោកទៀតផង។ ជាមួយនឹងភារកិច្ចទាំងពីរដូចពោលខាងលើ CMC សង្ឃឹមថានឹងរួមចំណែកក្នុងគោលដៅ ដល់ឆ្នាំ២០៤៥ នាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យា AI”។
មិនត្រឹមតែសហគ្រាសធំៗប៉ុណ្ណោះតេ សូម្បីតែសហគ្រាសធុនតូច និងមធ្យមជាច្រើនលើគ្រប់វិស័យ សុទ្ធតែត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍រាល់គោលដៅធំៗរបស់ប្រទេសជាតិ។ បច្ចុប្បន្ន កម្លាំងធុរកិច្ចបានចូលរួមចំណែកប្រមាណ ៦០% នៃ GDP និងទំហំពាណិជ្ជកម្មនាំចេញចំនួន ៩៨% ក៏ដូចជា បង្កើតការងារប្រមាណ ៨៥% នៃកម្លាំងពលកម្មរបស់ប្រទេសជាតិទាំងមូល។ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបយ៉ាងហោចណាស់ ៨% និងបង្កើតសន្ទុះកំណើនពីរខ្ទង់ក្នុងឆ្នាំបន្ទាប់ វិស័យសេដ្ឋកិច្ចក្រៅរដ្ឋ ត្រូវតែកើនឡើងប្រហែល ១១% ក្នុងមួយឆ្នាំ។
សេចក្តីសម្រេច និងគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលហាក់ដូចជាកម្លាំងចលករសំខាន់សម្រាប់សហគមន៍ធុរកិច្ចវៀតណាម រួមទាំងសហគ្រាសឯកជនទៀតផង។ សហគ្រាសជាច្រើនបានផ្តោតការស្រាវជ្រាវលើ គម្រោងយ៉ាងសកម្ម បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីត្រៀមខ្លួនចូលរួម ទទួលភារកិច្ច និងរួមគ្នាអនុវត្តរាល់គម្រោងថ្នាក់ជាតិផងដែរ៕