ឧស្សាហកម្មផលិតកម្ម៖ មូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ
(VOVWORLD) - ឧស្សាហកម្មផលិតកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងចំណោមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ។ ដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅកំណើនពីរខ្ទង់នៅឆ្នាំនេះ វៀតណាមកំពុងជំរុញឧស្សាហកម្មផលិតកម្មកែច្នែ ដោយខិតខំបង្កើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើន ១២-១៤%។
ក្នុងឆ្នាំ ២០២៥ ឧស្សាហកម្មកែច្នៃនិងផលិតកម្ម មានការកើនឡើងប្រមាណ ១០% ដែលរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ច (ជិត ៣២%)។ ក្នុងនោះ ការកែច្នៃជម្រៅ និងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ គឺជា វិស័យដែលមានឧត្តមភាពយ៉ាងខ្លាំង។
នៅឆ្នាំ ២០២៥ ឧស្សាហកម្មផលិតកម្មនិងកែច្នែ បានកើនឡើងប្រហែល ១០% រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ រូបភាព៖ vneconomy.vn |
នៅក្នុងនិន្នាការអភិវឌ្ឍន៍រួម ឆ្នាំ២០២៦នេះ ក៏ដូចជាដំណាក់កាល ២០២៦-២០៣០ វៀតណាមកំពុងផ្តោតលើការផ្លាស់ប្តូរពីការអភិវឌ្ឍយ៉ាងទូលំទូលាយទៅជាការអភិវឌ្ឍយ៉ាងជម្រៅ ដោយមិនត្រឹមតែលើកកម្ពស់គុណភាពផលិតផលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើការកែច្នៃនិងការដំឡើង ហើយបង្កើនតម្លៃនៅក្នុងវិស័យផលិតកម្មទៀតផង។ លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅកំណើន GDP ចំនួន ១០% ឬច្រើនជាងនៅឆ្នាំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងផ្តោតលើការជំរុញដំណោះស្រាយចំនួនបីក្រុម៖
“ទីមួយ ធ្វើសេនាធិកាដល់ការសុក្រឹត្យស្ថាប័ន គោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឧស្សាហកម្មសំខាន់ៗ និងអាទិភាពមួយចំនួន។ ទីពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីឧបត្ថម្ភអាជីវកម្ម ជំរុញការដាក់ឱ្យដំណើរការនូវគម្រោងផលិតកម្មឧស្សាហកម្មថ្មី ដើម្បីបម្រើដល់ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ ទីបី ឧបត្ថម្ភដល់សហគ្រាសឱ្យបន្តឆ្លៀតយកឱកាសពីគម្រោងវិនិយោគសាធារណៈធំៗ”។
យុទ្ធសាស្ត្រសំខាន់មួយក្នុងដំណាក់កាលខាងមុខ ដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានដាក់ចេញ គឺការជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍នៅក្នុងឧស្សាហកម្មផលិតកម្មកែច្នែ។ តាមនោះ ទីភ្នាក់ងារគ្រប់គ្រងលើកទឹកចិត្តសហគ្រាសឱ្យបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ម្ចាស់ការអនុវត្តបច្ចេកវិទ្យាថ្មីៗ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូលដែលមានតម្លៃបន្ថែមខ្ពស់ ជាបណ្ដើរៗ ។ លោក To Hoai Nam អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម បានចាត់ទុកថា៖ “ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអត្រាកំណើនពីរខ្ទង់ ត្រូវតែផ្តោតសំខាន់លើសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ធ្វើបានដូច្នេះ ទើបយើងអាចបង្កើនតម្លៃបន្ថែម និងឆ្លៀតយកឧត្តមភាពរបស់ខ្លួន”។
លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ រូបថត៖ VOV1 |
មូលដ្ឋានជាច្រើនក៏កំពុងអនុវត្តវិធានការជាបន្ទាន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ តាមទិសដៅអេកូឡូស៊ី និងប្រកបដោយនិរន្តរភាព ដោយផ្លាស់ប្តូរពីការកែច្នៃ និងការដំឡើងទៅជាផលិតកម្មដែលមានតម្លៃខ្ពស់ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាធំៗ និងជំរុញណើនសេដ្ឋកិច្ចរយៈពេលវែង។ លោក Tran Minh Chien ប្រធានគណៈកម្មការគ្រប់គ្រង់នៃតំបន់សេដ្ឋកិច្ចនិងមណ្ឌលឧស្សាហកម្មខេត្ត Khanh Hoa បានឲ្យដឹងថា៖ “ដើម្បីបំពេញតាមតម្រូវការអភិវឌ្ឍឧស្សាហកម្ម តាមទិសដៅបច្ចេកវិទ្យាខ្ពស់ អេកូឡូស៊ី បៃតង និងប្រកបដោយនិរន្តរភាព គណៈកម្មការគ្រប់គ្រង់បានបង្កើតផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមប្រកបដោយសមកាលកម្ម នៅក្នុងតំបន់សេដ្ឋកិច្ច និងមណ្ឌល ឧស្សាហកម្មនានា។ គោលដៅគឺដើម្បីធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ហើយបម្រើតម្រូវការរបស់សហគមន៍ជន។ ការអភិវឌ្ឍឧស្សាហកម្មត្រូវតែផ្សារភ្ជាប់ទៅនឹងការការពារបរិស្ថានបៃតង និងអេកូឡូស៊ី”។
ដើម្បីដាក់គ្រឹះសម្រាប់កំណើនឧស្សាហកម្មក្នុងដំណាក់កាលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងកសាងកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភដំណាក់កាល ២០២៦-២០៣០ រួមទាំងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកទេសទំនើបៗ ដើម្បីគាំទ្រសហគ្រាសឲ្យលើកកម្ពស់សមត្ថភាពផលិតកម្ម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នាពេលខាងមុខ ដើម្បីសម្រេចបានកំណើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) កើនពី ១២ ទៅ ១៤% នៅឆ្នាំនេះ លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាំបាច់ត្រូវទាក់ទាញប្រភពទុនវិនិយោគដ៏ចម្រុះ ដោយបង្កើត "កម្លាំងជំរុញ" បន្ថែមទៀតសម្រាប់ផលិតកម្មឧស្សាហកម្ម៖ “ឧស្សាហកម្មមានតម្រូវការដើមទុនច្រើន និងពេលវេលាប្រមូលទុនមកវិញដ៏យូរ។ ដូច្នេះហើយ ត្រូវការគម្រោងធំៗ និងមានប្រសិទ្ធភាពនៅក្នុងវិស័យថាមពល រ៉ែ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មជាមូលដ្ឋាន ពីការវិនិយោគសាធារណៈ ឬឯកជន ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម តាមនោះ សម្រេចបាននូវគោលដៅកំណើន”។
រោងចក្រវាយនភណ្ឌនៃក្រុមហ៊ុន Jasan Vietnam ក្នុងមណ្ឌលឧស្សាហកម្ម Pho Noi B ខេត្ត Hung Yen។ រូបថត៖ Dang Duy/nhandan.vn |
នៅក្នុងផ្ទាំងគំនូរកំណើននៃសេដ្ឋកិច្ចវៀតណាម ឧស្សាហកម្មកែច្នៃ និងផលិតកម្មកំពុងបង្ហាញតួនាទីកាន់តែខ្លាំងឡើង ជាកម្លាំងចលករកណ្តាល។ តាមពិតទៅ បច្ចុប្បន្ននេះ មុខទំនិញនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាមបានមកពីវិស័យកែច្នៃ និងផលិតកម្ម។ ការវិនិយោគដ៏ត្រឹមត្រូវនៅក្នុងឧស្សាហកម្មនេះ នឹងក្លាយជាគន្លឹះដើម្បីលើកកម្ពស់ផលិតភាពការងារ កែលម្អគុណភាពផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕