ចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri - បេតិកភណ្ឌវប្បធម៌អរូបីជាតិ

(VOVWORLD) - ចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង (គុយទាវចំហុយឬគុយទាវកាត់) Thanh Tri ទើបតែបានចុះបញ្ជីជាបេតិកភណ្ឌអរូបីជាតិ។ ការទទួលស្គាល់នេះ បង្ហាញឱ្យឃើញពីតម្លៃដ៏លេចធ្លោនៃបាញ់គួង Thanh Tri ហើយក៏ជាឱកាសដើម្បីផ្សព្វផ្សាយ និងពង្រីកមុខរបរធ្វើបាញ់គួង Thanh Tri នាពេលខាងមុខផងដែរ។
 
 មុខរបរធ្វើបាញ់គួង Thanh Tri ត្រូវបានរក្សាទុកដោយប្រជាជនជាច្រើនជំនាន់នៅសង្កាត់ Vinh Hung ទីក្រុងហាណូយ។
ចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri - បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 1លោកស្រី Hoang Thi Lan ធ្វើបាញ់គួង Thanh Tri។ (រូបថត៖ Huyen Trang/VOV៥)

នៅជាប់ឆ្នាំងចំហុយដ៏តូច អ្នកស្រី Hoang Thi Lan កំពុងប្រញាប់ប្រញាល់វៀសម្សៅឲ្យបានស្ដើងបំផុត។ ពេលដែលមានអតិថិជនមកពីឆ្ងាយ លោកស្រី Lan តែងតែដំណាល់រឿងប្រកបដោយមោទនភាពអំពីរបរធ្វើបាញ់គួងនៃស្រុកកំណើតខ្លួនឯង។ គ្រួសាររបស់លោកស្រីបានប្រកបរបរធ្វើបាញ់គួង Thanh Tri បាន ៣ ជំនាន់មកហើយ។ លោកស្រីបានរៀនរបរពីម្តាយ ប៉ុន្តែមិនមានរូបមន្តជាក់លាក់ណាមួយឡើយ។ ចាប់ពីការកិនម្សៅ រហូតដល់ការវៀសម្សៅ សុទ្ធតែអាស្រ័យទៅលើបទពិសោធន៍ អារម្មណ៍ និងសេចក្តីស្រឡាញ់ផ្ទាល់ខ្លួន។ កាលពីមុន ប្រជាជន Thanh Tri បានប្រើឆ្នាំងស្ពាន់ ចង្ក្រានធ្យូង និងវៀសម្សៅដោយដៃ។ សព្វថ្ងៃនេះ ប្រជាជនប្រើប្រាស់ម៉ាស៊ីនកិនម្សៅ និងឆ្នាំងអគ្គិសនី ប៉ុន្តែនៅតែរក្សាបាននូវបច្ចេកទេសធ្វើបាញ់គួងបែបប្រពៃណីតាំងពីមុន។ ថ្វីត្បិតតែមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ក៏ក្ដីស្រឡាញ់ និងការជក់ចិត្តចិត្តចំពោះវិជ្ជាជីវៈនេះ នៅតែត្រូវបានរក្សាដដែល។ លោកស្រី Hoang Thi Lan បានឲ្យដឹងថា៖

“ខ្ញុំធ្វើបាញ់គួងតាំងពីអាយុ១២ឆ្នាំមកហើយ។ ពេលនោះ ខ្ញុំកិនម្សៅឲ្យម្តាយធ្វើ។ កាលពីមុន ខ្ញុំកិនដោយត្បាល់ថ្ម។ ក្មេងស្រីទាំងអស់នៅ Thanh Tri ត្រូវចេះធ្វើបាញ់គួង។ មើលម្តាយធ្វើ ហើយយើងរៀនបណ្តើរៗពីម្ដាយ ហើយកូនខ្ញុំក៏រៀនបែបនេះដែរ។ ពីមុនម្តាយខ្ញុំចិញ្ចឹមបងប្អូន៥។ ឥឡូវនេះ ខ្ញុំចិញ្ចឹមកូន២នាក់ ទាំងកូនប្រុសកូនស្រីអាចធ្វើបាញ់គួងដោយខ្លួនឯង»។

ចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri - បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 2មុខម្ហូបបាញ់គួង Thanh Tri។ (រូបថត៖ VOV៥)

របរប្រពៃណីធ្វើបាញ់គួង Thanh Tri បង្កប់នូវគុណតម្លៃនៃចំណេះដឹងប្រជាប្រិយអំពីដំណើរការផលិត ចាប់ពីដំណាក់កាលជ្រើសរើសអង្កររហូតដល់របៀបកែច្នៃ។ គ្រឿងផ្សំស្នូលសម្រាប់ធ្វើបាញ់គួងគឺអង្ករ។ បាញ់គួងមាន ២ ប្រភេទគឺ បាញ់គួងខ្ចប់ខ្ទឹមវែងចៀន និងបាញ់គួងខ្ចប់សាច់ចិញ្ច្រាំ។ សំបកបាញ់គួង Thanh Tri ត្រូវបានវៀសដោយដៃ សំបកកាន់តែស្តើង កាន់តែឆ្ងាញ់។ ដើម្បីធ្វើបានមុខម្ហូបនេះ ត្រូវតែមានរូបមន្តនិងបាតដៃដ៏ប៉ិនប្រសប់របស់ប្រជាជន Thanh Tri។ លោកស្រី Duong Thi Tuyet បានឲ្យដឹងថា៖

“បាញ់គួង Thanh Tri ត្រូវតែធ្វើឲ្យស្តើងបំផុត។ ពីមុន ម្សៅកិនដោយដៃ មិនម៉ត់ស្មើគ្នាទេ តែឥឡូវ កិនដោយម៉ាស៊ីនដូច្នេះម្សៅរលោង ម៉ត់ខែនិងឆ្ងាញ់ណាស់។ ខ្ញុំត្រាំអង្កររយៈពេល ២ ម៉ោង រួចកិន ពេលកិនម្សៅខ្ញុំដាក់ទឹក និងទឹកកកឱ្យម្សៅត្រជាក់ កិនរួចមកខ្ញុំដាក់ទឹកបន្ថែមទៀត។ សម្រាប់ម្សៅ ៣ គីឡូក្រាមខ្ញុំដាក់បន្ថែមអំបិល ១០០ ក្រាម កូរឱ្យបានម៉ត់ហ្មត់។ ពេលវៀសម្សៅត្រូវធ្វើឲ្យស្មើគ្នា។ នោះគឺជាអាថ៌កំបាំងរបស់ Thanh Tri ដែលមិនអាចរកឃើញនៅកន្លែងផ្សេងៗបានឡើយ”។

នៅពេលដែលចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ ប្រជាជន Thanh Tri ជាពិសេសជំនាន់យុវជនដែលកំពុងស្នងបន្តអាជីពនេះ មានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង។ សម្រាប់ពួកគេ នេះជាឱកាសមួយ ប៉ុន្តែក៏ជាទំនួលខុសត្រូវក្នុងការថែរក្សា និងផ្សព្វផ្សាយបន្ថែមទៀតអំពីរបរប្រពៃណីនៃស្រុកកំណើត។ អ្នកស្រី Nguyen Thi Lan Huong បានឲ្យដឹងថា៖

“ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានកើតនិងធំដឹងក្ដីនៅក្នុងគ្រួសារដែលមានប្រពៃណីធ្វើបាញ់គួង។ ប្រសិនបើចង់ផ្សព្វផ្សាយឲ្យមុខរបរប្រពៃណីរបស់ភូមិខ្ញុំ ដំបូងឡើយ ខ្ញុំត្រូវលើកកំពស់ជំនាញ ខិតខំប្រឹងប្រែងបន្តិចម្ដងៗជារៀងរាល់ថ្ងៃ ដើម្បីឲ្យមុខម្ហូបដែលខ្ញុំធ្វើ ត្រូវបានអតិថិជនសរសើរថា ឆ្ងាញ់ជាងថ្ងៃមុន។ ជោគជ័យដំបូងគឺមកពីបទពិសោធន៍របស់អតិថិជន។ បន្ទាប់នោះទើបខ្ញុំផ្សព្វផ្សាយយ៉ាងទូលំទូលាយជាង ដូចជាការបង្ហោះនៅលើ Facebook, Zalo ឬប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ដើម្បីឧទ្ទេសនាមផលិតផលរបស់ខ្លួនទៅកាន់មនុស្សកាន់តែច្រើន”។

ចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri - បេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 3សំបកបាញ់គួងត្រូវបានធ្វើឲ្យស្ដើងបំផុត។ (រូបថត៖ VOV៥)

ចំណែកឯខាងអាជ្ញាធរវិញ លោកស្រី Quan Thi Van Anh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Vinh Hung បានមានប្រសាសន៍ថា៖

“ការចុះបញ្ជីចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri ក្នុងបញ្ជីបេតិកភណ្ឌជាតិគឺជាការទទួលស្គាល់របស់រដ្ឋ ចំពោះតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ដែលត្រូវបានថែរក្សា និងបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយទៀត បញ្ជាក់អំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងបច្ចេកទេសប្រពៃណីនៃមុខរបរនេះ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានក្នុងការអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយមុខរបរឲ្យកាន់តែប្រសើរឡើង។ នេះក៏ជាមូលដ្ឋានដ៏សំខាន់ ដើម្បីឲ្យសិប្បករ ក្រុមគ្រួសារប្រកបរមុខរបរនេះ ទទួលបានគោលនយោបាយគាំទ្ររបស់រដ្ឋ និងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាលក្ខណៈស្រស់ស្អាតប្រពៃណី អភិវឌ្ឍន៍ផលិតកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជំនាន់យុវជនផងដែរ។ នាពេលខាងមុខ អាជ្ញាធរសង្កាត់ Vinh Hung នឹងផ្តោតលើការអនុវត្តដំណោះស្រាយជាក់លាក់មួយចំនួន ដើម្បីអភិរក្សនិងពង្រីកតម្លៃនៃមុខរបរធ្វើបាញ់គួង Thanh Tri ដោយផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយរូបភាពមូលដ្ឋាននិងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព។”

បាញ់គួង Thanh Tri ធ្លាប់បានឈានចូលស្នាដៃអក្សរសិល្ប៍របស់អ្នកនិពន្ធវៀតណាមល្បីៗដូចជា៖ Thach Lam, Vu Bang, To Hoai... មុខរបរធ្វើបាញ់គួង Thanh Tri ត្រូវបានបង្កើតម៉ាកយីហោសមូហភាពក្នុងឆ្នាំ ២០១៥ ហើយចំណេះដឹងប្រជាប្រិយអំពីរបរធ្វើបាញ់គួង Thanh Tri ទើបតែត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីជាតិ។ បាញ់គួង Thanh Tri នឹងឈានឆ្ងាយបន្ថែមទៀត ដើម្បីរួមចំណែកផ្សព្វផ្សាយលក្ខណៈវិសេសវិសាលនៃភោជនីហារដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ