ភូមិ Kep អភិរក្សរបរតម្បាញចរបាប់ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍

(VOVWORLD) - ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៩ មក ក្លឹបតម្បាញចរបាប់ នៅភូមិ Kep ឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍។ ស្ត្រីជនជាតិ Jrai នៅទីនេះធ្វើអាជីវកម្មទេសចរណ៍ ដោយគួបផ្សំនឹងបទពិសោធន៍នៃការត្បាញចរបាប់ តាមនោះ ថែរក្សាបាននូវវប្បធម៌ប្រពៃណីផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។

ភូមិ Kep អភិរក្សរបរតម្បាញចរបាប់ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 1ស្ត្រីជនជាតិ Jrai នៅឃុំ Ia Mo Nong ត្បាញក្រណាត់។ (រូបថត៖ Ngoc Anh/VOV ៥)

មុខរបរតម្បាញចរបាប់របស់ជនជាតិ Jrai ជារបរប្រពៃណីដែលបានបន្សល់ទុកជាច្រើនជំនាន់មកហើយ។ ជនជាតិ Jrai ជឿថា ស្ត្រីត្រូវតែចេះត្បាញក្រណាត់។ អ្នកស្រី Ro Cham H' Xuyet បានឲ្យដឹងថា៖

“ស្ត្រីជនជាតិ Jrai ពេលធំឡើង ត្រូវរៀនត្បាញចរបាប់ ដើម្បីធ្វើជាបណ្ណាការក្នុងពិធីមង្គលការ។ ពេលមកដល់ផ្ទះកូនកំលោះ ស្ត្រីត្រូវជូនឪពុកម្ដាយកូនកំលោះ ខោ អាវ ក្រណាត់ ដូចជាបណ្ណាការអញ្ចឹង។ ប្រសិនបើស្ត្រីមិនចេះត្បាញទេ នាងត្រូវបានគេចាត់ទុកថា មិនប៉ិនប្រសបឡើយ។ ផលិតផលតម្បាញជាធម្មតា មានភួយ កន្សែង អាវ សំពត់ កាបូប ជាដើម”។

ក្រណាត់ចរបាប់របស់ជនជាតិ Jrai ជាធម្មតាមានបីពណ៌ចម្រុះ គឺក្រហម ខ្មៅ និងស។ ផ្ទាំងក្រណាត់នីមួយៗត្រូវបានត្បាញដោយដៃ ដែលបង្ហាញពីភាពប៉ិនប្រសប និងទេពកោសល្យរបស់ជាងតម្បាញ។ អ្នកស្រី Siu Thoi បានឲ្យដឹងថា៖

“ក្រណាត់ត្រូវបានត្បាញដោយដៃ។ ក្បូរក្បាច់រចនាតែងតែជារូបភាពសត្វស្លាប ត្រី ស្មៅ ដើមឈើ ផ្កា ស្លឹក... ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិយើង។ សម្លៀកបំពាក់មួយឈុតជាធម្មតាចំណាយពេលមួយសប្តាហ៍ដើម្បីត្បាញបាន”។

ភូមិ Kep អភិរក្សរបរតម្បាញចរបាប់ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 2ប្រជាជននៅឃុំ Ia Mo Nong សំដែងគងឃ្មោះ។ (រូបថត៖ Ngoc Anh/VOV ៥)

បច្ចុប្បន្ននេះ អង្គភាពអាជីវកម្មមួយចំនួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីទិញ និងផ្គត់ផ្គង់ផលិតផលតម្បាញចរបាប់ប្រពៃណីរបស់ប្រជាជនមូលដ្ឋាន នៅតាមបណ្តាញហាងក្នុងស្រុក ហើយឆ្ពោះទៅរកការនាំចេញ។ ពីនោះ បើកឱកាសសម្រាប់ការអភិរក្ស និងអភិវឌ្ឍរបរតម្បាញប្រពៃណី។ ភ្ញៀវទេសចរពេលមកទស្សនាម្ដងៗ ក៏ទិញផលិតផលតម្បាញចរបាប់ ទុកជាកាដូផងដែរ។ អ្នកស្រី Ro Cham A Ngo បានឲ្យដឹងថា៖

“ត្បាញកន្សែង ខោ អាវ កាបូប... សម្រាប់លក់នៅខេត្ត Gia Lai និងលក់ឲ្យភ្ញៀវទេសចរ។ ភ្ញៀវទេសចរមកទីនេះទិញច្រើនណាស់។ ពួកគេក៏ចូលចិត្តមើលជនជាតិ Jrai ត្បាញក្រណាត់ដែរ”។

ក្រៅពីការអភិរក្ស និងអភិវឌ្ឍរបរតម្បាញប្រពៃណី ភូមិ Kep ក៏កសាងគំរូទេសចរណ៍សហគមន៍ផងដែរ។ ភ្ញៀវទេសចរពេលមកដល់ភូមិ អាចទៅទស្សនាផ្ទះរ៉ុង តំបន់ផ្នូរ ល្បាក់ទឹក វាលស្រូវ និងមើលការនេសាទ... នៅពេលយប់ ភ្ញៀវក៏អាចទទួលទានម្ហូបអាហារ ទស្សនារបាំ xoang និងការសម្តែងគងឃ្មោះ។ អ្នកស្រី H'Uyen Nie អនុប្រធានគណៈគ្រប់គ្រងទេសចរណ៍សហគមន៍ភូមិ Kep អនុប្រធានសមាគមនារីឃុំ Ia Mo Nong បានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំដំណើរកម្សាន្តបទពិសោធន៍ រៀបចំកញ្ចប់ឆ្លងកាត់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរ ជាមួយនឹងសកម្មភាពជាច្រើន។ ភ្ញៀវទេសចរក៏ទទួលបានបទពិសោធន៍ពីសម្រស់វប្បធម៌ និងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុក។ ជាឧទាហរណ៍ យើងខ្ញុំបានសម្ដែងឡើងវិញនូវការបុកស្រូវពីមុន ដើម្បីឲ្យភ្ញៀវក៏ចូលរួមបុកស្រូវ រែងអង្ករ បំបែកគ្រាប់ និងដាំបាយ។ រៀបចំការប្រកួតបុកស្រូវសម្រាប់ភ្ញៀវទេសចរ ហើយអ្នកណាដែលបុកស្រូវលឿនបំផុតនឹងទទួលបានកាដូ។ លើសពីនេះ យើងខ្ញុំបានណែនាំភ្ញៀវទេសចរពីរបៀបត្បាញកន្ត្រក កាផា ត្បាញចរបាប់ ស្គាល់វប្បធម៌គងឃ្មោះ... ឬឱ្យភ្ញៀវទទួលបានបទពិសោធន៍តាមរដូវកាល ឧទាហរណ៍ ក្នុងរដូវប្រមូលផលកាហ្វេ យើងខ្ញុំឱ្យភ្ញៀវទេសចរសាកល្បងបេះផ្លែកាហ្វេ... នៅខែមីនា មានពិធីបុណ្យ Po thi ដែលជាពិធីបុណ្យដ៏ធំបំផុតរបស់ប្រជាជននៅតំបន់តីង្វៀន ដូច្នេះភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីពិធីបុណ្យនេះ។ គំរូបែប នេះពិតជាទាក់ទាញភ្ញៀវទេសចរខ្លាំងណាស់”។ 

ភូមិ Kep អភិរក្សរបរតម្បាញចរបាប់ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 3សួនកាហ្វេនៅឃុំ Ia Mo Nong។ (រូបថត៖ Ngoc Anh/VOV ៥)

ក្រុមភ្ញៀវទេសចរក្នុងស្រុកនិងបរទេសកាន់តែច្រើនឡើងៗ បានធ្វើដំណើរទេសចរណ៍ឆ្លងកាត់បទពិសោធន៍សហគមន៍នៅក្នុងភូមិ។ លោក Pranav Seth ភ្ញៀវទេសចរ និងជាអ្នកថតរូបជនជាតិឥណ្ឌា បាននិយាយថា៖

“តាមរយៈសមាគមថតរូប Gia Lai ខ្ញុំបានស្គាល់ដល់សម្រស់ដ៏រហោស្ថាន និងសាមញ្ញនៅទីនេះ ដូច្នេះហើយខ្ញុំបានមកទីនេះដើម្បីទទួលបទពិសោធន៍ និងចាប់យកពេលវេលានៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ខ្ញុំអាចឃើញភាពស្រស់ស្អាត ភាពរួសរាយរាក់ទាក់ របស់ប្រជាជននៅទីនេះ។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំនឹងផ្សព្វផ្សាយអំពីវប្បធម៌ និងមនុស្សវៀតណាម”។

ក្រោយរយៈពេលដ៏វែងមួយដែលហាក់ដូចជាត្រូវគេបំភ្លេច ប៉ុន្តែឥឡូវនេះ របរ តម្បាញចរបាប់របស់ភូមិ Kep បានរស់ឡើងវិញ និងរីកចម្រើនជាបណ្ដើរៗ។ ចាប់តាំងពីមានការអភិវឌ្ឈរបរតម្បាញប្រពៃណី គួបផ្សំនឹងទេសចរណ៍សហគមន៍ មុខមាត់ភូមិ Kep បានផ្លាស់ប្តូរ ខណៈដែលជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានកាន់តែប្រសើរឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ