ភូមិខ្ពង់រាបនៅខេត្ត Quang Nam អភិវឌ្ឍន៍ទេសចរណ៍សហគមន៍

(VOVWORLD) - បណ្ដាភូមិខ្ពង់រាបក្នុងខេត្ត Quang Nam បានអនុវត្តន៍ដោយជោគជ័យនូវគំរូទេសចរណ៍សហគមន៍មួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនអញ្ជើញមកទស្សនា និងទទួលបទពិសោធន៍។

ភូមិខ្ពង់រាបនៅខេត្ត Quang Nam អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 1ផ្ទះ Gươl នៅភូមិទេសចរណ៍សហគមន៍ Ta Lang។ រូបថត៖ Tuyết Lê/VOV

ភូមិទេសចរណ៍សហគមន៍ Ta Lang ឃុំ Bha Leê ស្រុក Tay Giang ខេត្ត Quang Nam ស្ថិតនៅតាមបណ្តោយផ្លូវរឿងព្រេងនិទានហូជីមិញ។ ភ្ញៀវទេសចរមកទីនេះ អាចចូលរួមជាមួយអ្នកស្រុក ចូលក្នុងព្រៃបេះបន្លែ បេះពន្លកឬស្សី ចុះទៅអូរចាប់ត្រី ចម្អិនម្ហូបអាហារដោយខ្លួនឯង និងទស្សនាការសំដែងឧបករណ៍ភ្លេង ចម្រៀងប្រជាប្រិយ និងក្បាច់របាំរបស់ជនជាតិ Co Tu ក្រោមដំបូលផ្ទះ Guol ដែលជាផ្ទះប្រពៃណីរបស់ជនជាតិ Co Tu។

លោក A Lang Mit នៅឃុំ Bha Leê ស្រុក Tay Giang បានឲ្យដឹងថា៖ កាលពីឆ្នាំមុនៗ ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Co Tu ពឹងផ្អែកតែលើការធ្វើស្រែចំការប៉ុណ្ណោះ។ ភាពក្រីក្រ និងភាពអត់ឃ្លានកើតមានជារាំរ៉ៃ។ ចាប់តាំងពីការបង្កើតភូមិទេសចរណ៍សហគមន៍ Ta Lang ក្នុងឆ្នាំ ២០១៩ មក ជីវភាពរបស់គ្រួសារលោក Mit ក៏ដូចជាអ្នកភូមិ ចាប់ផ្តើមមានភាពប្រសើរឡើង។ គ្រួសាររបស់លោក Mit បានទទួលជំនួយចំនួន ៤០ លានដុង (១៦០០ ដុល្លារអាមេរិក) ពីរដ្ឋ ហើយលោកបានខ្ចីបន្ថែមទៀតដើម្បីជួសជុលផ្ទះខ្លួនឯងទៅជាផ្ទះសំណាក់បែបហូមស្ទេ។ ភ្ញៀវទេសចរអាចស្នាក់នៅផ្ទះសំណាក់ក្នុងតម្លៃ ១០ ម៉ឺន ដុង/នាក់/យប់ (៣,៨៤ ដុល្លារ)។ លោក A Lang Mit បានឲ្យដឹងថា៖

«ពេលមានភ្ញៀវមកដល់ ប្រជាជនសប្បាយចិត្តណាស់។ នៅទីនេះទេសចរណ៍សហគមន៍កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមុន ប្រសិនបើយើងត្រឹមតែធ្វើស្រែចម្ការប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតនោះឡើយ តែឥឡូវនេះធ្វើទេសចរណ៍ ដូច្នេះជីវភាពកាន់តែប្រសើរជាង»។

ពេលមកដល់ភូមិ ភ្ញៀវទេសចររំភើបរីករាយនឹងការសម្ដែងជាច្រើនដូចជា ក្បាច់របាំនិង
បទចម្រៀងប្រជាប្រិយ របស់អ្នកស្រុក។ ភ្ញៀវទេសចរក៏អាចចូលទស្សនាតំបន់ព្រៃ Po Mu ព្រៃផ្ការ៉ូដូដេនដ្រុនបុរាណ ដែលនៅតែរក្សាបាននូវលក្ខណៈដើមនៃព្រៃឈើ។ លោក Mac Nhu Phuong ប្រធានស្តីទីគណៈកម្មាធិការប្រជាជនស្រុក Tay Giang បានឲ្យដឹងថា៖

“ស្រុកបានផ្តោតសំខាន់លើការវិនិយោគ និងជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសទេសចរណ៍សហគមន៍នៅភូមិ Ta Lang ឃុំ Bha Lee។ លើសពីនេះ ប្រជាជនបានបង្កើតតំបន់ទេសចរណ៍អេកូឡូស៊ីមួយចំនួនដូចជា តំបន់ទេសចរណ៍ Dinh Que តំបន់ទេសចរណ៍ Loc Troi ហើយតំបន់ទេសចរណ៍ទាំងនេះកំពុងដំណើរការល្អ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ ស្រុកក៏បន្តយកចិត្តទុកដាក់រៀបចំវគ្គបណ្ដុះបណ្ដាល ណែនាំប្រជាពលរដ្ឋពីវិធីអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមនិងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ផងដែរ។

ភូមិខ្ពង់រាបនៅខេត្ត Quang Nam អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 2ភ្ញៀវទេសចរបរទេសមកទស្សនាភូមិទេសចរណ៍សហគមន៍នៅស្រុក Dong Giang។ រូបថត៖ Tuyết Lê/VOV

ក្នុងពេលជាមួយគ្នានោះ នៅស្រុក Dong Giang ភូមិទេសចរណ៍សហគមន៍ DhRoong ឃុំ Ta Lu បានដំណើរការតាំងពីឆ្នាំ ២០១៩ មក ដោយមានប្រជាជនចំនួន ៣៥ គ្រួសារចូលរួម។ អ្នកស្រី Briu Thi Hanh សមាជិកក្រុមតម្បាញចរបាប់ភូមិទេសចរណ៍សហគមន៍ DhRoong បាននិយាយថា ពីមុន ការត្បាញចរបប់គឺប្រើតែក្នុងគ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ផលិតផលត្រូវបានប្រើជាកាដូលក់ឲ្យភ្ញៀវទេសចរ ដូច្នេះហើយជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរ។ អ្នកស្រី Hanh បានឲ្យដឹងថា៖

"កន្សែងក លក់ក្នុងតម្លៃ ២៥ ម៉ឺន ដុង/គ្រឿង (១០,៨ ដុល្លារ) ផលិតផលនេះត្រូវបានទទួលស្គាល់ថាជាផលិតផល OCOP។ ហើយខ្ញុំក៏ត្បាញរបស់ផ្សេងទៀតជាកាដូអនុស្សាវរីយ៍ផងដែរដូចជា៖ ថង់ កាបូបទូរសព្ទ កាបូបប៊ិច ជាដើម"។

ភូមិខ្ពង់រាបនៅខេត្ត Quang Nam អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 3ភ្ញៀវទេសចរមើលអ្នកស្រុកត្បាញចរបាប់។ រូបថត៖ Tuyết Lê/VOV

បច្ចុប្បន្ននេះ មានភូមិរាប់សិបនៅតាមស្រុកភ្នំនៃខេត្ត Quang Nam កំពុងអភិវឌ្ឍន៍គំរូទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍ភូមិសិប្បកម្ម។ ខេត្ត Quang Nam មានគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ភូមិទេសចរណ៍ដូចជា៖ បង្កើនការតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម ភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ជំរុញសកម្មភាពផ្សព្វផ្សាយតាមមធ្យោបាយទំនាក់ទំនង និងបណ្តាញសង្គមដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖

“ខេត្ត Quang Nam ផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍តាមតំបន់ភ្នំ។ ខេត្តលើកទឹកចិត្តឲ្យមានការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ភូមិសិប្បកម្មទេសចរណ៍ និងទេសចរណ៍ជនបទ។ អាជ្ញាធរបានរួមបញ្ចូលគ្នានូវដំណើរទេសចរណ៍ និងផ្លូវទេសចរណ៍នៅ Hoi An និង My Son ជាមួយទេសចរណ៍តាមឆ្នេរសមុទ្រខេត្ត Quang Nam។ ខ្ញុំជឿថា ការរួមបញ្ចូលបែបនេះ នឹងនាំមកនូវតម្លៃខ្ពស់ជូនអ្នកដែលចូលរួមអភិវឌ្ឍន៍ទេសចរណ៍សហគមន៍តាមតំបន់ភ្នំនៃខេត្ត Quang Nam”។

ពីមុន ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Co Tu នៅខេត្ត Quang Nam ភាគច្រើនពឹងផ្អែកលើការធ្វើស្រែចំការ ដូច្នេះជីវភាពរស់នៅមានការលំបាក។ ចាប់តាំងពីបានចូលរួមអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយជីវភាពកាន់តែមានស្ថិរភាពដែរ។ នាពេលខាងមុខ ប្រជាជននឹងបន្តកសាងផលិតផលទេសចរណ៍ថ្មី បម្រើតម្រូវការចម្រុះ ដើម្បីឲ្យតំបន់ខ្ពង់រាប Quang Nam ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ