ភូមិប្រកបរបរចាក់ពុម្ភសំរិទ្ធប្រពៃណីរស់រានឡើងវិញក្នុងសម័យបច្ចេកវិទ្យា

(VOVWORLD) - កាលពីជាង ៣០០ ឆ្នាំមុន ប្រជាជនវៀតណាមដែលធ្វើដំណើរទៅគាស់រានដីភាគខាងត្បូង បានបង្អង់ដំណើររបស់ខ្លួននៅ Long Dien (ស្ថិតក្នុង Ba Ria Vung Tau សព្វថ្ងៃជាទីក្រុងហូជីមិញ) ដើម្បីតាំងទីលំនៅបង្កើតអាជីព។ នៅពេលដែលចំនួនប្រជាជនកើនឡើង មុខរបរកសិកម្ម និងសិប្បកម្មត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ជាបណ្ដើរៗ រួមទាំងមុខរបរចាក់ពុម្ភសំរិទ្ធផងដែរ។

ភូមិប្រកបរបរចាក់ពុម្ភសំរិទ្ធប្រពៃណីរស់រានឡើងវិញក្នុងសម័យបច្ចេកវិទ្យា - ảnh 1ភូមិរបរ Long Dien។ (រូបថត៖ brt.vn)

ឆ្លងកាត់រយៈពេលរាប់រយឆ្នាំនៃការបង្កើត និងអភិវឌ្ឍមក អ្នកភូមិនៅតែបន្ត និងថែរក្សាមុខរបរចាក់ពុម្ភសំរិទ្ធ ដើម្បីឲ្យម៉ាកយីហោសំរិទ្ធ Long Dien បន្តត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយក្នុងជីវភាពសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។  

សព្វថ្ងៃនេះ ប្រសិនបើមានឱកាសមកទីនេះ ភ្ញៀវទេសចរអាចទស្សនាសិប្បកម្មចាក់ពុម្ភសំរិទ្ធ ទស្សនាសិប្បករឆ្លាក់លំនាំនីមួយៗយ៉ាងប៉ិនប្រសប់ ឬស្តាប់សំឡេងដាប់ចោះដ៏អ៊ូអរពាសពេញផ្លូវក្នុងភូមិ។

ភូមិប្រកបរបរចាក់ពុម្ភសំរិទ្ធប្រពៃណីរស់រានឡើងវិញក្នុងសម័យបច្ចេកវិទ្យា - ảnh 2ដំណាក់កាលមួយដើម្បីបង្ហើយផលិតផលសំរិទ្ធ។ (ប្រភព៖ brt.vn)

ចាប់ពីសតវត្សន៍ទី ១៧ មក ផលិតផលសំរិទ្ធនៃភូមិ Long Dien មានភាពល្បីល្បាញនៅទូទាំងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង ជាមួយនឹងផលិតផលជាច្រើនដូចជា ជួង ជើងដោតធូប ជាដើម។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ មុខរបរចាក់ពុម្ភសំរិទ្ធនៅតែត្រូវបានរក្សាទុកដោយមនុស្សដែលស្រឡាញ់របរនេះ៖

“តាំងពីខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានឃើញអ្នកភូមិទាំងមូលប្រកបរបរ ចាក់ពុម្ភសំរិទ្ធនេះហើយ។ ពេលខ្ញុំធំដឹងក្ដី ឪពុកម្ដាយបានបង្រៀនខ្ញុំពីរបរនេះ។ ខ្ញុំស្រឡាញ់របរនេះ ព្រោះវាបានបន្សល់ទុកពីជីដូនជីតា និងឪពុកម្តាយរបស់ខ្ញុំ ហើយខ្ញុំប្ដេជ្ញាចិត្តថែរក្សារបរនេះ”។

“ជីដូនជីតា និងឪពុកម្តាយរបស់ខ្ញុំបានបន្សល់ទុករបរនេះ។ ពេលដែលខ្ញុំធំដឹងក្តី ខ្ញុំបន្តអាជីពគ្រួសារ មិនជ្រើសរើសរបរផ្សេងទៀតឡើយ។ រហូតមកដល់ពេលនេះ គ្រួសារខ្ញុំប្រកបរបរនេះបាន៤ជំនាន់ហើយ។ ខ្ញុំមិនដែលបោះបង់ចោលរបរនេះទេ លុះត្រាតែពេលខ្ញុំស្លាប់ បើមិនដូច្នេះទេ ខ្ញុំនៅតែតាំងចិត្តប្រកបរបរនេះ។ ប្រសិនបើជំនាន់យុវជនចង់រៀន ខ្ញុំត្រៀមបង្រៀនគេគ្រប់បែបយ៉ាង”។

ភូមិប្រកបរបរចាក់ពុម្ភសំរិទ្ធប្រពៃណីរស់រានឡើងវិញក្នុងសម័យបច្ចេកវិទ្យា - ảnh 3លោក Tran Van Nhan សិប្បករនៃភូមិចាក់ពុម្ភសំរិទ្ធ Long Dien។ (ប្រភព៖ brt.vn)

ជាមួយនឹងភាពប៉ិនប្រសប់ និងច្នៃប្រឌិត របស់ជាងសិតសំរឹទ្ធស្ទាត់ជំនាញ ផលិតផលសំរិទ្ធនៃភូមិរបរនេះ នៅតែរក្សាបាននូវលក្ខណៈប្រពៃណីផ្ទាល់ខ្លួនខណៈដែលមានការច្នៃប្រឌិតសមស្របនឹងសម័យកាល។ ជាពិសេស ការអនុវត្តបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនក្នុងការផលិតបានរួមចំណែកជំរុញផលិតកម្ម នៅក្នុងភូមិ ជួយឱ្យសិប្បកម្មលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ លោក Tran Van Nhan សិប្បករក្នុងភូមិបានឲ្យដឹងថា៖

“ជីវភាពឥឡូវនេះ បានផ្លាស់ប្តូរច្រើន និងទំនើបជាងមុន។ ឥឡូវនេះ សិប្បកម្មនៅតែធ្វើតាមប្រពៃណីការចាក់ពុម្ភសំរឹទ្ធរបស់ដូនតា ប៉ុន្តែក៏ប្រើបច្ចេកវិទ្យាបន្ថែមទៀត។ លែងប្រើអុសទៀតហើយជំនួសដោយម៉ាស៊ីន។ ប្រការសំខាន់គឺផលិតផលរបស់យើងផ្លាស់ប្តូរដើម្បីបំពេញតាមចំណង់ចំណូលចិត្តទីផ្សារ។ ជាទូទៅ មុខរបរនេះមានស្ថិរភាព ហើយមិនត្រូវសាបសូន្យឡើយ”។

របរស្ថេរភាពបានបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់កម្មកររាប់ម៉ឺននាក់នៅក្នុងនិងក្រៅប្រទេស។ ជាពិសេស យុវជនកាន់តែមានការជក់ចិត្តនឹងមុខរបរដែលដូនតាបន្សល់ទុកមក។ លោក Nguyen Thanh Hoai សិប្បកម្មចាក់ពុម្ភសំរឹទ្ធ Tran Tam Hong Nhan បានឲ្យដឹងថា៖

“នៅពេលខ្ញុំមកទីនេះដើម្បីធ្វើការ ខ្ញុំត្រូវបានណែនាំយ៉ាងយកចិត្តទុកដាក់។ ចំណែកប្រាក់ចំណូលក៏មានស្ថិរភាព ហើយប្រាកដជា ខ្ញុំនឹងបន្តប្រកបមុខរបរនេះយ៉ាងយូរអង្វែង”។

ដើម្បីមានផលិតផលសំរិទ្ធពេញលេញ សិប្បករត្រូវអនុវត្តន៍ដំណាក់កាលជាច្រើនដូចជា បង្កើតពុម្ភ លាយសំរិទ្ធ និងចាក់សំរឹទ្ធទៅក្នុងពុម្ភ...។ ក្នុងនោះ ដំណាក់កាលបង្កើតពុម្ភត្រូវចំណាយពេលវេលាច្រើនបំផុត ដោយទាមទារឱ្យសិប្បករមានភាពល្អិតល្អន់ និងប៉ិនប្រសប់។

ភូមិប្រកបរបរចាក់ពុម្ភសំរិទ្ធប្រពៃណីរស់រានឡើងវិញក្នុងសម័យបច្ចេកវិទ្យា - ảnh 4ជួងសំរិទ្ធគឺជាផលិតផលដ៏ល្បីមួយរបស់ភូមិ Long Dien។ (ប្រភព៖ brt.vn)

គ្រាន់តែឃើញដោយផ្ទាល់ភ្នែកនូវជួងសំរិទ្ធពណ៌ភ្លឺរលោងជាមួយនឹងក្បូរក្បាច់រចនាសត្វនាគបង្វិលមួយគូ និងពាក្យពេជ្រដែលបានឆ្លាក់លើតួកណ្ដឹង ទើបអ្នកអាចយល់ច្បាស់ពីទេពកោសល្យរបស់សិប្បករ។ ភ្ញៀវទេសចរ Duong Van Thai មកពី Hai Phong បានសម្តែងថា៖

“ពិតជាអស្ចារ្យណាស់ដែលមុខរបរប្រពៃណីត្រូវបានរក្សាទុកនៅទីនេះ។ ខ្ញុំមានអារម្មណ៍សោមនស្សរីករាយ ដោយបានទស្សនាសិប្បករបង្កើតជួងសំរិទ្ធ។ ចាប់ពីដំណាក់កាលភ្ជាប់ក្រមួនឃ្មុំ រួចយកទៅសម្ងួត បង្កើតពុម្ភ ចាក់ពុម្ភ ដំណាក់កាលនីមួយៗគឺល្អិតល្អន់និងស្មុគ្រស្មាញណាស់”។

ជាងសំរិទ្ធជាមួយនឹងទេពកោសល្យ ភាពប៉ិនប្រសប់របស់ខ្លួន បានបង្កើតជាផលិតផលសំរិទ្ធដ៏ស្រស់ស្អាត និងប្រណិត ដូចជា ជើងពានធូប ជើងចង្កៀង ជួងធំ ជួងតូច ឆាប គងឃ្មោះ ឬរបស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជា ស្ពក ឆ្នាំង ហិបស្លា ថាស ចាន ជាដើម។ នៅចំពោះមុខការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃនគរភាវូបនីយកម្ម និងការពេញនិយមនៃរបស់របរងាយស្រួលប្រើប្រាស់ក្នុងជីវភាពសម័យបច្ចេកវិទ្យាទំនើប ផលិតផលសំរឹទ្ធ Long Dien នៅតែត្រូវបានមនុស្សជាច្រើនចូលចិត្ត និងជ្រើសរើស។ ផលិតផលរបស់ភូមិរបរប្រពៃណី Long Dien ត្រូវបានប្រជាជនច្រើនជំនាន់នៅទីនេះថែរក្សាជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ