សិប្បកម្មប៉ាក់ប្រពៃណីនៅឃុំ Thanh Ha ខេត្ត Ha Nam

(VOVWORLD) - របរសិប្បកម្មប៉ាក់ប្រពៃណីនៅឃុំ Thanh Ha ស្រុក Thanh Liem ខេត្ត Ha Nam គឺល្បីល្បាញនៅតំបន់ភាគខាងជើងប្រទេសវៀតណាម។ របរប៉ាក់នៅទីនេះបានចាប់ផ្ដើមបង្ហាញខ្លួនតាំងពីឆ្នាំ ១៨៩៣ ហើយបានអភិវឌ្ឍអស់រយៈពេលជិត ១៣០ ឆ្នាំមកហើយ។

សិប្បកម្មប៉ាក់ប្រពៃណីនៅឃុំ Thanh Ha ខេត្ត Ha Nam - ảnh 1សិប្បករ Hoang Ngoc Tuyen នៅឃុំ Thanh Ha កំពុងប៉ាក់ស្នាដៃមួយ។ (រូបថត៖ VOVTV)

យោងតាមឯកសារក្នុងស្រុក លោក Nguyen Dinh Than កើតនៅឆ្នាំ១៨៨៦ មកពីភូមិ An Hoa ឃុំ Thanh Ha គឺជាអ្នកដែលបានទៅរៀនសូត្រ និងនាំយករបរប៉ាក់មកបង្រៀនដល់កូនចៅ ហើយតាំងពីពេលនោះមក របរប៉ាក់បានអភិវឌ្ឍន៍នៅទូទាំងឃុំ Thanh Ha។ អ្នកស្រុកបានលើកតម្កើងលោក Nguyen Dinh Than គឺជាគ្រូដើមនៃរបរសិប្បកម្មប៉ាក់នៅភូមិ An Hoa។ សិប្បករ Hoang Ngoc Tuyen នៅឃុំ Thanh Ha បានឲ្យដឹងថា៖

“របរប៉ាក់នេះត្រូវបានជីដូនជីតាបន្សល់ទុកតាំងពីយូរណាស់មក ហើយរីកចម្រើនយ៉ាងខ្លាំងក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០។ អ្នកភូមិយើងពឹងផ្អែកលើរបរប្រពៃណីរបស់ដូនតាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ការចំណាយលើជីវភាពរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើរបរប៉ាក់។ ភូមិរបរសិប្បកម្មរបស់យើងខ្ញុំ ភាគច្រើនគឺប៉ាក់ដោយដៃ។ ជាងប៉ាក់ស្នូលធ្វើការងារសំខាន់ៗ ចំណែកការងារតូចៗគឺទុកឲ្យក្មួយៗកុមារ។ ផលិតផលត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនលើពិភពលោក”។

សិប្បកម្មប៉ាក់ប្រពៃណីនៅឃុំ Thanh Ha ខេត្ត Ha Nam - ảnh 2លោក Nguyen Manh Thuong ប្រធានសមាគមភូមិរបរប៉ាក់នាំចេញ ឃុំ Thanh Ha។ (រូបថត៖ VOVTV)

ដំណើរការបង្កើតផលិតផលប៉ាក់ Thanh Ha គឺល្អិតល្អន់ណាស់។ ដំបូងបង្អស់គឺបង្កើតគំរូ បន្ទាប់មកលាយនិងបោះពុម្ពពណ៌ ប៉ាក់ បោកគក់ ពិនិត្យ វេចខ្ចប់ ហើយចុងក្រោយគឺចែកចាយ។ លោក Nguyen Manh Thuong ប្រធានសមាគមភូមិរបរប៉ាក់នាំចេញ ឃុំ Thanh Ha បានឲ្យដឹងថា៖

“យើងខ្ញុំប៉ាក់ក្បូរក្បាច់រចនាសម្បូរបែបណាស់ ដែលអាចជាសត្វ ផ្កាភ្ញី ឬមនុស្ស។ ផលិតផលប៉ាក់របស់ឃុំ Thanh Ha រួមមាន ក្រណាត់កម្រាលតុ កម្រាលពូក ខ្នើយ និងថង់គ្រប់ប្រភេទ”

ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៩ គឺជាដំណាក់កាលនៃការអភិវឌ្ឍដ៏រុងរឿងបំផុតរបស់ភូមិរបរ។ ផលិតផលសម្បូរបែបបម្រើតម្រូវការប្រើប្រាស់ក្នុងស្រុក នាំចេញទៅកាន់សហភាពសូវៀត បណ្តាប្រទេសអឺរ៉ុបខាងកើត និងប្រទេសនានាជុំវិញពិភពលោក។ ចាប់ពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន គឺជាដំណាក់កាលនៃការផ្លាស់ប្តូរយន្តការ ប៉ុន្តែភូមិប៉ាក់ Thanh Ha ជានិច្ចកាលព្យាយាមស្វែងរកធាតុចេញ ដើម្បីរក្សាប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្នុងបរិបទដែលទីផ្សារប្រពៃណីត្រូវបង្រួម ខណៈដែលទីផ្សារបរទេសមានការទាមទាយ៉ាងតឹងរឹងអំពីគុណភាព និងពេលវេលា។ អាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភវិនិយោគលើបរិក្ខារផលិតកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងបែបបទបង្កើតសមាគមប៉ាក់ Thanh Ha ដើម្បីតភ្ជាប់គ្រួសារផលិតកម្មជាមួយគ្នា។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលប៉ាក់មួយចំនួនរបស់ភូមិ ត្រូវបានទទួលស្គាល់ថាជាផលិតផលនៃកម្មវិធីជាតិមួយឃុំផលិតផលមួយ (OCOP)។ អ្នកស្រី Nguyen Thi Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Ha បានឲ្យដឹងថា៖

“មូលដ្ឋានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារអភិរក្ស និងអភិវឌ្ឍន៍របរ។ ចាប់តាំងពីមានកម្មវិធីជាតិមួយឃុំផលិតផលមួយ (OCOP) មក មូលដ្ឋានមានផលិតផលប្រកបដោយលក្ខណៈពិសេស។ មូលដ្ឋានបានកសាងកម្មវិធីចុះបញ្ជីផលិតផល OCOP ក្នុងកម្មវិធីអភិវឌ្ឍន៍ទូទៅរបស់ខេត្ត Ha Nam។ ក្រៅពីនោះ មូលដ្ឋានក៏បានបើកកន្លែងទេសចរណ៍ ដើម្បីឧទ្ទេសនាមអំពីផលិតផលប្រពៃណីផងដែរ”។

សិប្បកម្មប៉ាក់ប្រពៃណីនៅឃុំ Thanh Ha ខេត្ត Ha Nam - ảnh 3របរសិប្បកម្មប៉ាក់នៅឃុំ Thanh Ha (ខេត្ត Ha Nam) បានបង្ហាញខ្លួនក្នុងឆ្នាំ ១៨៩៣ និងរីកចម្រើនបំផុតក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០។ (រូបថត៖ VOVTV)

ដោយមានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន គ្រួសារប្រកបរបរខ្លួនឯងបានកែលម្អគុណភាពផលិតផល កែលម្អការវេចខ្ចប់ឱ្យកាន់តែសម្បូរបែប ដើម្បីឆ្លើយតបនឹងគុណភាព និងតម្រូវការទីផ្សារ។ ផលិតផលប៉ាក់ដោយដៃបានក្លាយជាពាណិជ្ជសញ្ញានៃរបរប៉ាក់នៅឃុំ Thanh Ha។ លោក Pham Sy Minh ក្រុមហ៊ុននាំចេញផលិតផលប៉ាក់ Hoang Anh ឃុំ Thanh Ha បានឲ្យដឹងថា៖

“គុណភាពនៃផលិតផលប៉ាក់ដោយដៃ សម្ភារៈត្រូវបាននាំចូល អំបោះប៉ាក់នាំចូលពីប្រទេសបារាំង ចំណែកក្រណាត់នាំចូលពីប្រទេសអ៊ីតាលី។ ដើម្បីប៉ាក់ដោយដៃបាន ជាងប៉ាក់ត្រូវតែមានថ្វីដៃស្ទាត់ជំនាញ ទើបធានាបាននូវគុណភាពតាមតម្រូវការរបស់អតិថិជន។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏មានវិញ្ញាបនបត្រទទួលស្គាល់គុណភាព ISO អន្តរជាតិផងដែរ។ ដំណើរការផលិតក៏តឹងរ៉ឹងជាងមុន ការត្រួតពិនិត្យផលិតផលត្រូវតែល្អឥតខ្ចោះ ហើយត្រូវទទួលខុសត្រូវលើផលិតផលរហូតដល់ទីបញ្ចប់ មានន័យថា នៅពេលដែលអ្នកប្រើប្រាស់ឬអតិថិជន ត្អូញត្អែរអំពីផលិតផល យើងត្រូវទទួលខុសត្រូវ ផ្តល់សំណង ឬដកផលិតផលវិញ។ នៅពេលដែលវិនិយោគលើចំណេះដឹង និងបច្ចេកវិទ្យា តម្លៃផលិតផលនិងប្រាក់ចំណេញក៏ខ្ពស់ជាងដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីការប៉ាក់ដោយដៃ គ្រួសារសិប្បកម្មក្នុងភូមិក៏ប៉ាក់ដោយម៉ាស៊ីនផងដែរ ដើម្បីលើកកំពស់ផលិតភាពការងារ និងនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ អ្នកស្រី Ha Thi Hiep ក្រុមហ៊ុននាំចេញផលិតផលប៉ាក់ An Phuong ឃុំ Thanh Ha បានឲ្យដឹងថា៖

“យើងខ្ញុំប៉ាក់ដោយម៉ាស៊ីនអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ដោយសារតែអតិថិជននាពេលបច្ចុប្បន្ននេះមានតម្រូវការបន្ទាន់ ដូច្នេះត្រូវប៉ាក់ដោយម៉ាស៊ីន តម្លៃក៏សមរម្យ ហើយគុណភាពក៏ល្អផងដែរ។ ដូច្នេះហើយ យើងខ្ញុំបានប្តូរមកប្រើម៉ាស៊ីនប៉ាក់ ដើម្បីពន្លឿនដំណើរការផលិតកម្មសម្រាប់បម្រើអតិថិជន។ ក្រុមហ៊ុនមានម៉ាស៊ីនប៉ាក់ចំនួន ១០ គ្រឿង ប្រាក់ចំណូលរបស់កម្មករប្រហែល ៥ លានដុង/ខែ/មនុស្សម្នាក់”។

នាថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានផ្ដល់វិញ្ញាបនបត្រទទួលស្គាល់របរប៉ាក់ Thanh Ha ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ មកទល់នឹងពេលនេះ ផលិតផលប៉ាក់របស់ឃុំ Thanh Ha ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសជាច្រើន ដោយផ្តោតលើទីផ្សារធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី បារាំង អាមេរិក អាល្លឺម៉ង់ អង់គ្លេស និងស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ