ភូមិចម្លាក់ប្រាក់ Hue Lai នៅខេត្ត Hung Yen
(VOVWORLD) - ភូមិចម្លាក់ប្រាក់ Hue Lai ស្ថិតក្នុងឃុំ Phu Ung ស្រុក An Thi ខេត្ត Hung Yen។ នេះគឺជាភូមិប្រកបរបរចម្លាក់ប្រាក់ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសវៀតណាម ជាមួយនឹងផលិតផលដ៏វិសេសវិសាលនិងល្អប្រណិត។
ភូមិចម្លាក់ប្រាក់ Hue Lai គឺជាភូមិប្រកបរបរចម្លាក់ប្រាក់ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសវៀតណាម ជាមួយនឹងផលិតផលដ៏វិសេសវិសាលនិងល្អប្រណិត។ (រូបថត៖ VOV) |
យោងតាមព្រឹទ្ធាចារ្យនៅភូមិ Hue Lai បានឲ្យដឹងថា របរឆ្លាក់ប្រាក់មិនមែនជាអាជីពដើមរបស់ភូមិ Hue Lai នោះទេ។ នៅដើមទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០ ប្រជាជនមួយចំនួននៅភូមិ Hue Lai បានទៅរៀនមុខរបរកែច្នៃមាសប្រាក់នៅភូមិ Chau Khe ឃុំ Thuc Khang ស្រុក Binh Giang ខេត្ត Hai Duong ហើយបាននាំយកមុខរបរនេះមកភូមិវិញ។ ចាប់ពីពេលនោះមក ទើបប្រជាជននៅភូមិ Hue Lai បានស្គាល់ដល់មុខរបរ ដែលទាមទារឲ្យមានភាពល្អិតល្អន់ ឧស្សាហ៍ព្យាយាម និងមានបាតដៃដ៏ប៉ិនស្រសប់នេះ។ លោក Do Xuan Chuyen នាយកនៃសហករណ៍មាសប្រាក់ Phu Ung បានឲ្យដឹងថា៖
“កាលពីមុន ខ្ញុំទៅរៀនរបរឆ្លាក់ប្រាក់នៅភូមិ Chau Khe ស្រុក Binh Giang ខេត្ត Hai Duong ពេលនោះភូមិមានអ្នកប្រកបមុខរបរនេះតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្រោយមក ពេលត្រឡប់មកផ្ទះវិញហើយឃើញថា មុខរបរនេះអាចរីកចម្រើនបាន ដូច្នេះយើងខ្ញុំក៏បង្កើតសហករណ៍មាសប្រាក់ Phu Ung ហើយសុំការអនុញ្ញាតពីខេត្តដើម្បីបង្កើតភូមិចម្លាក់មាសប្រាក់ Hue Lai។ ពីភូមិនេះ ប្រជាជនបានចេញទៅចាប់អាជីព ដោយបើកហាងលក់គ្រឿងមាសប្រាក់នៅទូទាំងប្រទេស ដើម្បីលក់ផលិតផលរបស់ភូមិ។ មកទល់នឹងពេលនេះ ភូមិសិប្បកម្ម Hue Lai កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅឆ្នាំ១៩៩៨ ឃុំ និងស្រុកបានអនុញ្ញាតឱ្យបង្កើតសហករណ៍មាសប្រាក់ Phu Ung ហើយ៦ឆ្នាំក្រោយមក នៅឆ្នាំ២០០៤ គឺ Hue Lai ត្រូវបានទទួលស្គាល់ជាភូមិសិប្បកម្ម”។
ផលិតផលរបស់ភូមិសិប្បកម្ម រួមមានគ្រឿងអលង្ការមាសប្រាក់ដ៏សម្បូរបែបនៅលើទីផ្សារដូចជា ខ្សែក កងដៃ ចិញ្ចៀន... ដោយសារការផលិតមានភាពងាយស្រួល ផលិតផលធ្វើបានប៉ុន្មាន លក់បានប៉ុណ្ណឹង។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិដែលបង្កើតឡើងកិត្យានុភាពរបស់ភូមិសិប្បកម្មនោះ គឺគុណភាពផលិតផលដោយកម្រិតសុទ្ធ ១០០%។ ក្រៅពីនេះ គំរូផលិតផលរបស់ភូមិសិប្បកម្ម តែងតែមានភាពច្នៃប្រឌិត ជាមួយនឹងការរចនា និងទំហំជាច្រើន ឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ អ្នកស្រី Pham Thi Thu Huyen អតិថិជនម្នាក់នៅស្រុក An Thi ខេត្ត Hung Yen បានវាយតម្លៃថា៖
“ខ្ញុំគិតថា គ្រឿងមាសនិងប្រាក់ Hue Lai គឺមានគុណភាពល្អ ធានាយ៉ាងត្រឹមត្រូវតាមស្តង់ដារ។ ការរចនា គំរូផលិតផលមានការកែលម្អ ស្របតាមម៉ូដបច្ចុប្បន្ន។ ពេលពាក់គ្រឿងអលង្ការគឺចេញពណ៌ភ្លឺខ្លាំងណាស់ មិនមានពណ៌ស្រអាប់ទេ។ ស្ត្រីយើងខ្ញុំ និយមចូលចិត្តរចនាប័ទ្មឆើតឆាយនិងទំនើប។ ខ្ញុំឃើញថា ផលិតផលមាសប្រាក់ Hue Lai បំពេញតម្រូវការអតិថិជនបានយ៉ាងល្អ”។
លោក Tran Cong Thien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Ung។ (រូបថត៖ VOV) |
មានដំណាក់កាលខ្លះ ដែលមុខរបរឆ្លាក់ប្រាក់នៅភូមិ Hue Lai ជួបការលំបាក និងធ្លាក់ចុះ គ្រួសារជាច្រើនបានបោះបង់ចោលមុខរបរនេះ។ យ៉ាងណាក៏ដោយ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន ឃុំ Phu Ung បានអនុវត្តន៍គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម ឧស្សាហកម្មសិប្បកម្មខ្នាតតូច រួមចំណែកអភិរក្សនិងអភិវឌ្ឍន៍មុខរបរ។ លោក Tran Cong Thien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Ung បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ ក្នុងវិស្សមកាលរដូវក្តៅ ឃុំតែងតែរៀបចំថ្នាក់បណ្តុះបណ្តាលដល់ក្មួយៗ បង្កើតការងារឱ្យពួកគេ បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងរក្សាលំនឹងជីវភាព។ អ្នកខ្លះនៅភូមិ បានទៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីចាប់ផ្ដើមអាជីវកម្ម អ្នកខ្លះបើកហាងនៅតាមខេត្ត-ក្រុងជាច្រើនទូទាំងប្រទេស ហើយគ្រួសារខ្លះបន្តអាជីពនៅក្នុងភូមិ”។
បច្ចុប្បន្ន ភូមិ Hue Lai មានគ្រួសារជាង ២០០ ជាមួយនឹងកម្មករជាង ១០០០ នាក់ បានចូលរួមប្រកបមុខរបរឆ្លាក់ប្រាក់។ ស្រុកបានជួយប្រជាជនខ្ចីដើមទុនដើម្បីពង្រីកផលិតកម្ម និងអាជីវកម្ម ពន្លឿនពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល។ លោក Nguyen Van Hoang Thien អនុប្រធានការិយាល័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធនៃស្រុក An Thi បានឲ្យដឹងថា៖
“យើងខ្ញុំបានរៀបចំផ្សារណាត់ ការតាំងពិពណ៌ ការពន្លឿនពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលនៅលើបណ្តាញសារព័ត៌មានមហាជន។ យើងខ្ញុំបានកៀរគរធនធានជាអតិបរមាសម្រាប់ការវិនិយោគអភិវឌ្ឍន៍ឧស្សាហកម្ម ឧស្សាហកម្មសិប្បកម្មខ្នាតតូច តាមទិសដៅធ្វើពិពិធកម្ម និងពង្រីកទីផ្សារក្នុងស្រុក ក៏ដូចជាបរទេស។ ស្រុកលើកទឹកចិត្តដល់គ្រឹះស្ថានឧស្សាហ៍កម្ម ឧស្សាហកម្មសិប្បកម្មខ្នាតតូច និងភូមិសិប្បកម្ម ក្នុងការផ្លាស់ប្ដូរឧបករណ៍ និងអនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្របច្ចេកទេស ក្នុងផលិតកម្ម ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផល”។
ផលិតផលចម្លាក់ប្រាក់នៃសហករណ៍មាសប្រាក់ Phu Ung ត្រូវបាននាយកដ្ឋានឧស្សាហកម្មក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បោះឆ្នោតជ្រើសរើសជាផលិតផលឧស្សាហកម្មជនបទគំរូមួយ នៃតំបន់ភាគខាងជើងក្នុងឆ្នាំ ២០១៤។ ផលិតផលភូមិចម្លាក់ប្រាក់ Hue Lai បានមានវត្តមាននៅក្នុងខេត្ត ក្រុងជាច្រើនពីភាគខាងត្បូងទៅខាងជើង ហើយក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសចិន ឡាវ និងកម្ពុជាផងដែរ៕