សោភ័ណភាពនៃភូមិប្រកបរបរធ្វើអំបោសផ្កាស្មៅ Chiem Son ខេត្ត Quang Nam

(VOVWORLD) - ភូមិប្រកបរបរធ្វើអំបោសផ្កាស្មៅ Chiem Son ខេត្ត Quang Nam ស្ថិតនៅលើខ្សែផ្លូវទេសចរណ៍ Hoi An - My Son។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ភូមិសិប្បកម្មនេះនៅតែរក្សាបាននូវសោភ័ណភាពប្រពៃណីនៃភូមិស្រុកស្រែមួយក្នុងទឹកដីខេត្ត Quang Nam។



សោភ័ណភាពនៃភូមិប្រកបរបរធ្វើអំបោសផ្កាស្មៅ Chiem Son ខេត្ត Quang Nam - ảnh 1បរិយាកាសអ៊ូអរនៅភូមិអំបោស Chiem Son។ រូបថត៖ Tuyet Le/VOV

ភូមិអំបោសផ្កាស្មៅ Chiem Son ផលិតពេញមួយឆ្នាំ។ ការធ្វើអំបោសផ្កាស្មៅ មនុស្សម្នាក់ៗទទួលបន្ទុកដំណាក់កាលខុសៗគ្នា ចាប់តាំងពីចងខ្សែ ចងផ្កាស្មៅ រហូតដល់ការបង្ហើយផលិតផល។ លោក Nguyen Nhat Tuan ម្ចាស់សិប្បកម្មអំបោស Nhat Tuan បាននិយាយថា ក្នុងរដូវបុណ្យតេត ទិន្នផលកើនឡើងទ្វេដងបើធៀបនឹងថ្ងៃធម្មតា។ ជារៀងរាល់ថ្ងៃ សិប្បកម្មនេះផលិតអំបោសជិត ១.៥០០ ដើមគ្រប់ប្រភេទ។ អំបោសមានច្រើនម៉ូដដូចជា៖ អំបោសត្បាញពីផ្តៅប្រពៃណី អំបោសរុំដោយខ្សែដែក ជាដើម។

“ជារៀងរាល់ឆ្នាំ យើងនាំចូលវត្ថុធាតុដើមចន្លោះពី ៤០ ដល់ ៥០តោន។ កម្មករធ្វើការជាបន្តបន្ទាប់។ មានអ្នកខ្លះដែលមានអាយុ៨០ឆ្នាំហើយ ប៉ុន្តែនៅតែមកធ្វើការនៅទីនេះ ព្រោះគេមានអារម្មណ៍សប្បាយចិត្ត។ សូម្បីតែជនពិការក៏មកធ្វើការដែរ។ ក្នុងអំឡុងពេលបុណ្យតេត ពួកគេធ្វើការកាន់តែមមាញឹក។ មានពេលខ្លះ យើងធ្វើអំបោសបាន ៣ ម៉ឺន-៤ម៉ឺនដើម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់លក់ទេ។ ជាធម្មតា យើងបង្កើនចំនួនកម្មករនៅចុងឆ្នាំដើម្បីធ្វើបានផលិតផលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ”។

សោភ័ណភាពនៃភូមិប្រកបរបរធ្វើអំបោសផ្កាស្មៅ Chiem Son ខេត្ត Quang Nam - ảnh 2លោក Nguyen Nhat Tuan ជាមនុស្សម្នាក់ដែលបានត្រួសត្រាយផ្លូវអភិវឌ្ឍន៍សិប្បកម្មធ្វើអំបោសនៅភូមិ Chiem Son។ រូបថត៖ Tuyet Le/VOV

សិប្បកម្មផលិតអំបោស Nhat Tuan ត្រឹមតែជាគ្រួសារមួយ ក្នុងចំណោមគ្រួសារជាង ២០ ដែលចូលរួមធ្វើផលិតកម្មខ្នាតធំ ក្នុងឃុំ Duy Trinh ដែលប្រើប្រាស់កម្មករជាង ៣៥០ នាក់ជាប្រចាំ។

បើធៀបនឹងរបរសិប្បកម្ម និងភូមិសិប្បកម្មផ្សេងៗទៀត មុខរបរធ្វើអំបោស Chiem Son មិនត្រឹមតែត្រូវបានរក្សាប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងទៀតផង។ ដូច្នេះហើយ ការធ្វើអំបោសនៅ Chiem Son មិនមែនជាការងារក្រៅម៉ោង ក្នុងអំឡុងពេលទំនេរពីការងារស្រែចម្ការទៀតទេ ប៉ុន្តែបានក្លាយជាមុខរបរស្នូលរបស់ប្រជាពលរដ្ឋជាច្រើនក្នុងភូមិ។ អ្នកស្រី Phan Thi Xuan នៅឃុំ Duy Trinh ធ្វើការនៅសិប្បកម្មផលិតអំបោស Nhat Tuan បាននិយាយថា៖

“ខ្ញុំបានធ្វើការនៅទីនេះជាង១០ឆ្នាំ ហើយប្រាក់ខែក៏គ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ។ ប្តីខ្ញុំធ្វើការបានតែ២ឆ្នាំកន្លះប៉ុណ្ណោះ។ ម្ចាស់សិប្បកម្មក៏បង្កើតលក្ខខណ្ឌឲ្យបងប្អូននារីនិងអ្នកភូមិជាច្រើន មានការងារធ្វើស្ថិរភាពផងដែរ”។

សោភ័ណភាពនៃភូមិប្រកបរបរធ្វើអំបោសផ្កាស្មៅ Chiem Son ខេត្ត Quang Nam - ảnh 3ដំណើរការនៃការត្បាញអំបោស។ រូបថត៖ baoquangnam.vn

ជាមួយនឹងបាតដៃដ៏ប៉ិនប្រសប់ និងស្ទាត់ជំនាញរបស់ជាងសិប្បកម្ម អំបោស Chiem Son តែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន អាស្រ័យដោយគុណភាពផលិតផល ក៏ដូចជាការរចនាម៉ូដសម្បូរបែបផងដែរ។ លោក Nguyen Van Thanh ប្រធានគណៈគ្រប់គ្រងភូមិសិប្បកម្មធ្វើអំបោស Chiem Son បានឲ្យដឹងថា៖

“នេះគឺជាផលិតផលដែលមានតាំងពីយូរណាស់មកហើយ ដូច្នេះជំនាញរបស់ជាងសិប្បកម្មនៅទីនេះត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ហើយប្រការដ៏ពិសេសនោះគឺ វាក៏ផ្សាភ្ជាប់នឹងសីលធម៌របស់ផលិតករផងដែរ។ ពួកគេធ្វើផលិតផលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងរកប្រាក់ចិញ្ចឹមគ្រួសាររបស់ពួកគេ ប៉ុន្តែជានិច្ចកាលដាក់កិត្យានុភាពដែលបន្សល់ទុកពីជំនាន់ដូនតាមក ជាចម្បង។ អាស្រ័យហេតុនេះ ឆ្លងកាត់ការឡើងចុះជាច្រើន ផលិតផលអំបោសរបស់ភូមិនៅតែអភិវឌ្ឍន៍ ហើយកន្លែងណាដែលអតិថិជនបានប្រើប្រាស់អំបោស Chiem Son  តែងតែត្រឡប់មកទិញម្ដងទៀត”។

ផលិតផលអំបោស Chiem Son ត្រូវបានលក់ចេញភាគច្រើននៅតាមបណ្ដាខេត្តភាគខាងជើង និងនាំចេញទៅបរទេស។ អំបោសនីមួយៗមានតម្លៃពី ៣៥,០០០ ទៅ ៩០,០០០ ដុង។ ជារៀងរាល់ឆ្នាំ ភូមិសិប្បកម្មទាំងមូលផ្គត់ផ្គង់ដល់ទីផ្សារនូវអំបោសរាប់លានដើមគ្រប់ប្រភេទ។ ប្រាក់ចំណូលជាមធ្យមរបស់ភូមិទាំងមូលគឺប្រហែល ១០០ ពាន់លានដុង (ជាង ៤,៣ ពាន់លានដុល្លារអាមេរិក)។

នៅ Chiem Son ក្រៅពីអ្នកពូកែជំនាញដែលពង្រីកទំហំផលិតកម្ម ក៏នៅមានយុវជនដែលជ្រើសរើសចាប់ផ្ដើមអាជីវកម្មដោយមុខរបរធ្វើអំបោស ដោយសារពួកគេស្រឡាញ់របរប្រពៃណី។ ពួកគេមិនត្រឹមតែស្រឡាញ់មុខរបររបស់ដូនតាប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាត ច្នៃប្រឌិត និងចាប់យកបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័សផងដែរ។ សព្វថ្ងៃនេះ អំបោស Chiem Son មិនត្រឹមតែចេញទៅទីផ្សារតាមរយៈវិធីបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមានវត្តមាននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនទៀតផង។

ទន្ទឹមនឹងភាពម្ចាស់ការរបស់សិប្បកម្ម និងគ្រួសារនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរមូលដ្ឋានក៏តែងតែជួយប្រជាជនយ៉ាងសកម្មក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលអំបោស Chiem Son។ លោក Dang Huu Phuc អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duy Xuyen បានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្រុកក៏បានរួមដំណើរ និងរួមបញ្ចូលកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដើម្បីជួយអភិវឌ្ឍន៍ភូមិរបរសិប្បកម្ម។ ដោយឡែកសម្រាប់ភូមិសិប្បកម្មអំបោស នៅឃុំ Duy Trinh ស្រុកក៏បានគាំទ្រយ៉ាងសកម្មដោយវិធានការជាច្រើន ជួយម្ចាស់សិប្បកម្ម ពង្រីកទីផ្សារ គាំទ្រក្នុងកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនិងផ្លាស់ប្ដូរពាណិជ្ជកម្ម។ ហេតុដូច្នេះ ផលិតផលនៃភូមិសិប្បកម្មត្រូវបានលក់ចេញយ៉ាងខ្លាំងផងដែរ”។

មុខរបរធ្វើអំបោសបាននាំមកនូវការផ្លាស់ប្តូរជាច្រើនដល់ឃុំ Duy Trinh។ នៅទីនេះ ផ្ទះថ្មីដ៏ធំទូលាយជាច្រើនត្រូវបានសាងសង់ឡើង ភាគច្រើនដោយសារប្រាក់ចំណូលពីរបរធ្វើអំបោសប្រពៃណី។ នាពេលខាងមុខ អាជ្ញាធរស្រុក Duy Xuyen នឹងបន្តទាញយកប្រយោជន៍ពីប្រៀបខ្លាំងនៃមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ភូមិសិប្បកម្ម ជួយស្រុកកំណើតឲ្យកាន់តែរីកចម្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ