(VOVWORLD) - បដិវត្តខែសីហាឆ្នាំ ១៩៤៥ បានទទួលជោគជ័យ ហើយប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ត្រូវបានចាប់បដិសន្ធិ ភ្លាមៗ បានធ្លាក់ចូលទៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងបារាំង អស់រយៈពេល ៩ឆ្នាំ ចាប់ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥៤។ កាលនោះ ស្ថានីយ៍វិទ្យុសម្លេងវៀតណាម ក៏បានចាប់បដិសន្ធិ ថ្វីត្បិតតែ នៅមានសភាពខ្វះខាត ប៉ុន្តែកម្មាភិបាល អ្នកសារព័ត៌មាន អ្នកផ្សព្វផ្សាយ និងអ្នកបច្ចេកទេសបានលះបង់កម្លាំងកាយចិត្តការពាររលកធាតុអាកាស ដើម្បីឲ្យសំឡេងរបស់បក្ស និងលោកប្រធានហូជីមិញ នៃការតស៊ូអាចរីកសាយភាយ ពង្រឹងស្មារតីកងទ័ពនិងប្រជាជន ប្តេជ្ញាដណ្តើមឯករាជ្យ និងសេរីភាពជូនប្រជាជាតិវៀតណាម។
ប្រព័ន្ធអង់តែនស្ថានីយ៍វិទ្យុ Me Tri ក្នុងអំឡុងសង្គ្រាម (បណ្ណសាររូបថត) |
នៅខែធ្នូ ឆ្នាំ ១៩៤៦ បរិយាកាសត្រៀមរៀបចំសម្រាប់ការតស៊ូប្រយុទ្ធបានគ្របដណ្តប់ប្រទេសទាំងមូល។ ហាណូយតានតឹងដូចខ្សែហ្គីតាអញ្ជឹង។ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦ បារាំងបានដាក់ឱសានវាទទៅរដ្ឋាភិបាលវៀតណាមទាមទារឱ្យមានការរំសាយអាវុធនៃកងកម្លាំងស្វ័យការពារ ការផ្អាករាល់សកម្មភាពរៀបចំការតស៊ូ និងសិទ្ធិរក្សាសណ្តាប់ធ្នាប់ក្នុងទីក្រុង។
នាវេលាម៉ោង ២០៖០០ យប់ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦ ភ្លើងនៅទីក្រុងហាណូយស្រាប់តែរលត់ហើយគាំទ្រ ហើយកាំភ្លើងធំបានផ្ទះយ៉ាងខ្លាំងពី បន្ទាយ Lang។ នៅឯស្ថានីយ៍វិទ្យុមានទីតាំង 128C Dai La អ្នកផ្សាយសំឡេងនៃវិទ្យុសំឡេងវៀតណាម លោកស្រី Duong Thi Ngan បានប្រកាសយ៉ាងក្បោះក្បាយថា "សូរសំលេងកាំភ្លើងបានផ្ទុះនៅទីក្រុងហាណូយ ការតស៊ូប្រយុទ្ធទូទាំងប្រទេសបានចាប់ផ្តើម"។ អ្នកកាសែត Tran Duc Nuoi អតីតប្រធានលេខាធិការដ្ឋាននិពន្ធ វិទ្យុសំឡេងវៀតណាមបានរំលឹកឡើងវិញនូវព័ត៌មានដែលបានកត់ត្រាពីសាក្សី៖ “នៅយប់ថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៤៦ មានបទបញ្ជាឲ្យប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ខណៈដែលបន្ទាយ Láng បាញ់កាំភ្លើងធំ វិទ្យុសំឡេងវៀតណាមនឹងនិយាយថា ការតស៊ូប្រយុទ្ធបានចាប់ផ្តើម ពេលនោះប្រទេសទាំងមូលបានក្រោកឡើងដើម្បីប្រយុទ្ធ។ នៅពេលវាយស្ថានីយ៍ Bach Mai ដើម្បីទៅប្រយុទ្ធ លោកស្រី Duong Thi Ngan បាននិយាយថា៖ ជួបគ្នាម្តងទៀត បងប្អូនជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស មិត្តអ្នកស្តាប់នៅម៉ោង ៦:០០ ព្រឹកថ្ងៃបន្ទាប់”។
វត្ត Trầm គឺជាកន្លែងជម្លៀសដំបូងរបស់វិទ្យុសំឡេងវៀតណាម។ នៅទីកន្លែងនេះ នៅវេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៤៥ វិទ្យុសំឡេងវៀតណាម បានចាក់ផ្សាយសេចក្តីអំពាវនាវរបស់លោកប្រធាន ហូជីមិញឲ្យមានការតស៊ូប្រយុទ្ធទូទាំងប្រទេស គូសសញ្ញាសម្គាល់ពីរបត់ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់វិទ្យុសំឡេងវៀតណាម ដែលអមដំណើរជាមួយប្រទេសជាតិជានិច្ច។
បុគ្គលិកបច្ចេកទេសនៃស្ថានីយ៍វិទ្យុសម្លេងវៀតណាមនាគ្រាមួយ (បណ្ណសាររូបថត) |
នៅវត្ត Trầm ផងដែរ នាយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៤៧ លោកប្រធានហូជីមិញបានទៅសួរសុខទុក្ខបុគ្គលិក និងកម្មាភីបាលនៃវិទ្យុសំឡេងវៀតណាម ហើយនៅទីនេះ លោកប្រធានហូជីមិញបានអានកំណាព្យជូនពរបុណ្យតេតដល់ជនរួមជាតិទូទាំងប្រទេស និងអាណិកជននៅក្រៅប្រទេស៖
ទង់ក្រហមដែលមានផ្កាយពណ៌មាសបក់រវិកៗតាមខ្យល់
សំឡេងត្រែប្រយុទ្ធបានបន្លឺឡើងពេញទឹកដីប្រទេសជាតិ
បទកំណាព្យ គឺជាវីរភាពនៃការតស៊ូប្រយុទ្ធ និងជ័យជំនះ ដែលវិទ្យុសំឡេងទទួលបានកិត្តិយសជាលើកដំបូង ក្នុងការផ្សាយដោយផ្ទាល់។ នៅយប់ថ្ងៃដដែលនោះ លោកបានសរសេរពាក្យថា “តស៊ូប្រាកដជាឈ្នះ ការកសាងជាតិប្រាកដជាជោគជ័យ” ជូនចំពោះព្រះចៅអធិការវត្ត Trầm ហើយវត្ថុអនុស្សាវរីយ៍នេះបច្ចុប្បន្នត្រូវបានតម្កល់នៅអាគ៌ាប្រពៃណីរបស់វិទ្យុសំឡេង វៀតណាម ផ្ទះលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ។ អ្នកកាសែត Tran Quy Tuyen អតីតអ្នកផ្សាយសំឡេង អតីតប្រធាននាយកដ្ឋានសម្របសម្រួលកម្មវិធីរបស់វិទ្យុសំឡេងវៀតណាម ដែលផ្សាភ្ជាប់ជាមួយវិទ្យុ ជិត៤០ឆ្នាំ ហើយជាអ្នកដែលបានរកឃើញវត្ថុអនុស្សាវរីយ៍នេះដោយផ្ទាល់ ជូនវិទ្យុសំឡេងវៀតណាមបានចែករំលែកថា៖ “នៅពេលដែលវិទ្យុសំឡេង វៀត ណាមប្រមូលវត្ថុអនុស្សាវរីយ៍ ខណៈដែលយើងកាន់ក្នុងដៃ ប្រយោគស្របគ្នាដែលសរសេរដោយអ៊ំហូផ្ទាល់ជាទឹកខ្មៅចិន ពួកយើងពិតជារំជួលចិត្តយ៉ាងខ្លាំង។ លោកអ៊ំហូបានសរសេរកំណាព្យនោះនៅប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមតស៊ូប្រឆាំងនឹងបារាំង ប៉ុន្តែលោកមានជំនឿយ៉ាងមុតមាំ លើជ័យជម្នះ នៃសង្រ្គាមតស៊ូ”។
ក្នុងរយៈពេល៩ឆ្នាំនៃសង្គ្រាមតស៊ូដ៏យូរអង្វែង (១៩៤៦-១៩៥៤) ដើម្បីធានាថា សំឡេងវៀតណាមមិនឈប់ដូចលោកប្រធានហូជីមិញបានផ្តាំណែនាំនោះ វិទ្យុសំឡេងវៀតណាមបានផ្លាស់ប្តូរចំនួន ១៤ ដង ដើម្បីធានាសុវត្ថិភាពទាំងស្រុងសម្រាប់រលកវិទ្យុជាតិ។ ក្នុងស្ថានភាពលំបាក និងខ្វះមុខខ្វះក្រោយ ប៉ុន្តែរលកវិទ្យុសំឡេងវៀតណាមនៅតែដំណើរការ។ ព័ត៌មាន និងកម្មវិធីរបស់វិទ្យុបានចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងជំរុញទឹកចិត្តប្រជាជនទាំងមូលឱ្យរួបរួមគ្នា និងប្តេជ្ញាចិត្តដើម្បីឈ្នះ ដែលកំពូលគឺជ័យជម្នះជាប្រវត្តិសាស្ត្រ Dien Bien Phu ដែលបានអង្រួនពិភពលោក។
ដំណឹងជ័យជម្នះត្រូវបានបញ្ជូនបន្តទៅជាបទចម្រៀងជ័យជំនះ។ អតីតយុទ្ធជន Nguyen Quan ខេត្ត Bac Kan អះអាងថា៖ “ដោយសារតែអ្វីៗគឺសម្រាប់ការតស៊ូប្រយុទ្ធ អ្វីគ្រប់យ៉ាងគឺសម្រាប់ជ័យជំនះ ដូច្នេះខ្ញុំតែងតែទន្ទឹងរង់ចាំព័ត៌មាននៃជ័យជំនះពីសមរភូមិជួរមុខ។ ទោះបីជាការតស៊ូនៅតែជួបការលំបាក ប៉ុន្តែលំបាកយ៉ាងណាក៏ដោយ រាល់ពេលដែលខ្ញុំលឺ "នេះជាសំឡេងរបស់វៀតណាម" បេះដូងរបស់ខ្ញុំពោរពេញដោយទំនុកចិត្ត និងមានជំនឿជាក់ថា ការតស៊ូប្រយុទ្ធនឹងទទួលជ័យជម្នះយ៉ាងត្រចះត្រចង់”។
សេចក្តីអំពាវនាវរបស់មាតុភូមិតាមរយៈរលកវិទ្យុសម្លេងវៀតណាមបានក្លាយទៅជាការអំពាវនាវរបស់ប្រទេសជាតិ ជាសម្លេងរបស់ប្រទេសជាតិ ហើយបន្ទាប់ពីដំណើរដ៏លំបាក នោះ វៀតណាមបានឈានមកដល់ថ្ងៃជ័យជំនះទាំងស្រុង ប្រទេសត្រូវបានរួបរួមគ្នា ខាងជើង និងខាងត្បូងត្រូវបានបង្រួបបង្រួមក្នុងដំបូលផ្ទះតែមួយ។
រយៈពេល ៨០ ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីគ្រាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ នៅពេលដែលវិទ្យុសម្លេងវៀតណាមបានផ្សាយព្រឹត្តិបត្រព័ត៌មានដំបូងរបស់ខ្លួន សំឡេងវៀតណាមបានបន្តរួមដំណើរជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ក្លាយជាស្ពានតភ្ជាប់អតីតកាល-បច្ចុប្បន្នកាលនិងអនាគត
កាល៕