“គំរូសេវាសាធារណៈចល័ត” - របកគំហើញរបស់ទីក្រុងហាណូយក្នុងការបម្រើប្រជាជន
(VOVWORLD) - ជាមួយនឹងគោលដៅបម្រើប្រជាជនឱ្យបានល្អបំផុត ចាប់តាំងពីខែតុលាឆ្នាំនេះមក ទីក្រុងហាណូយបានដាក់ពង្រាយ “គំរូសេវាសាធារណៈចល័ត”។ យានយន្តដែលបំពាក់យ៉ាងពេញលេញ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យានិងឧបករណ៍ប្រើប្រាស់ ហើយកំពុងធ្វើដំណើរលើផ្លូវជាច្រើននៅក្នុងទីក្រុងហាណូយ ដើម្បីបម្រើប្រជាជនអំពីបែបបទរដ្ឋបាល។
រថយន្តសេវាសាធារណៈចល័តកំពុងជួយប្រជាជននៅមជ្ឈមណ្ឌលវប្បធម៌ភូមិដុយយុង - ឃុំមីឌឹក (រូបថត៖ Huy Nam/VOV) |
កន្លែងដំបូងដែលទីក្រុងហាណូយបានដាក់ពង្រាយ “គំរូសេវាសាធារណៈចល័ត” គឺនៅផ្ទះវប្បធម៌ភូមិ ដុយ យុង ឃុំ មី ឌឹក។ នេះជាភូមិដែលសេដ្ឋកិច្ច សង្គមនៅមានការលំបាកជាច្រើន ដែលមានក្រុមជនជាតិមឿងរស់នៅភាគច្រើន។ សម្រាប់ប្រជាជន ការមានកម្មាភិបាលចុះមកភូមិផ្ទាល់ដើម្បីឧបត្ថម្ភនិងធ្វើបែបបទរដ្ឋបាលគឺជារឿងពិសេសមួយ៖
“ខ្ញុំមកទីនេះដើម្បីធ្វើបែបបទរដ្ឋបាលអំពីដីធ្លី។ យើងមិនធ្លាប់មានបែបនេះពីមុនមកទេ យើងសប្បាយណាស់។ ជនជាតិរបស់យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែរ”។
“យើងសង្ឃឹមថា ជារៀងរាល់ខែ យានយន្តចល័តនឹងមកដល់ភូមិម្តង ដើម្បីកាត់បន្ថយការលំបាកសម្រាប់ប្រជាជន”។
“ពីទីនេះទៅឃុំ មី ឌឹក មានចម្ងាយជិត ៣០ គីឡូម៉ែត្រ។ ឥឡូវនេះ កម្មាភិ បាលបានមកដល់កន្លែងដើម្បីជួយយ៉ាងដូច្នេះ យើងមានសេចក្តីសោមន ស្សរីករាយយ៉ាងខ្លាំងណាស់”។
ប្រជាជនអាចអនុវត្តនីតិវិធីរដ្ឋបាលទាក់ទងនឹងការចុះបញ្ជីស៊ីវិល និងដីធ្លីនៅរថយន្តសេវាសាធារណៈចល័ត (រូបថត៖ Huy Nam/VOV) |
គំរូសេវាសាធារណៈចល័តគឺជាដំណោះស្រាយច្នៃប្រឌិតមួយ ដោយទទួលមរតកបទពិសោធន៍ពីគំរូយានយន្តចល័តក្នុងវិស័យវេជ្ជសាស្ត្រនិងសង្គម (បរិច្ចាគឈាម ពិនិត្យសុខភាពនៅនឹងកន្លែង) ដែលត្រូវបានសហគមន៍ទទួលស្គាល់ចំពោះប្រសិទ្ធភាព។ យានយន្តសមស្របត្រូវបានបំលែងទៅជា "គំរូសេវាសាធារណៈចល័ត" ដើម្បីជួយនាំយកសេវាសាធារណៈទៅកាន់តំបន់លំនៅដ្ឋាន សួនឧស្សាហកម្ម តំបន់ដាច់ស្រយាល ជាពិសេសឧបត្ថម្ភដល់ជនក្រីក្រ មនុស្សចាស់ ជនពិការ និងកម្មករ។ លោកស្រី ហ័ង ហុង ញ្ញុង ជាអ្នកស្រុកម្នាក់នៅឃុំ មី ឌឹក បានឲ្យដឹងថា បន្ទាប់ពីត្រូវបានឃុំជូនដំណឹងថា រថយន្តចល័តរបស់ក្រុងនឹងមកដល់ភូមិដើម្បីជួយប្រជាជនជាមួយបំពេញបែបបទរដ្ឋបាល លោកស្រី និងប្រជាជនជាច្រើនទៀត មានការរំភើបរីករាយ ព្រោះពួកគេមិនចាំបាច់ទៅឆ្ងាយ និងរង់ចាំយូរដូចមុននោះទេ៖
“ជាធម្មតា ខ្ញុំត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រទើបចេញពីឃុំ ហើយខ្ញុំមិនអាចដោះស្រាយបញ្ហានៅក្នុងពេលព្រឹកតែមួយបានទេ ថែមទាំងរូបខ្ញុំផ្ទាល់មានកូនតូចម្នាក់ ដូច្នេះវាមិនស្រួលក្នុងការធ្វើដំណើរទេ។ ថ្ងៃនេះ ងាយស្រួលណាស់ ត្រូវចំណាយពេល ៥ នាទីប៉ុណ្ណោះ ដើម្បីទៅដល់ផ្ទះវប្បធម៌ ហើយបញ្ហាក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស”។
គំរូសេវាសាធារណៈចល័តដំណើរការតាមកាលវិភាគកំណត់ ២ ទៅ ៣ ជើងក្នុងមួយសប្តាហ៍នៅក្នុងតំបន់នីមួយៗ ដែលត្រូវបានប្រកាសជាសាធារណៈ ៣ ថ្ងៃជាមុន។ គំរូនេះមិនត្រឹមតែទទួល ណែនាំ និងដំណើរការឯកសារប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាបណ្តាញទំនាក់ទំនង ការបណ្តុះបណ្តាល និងជួយផ្តល់ជំនាញឌីជីថលសម្រាប់ប្រជាជន ដែលរួមចំណែកដល់ការផ្សព្វផ្សាយសេវាសាធារណៈតាមអ៊ីនធឺណិតពេញមួយដំណើរការ ដោយមានតម្លាភាព និងមានប្រសិទ្ធភាព។ លោក ហ្វាម ត្រុង គួ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ មី ឌឹក បានឲ្យដឹងថា៖ “នៅពេលអនុវត្តគំរូរដ្ឋបាលសាធារណៈចល័តនេះ ប្រជាជនមានការរំភើបរីករាយយ៉ាងខ្លាំង។ ក្រៅពីលើរដ្ឋបាល សាធារណៈចល័ត យើងក៏រៀបចំរដ្ឋបាលសាធារណៈថេរ ដើម្បីបម្រើប្រជាជនផងដែរ។ យើងនឹងព្យាយាមរក្សាគំរូនេះដើម្បីបម្រើប្រជាជន”។
បុគ្គលិកមជ្ឈមណ្ឌលជួយប្រជាជនក្នុងការបំពេញនីតិវិធីរដ្ឋបាលតាមរបៀបងាយស្រួលបំផុត (រូបថត៖ Huy Nam/VOV) |
ជាមួយនឹង "គំរូសេវាសាធារណៈចល័ត" ប្រជាជនត្រូវបានណែនាំ ជួយការអនុវត្ត និងដាក់ស្នើឯកសាររដ្ឋបាលដោយផ្ទាល់លើយានយន្តឯកទេស បំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប និងឧបករណ៍ប្រើប្រាស់។ បែបបទរដ្ឋបាលត្រូវបានទទួល ណែនាំ និងដំណើរការគឺស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ អត្រានុកូលដាន ដីធ្លី ហិរញ្ញវត្ថុ កម្លាំងពលកម្ម អ្នកមានគុណូបការៈ និងសង្គម រួមជាមួយនឹងសេវាកម្មជួយធកវើឌីជីថលូបនីយកម្មនៃកំណត់ត្រា ការទូទាត់តាមអ៊ីនធឺណិត ការចុះឈ្មោះដើម្បីទទួលបានលទ្ធផលតាមរយៈប្រៃសណីយ៍សាធារណៈ។ ក្រៅពីនោះ ប្រជាជនក៏ទទួលបានការពិគ្រោះយោបល់ច្បាប់ដោយឥតគិតថ្លៃ ការណែនាំជំនាញឌីជីថល ការ ជួយចុះឈ្មោះសម្រាប់អត្តសញ្ញាណអេឡិចត្រូនិក VNeID ហត្ថលេខា ឌីជីថល ដែលរួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលសហគមន៍ និងកែលម្អជំនាញបច្ចេកវិទ្យា។ លោក ហ័ង វ៉ាន បំាង អនុប្រធានមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈក្រុងហាណូយ បានឲ្យដឹងថា៖ “យានយន្តសេវាសាធារណៈចល័តនាំមកនូវនីតិវិធីរដ្ឋបាលកាន់តែខិតជិតប្រជា ជន អាជ្ញាធរកាន់តែខិតជិតប្រជាជន។ ដោយហេតុនេះ ប្រជាជនទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រជាជនទាំងអស់អាចទទួលបានសេវាសាធារណៈដោយយុត្តិធម៌។ បន្ទាប់មកយើងនឹងវាយតម្លៃប្រសិទ្ធភាព និងអាចបង្កើនយានយន្តចល័តបន្ថែមទៀត”។
“គំរូសេវាសាធារណៈចល័ត” គឺជារបកគំហើញមួយសម្រាប់ទីក្រុងហាណូយក្នុងការគិតគូរពីសេវារដ្ឋបាល ដោយបើកវិធីសាស្រ្តថ្មីមួយគឺ៖ រដ្ឋាភិបាលទាក់ ទងប្រជាជនយ៉ាងសកម្ម។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាល ការច្នៃប្រឌិត និងនាំមកនូវសេវាសាធារណៈតាមអ៊ីនធឺណិតកាន់តែខិតជិតគ្រប់វិស័យ៕