១១៥ ឆ្នាំនៃរោងមហោស្រពហាណូយ - ដំណាលរឿងតាមរយៈពន្លឺនិងបច្ចេកវិទ្យា
(VOVWORLD) - ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រោងមហោស្រពហាណូយបានបិទទ្វារការសម្តែងប្រចាំថ្ងៃរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីក្លាយជាឆាកល្ខោនផ្ទាល់ខ្លួន។ លំហទាំងមូលចាប់ពីសាលធំ ជណ្តើរ រហូតដល់ដំបូលត្រូវបាន "ភ្ញាក់ឡើង" ដោយពន្លឺ រូបភាព និងសំឡេង ដោយបង្ហាញឡើងវិញ នូវលំនឹកជាង១សតវត្ស នៃបេតិកភណ្ឌស្ថាបត្យកម្មដ៏ពិសេសវិសាលនេះ។ គម្រោង "១១៥ ឆ្នាំនៃរោងមហោស្រពនិទានរឿង - បេតិកភណ្ឌនិយាយតាមរយៈពន្លឺ និងបច្ចេកវិទ្យា" គឺជាគំរូត្រួសត្រាយក្នុងការនិទានរឿងបេតិកភណ្ឌតាមរយៈបច្ចេកវិទ្យា ដែលបង្ហាញថា ការអភិរក្សមិនត្រឹមតែជាការរក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរស់ឡើងវិញ និងការរីកសាយភាយតម្លៃតាមរយៈភាពច្នៃប្រឌិតឌីជីថលផងដែរ។
គម្រោង "១១៥ ឆ្នាំនៃរោងមហោស្រពនិទានរឿង - បេតិកភណ្ឌនិយាយតាមរយៈពន្លឺ និងបច្ចេកវិទ្យា" គឺជាគំរូត្រួសត្រាយក្នុងការនិទានរឿងបេតិកភណ្ឌតាមរយៈបច្ចេកវិទ្យា។ |
ចូលរួមក្នុងគម្រោងនេះ ទស្សនិកជនមិនអង្គុយលើកៅអីពណ៌ក្រហមទេ ប៉ុន្តែប្រែក្លាយទៅជាតួអង្គនៅក្នុងរឿងនៅឯការតាំងពិព័រណ៍ដោយផ្ទាល់។ លោក ង៉ូ សួនមិញ (Ngô Xuân Minh) នាយកក្រុមហ៊ុន Hexogon វៀតណាម ដែលជាដៃគូរបស់រោងមហោស្រពហាណូយក្នុងគម្រោងនេះ បានចែករំលែកថា៖ “រោងមហោស្រពហាណូយ គឺជាប្រភពនៃសិល្បៈ របស់ទីក្រុងហាណូយ ក៏ដូចជារបស់វៀតណាមផងដែរ។ ពេលខ្ញុំឮថា រោងមហោស្រពនឹងបិទរយៈពេល ២ ឆ្នាំ ខ្ញុំបានបំផុសគំនិតសម្រាប់គម្រោងនេះ ហើយបានអញ្ជើញក្រុមសិល្បៈមកពីភាគខាងជើង និងភាគខាងត្បូងឱ្យរួមគ្នាអនុវត្តន៍។ ក្រុមការងារសង្ឃឹមថា អ្នកទស្សនាដែលមកទីនេះដើម្បីទស្សនាការប្រគំតន្ត្រី ការសម្តែង សិល្បៈ និងសូម្បីតែអ្នកដែលមិនធ្លាប់ទៅរោងមហោស្រព នឹងមានឱកាសយល់បន្ថែមអំពីប្រវត្តិនៃអគារដ៏ល្បីល្បាញនេះ។ ដើម្បីជម្រុញសេចក្តីស្រឡាញ់ចំពោះរោងមហោស្រពហាណូយ ដែលមនុស្សមិនមានលទ្ធភាពចូលមើលអស់រយៈពេលយូរមកហើយ”។
គំរូរោងមហោស្រពហាណូយត្រូវបានដាក់នៅក្នុងសាលធំនៃរោងមហោស្រពហាណូយ។ រូបថត៖ គណៈកម្មាធិការរៀបចំ |
គម្រោងនេះអនុវត្តបច្ចេកវិទ្យាសម្តែងជឿនលឿន ដូចជាប្រព័ន្ធបញ្ចាំងពន្លឺ 3D mapping, hologram, បច្ចេកវិទ្យានិមិត្តបន្ថែម (AR), ការនិទានរឿងច្រើនស្រទាប់, ក្រាហ្វិកចលនា, សំឡេងច្រើនទិស ដើម្បីណែនាំអំពីប្រតិបត្តិការរយៈពេល ១១៥ ឆ្នាំរបស់រោងមហោស្រព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏គួរឱ្យចងចាំរបស់រដ្ឋធានីហាណូយ។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តបច្ចេកវិទ្យាដើម្បីអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌ។ យោងតាមលោក Chu Anh Hung អនុប្រធានរោងមហោស្រពហាណូយថា៖ “នៅក្នុងគម្រោងនេះ យើងបានដំឡើងម៉ាស៊ីនបញ្ចាំងទំនើបជាង ៣០ គ្រឿង។ លើសពីនេះ យើងមានកិច្ចសហការជាមួយក្រុមបារាំងដើម្បីផលិតវិដេអូរូបភាព។ នេះគឺជាបទពិសោធន៍ពិសេសមួយក្នុងចំណោមបទពិសោធន៍ពិសេសដែលមិនធ្លាប់មាននៅក្នុងរោងមហោស្រពនៅប្រទេសវៀតណាមអស់រយៈពេលរាប់រយឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍នៃប្រព័ន្ធបញ្ចាំងពន្លឺ 3D mapping ភ្លើងបំភ្លឺ ក៏ដូចជាតន្ត្រី... នឹងនាំមកនូវការភ្ញាក់ផ្អើលជាច្រើនដល់ទស្សនិកជន”។
“១១៥ ឆ្នាំនៃរោងមហោស្រពនិទានរឿង - បេតិកភណ្ឌនិយាយតាមរយៈពន្លឺ និងបច្ចេកវិទ្យា” ចែកជា ៤ ជំពូក ដែលត្រូវគ្នានឹងដំណើរ ១១៥ ឆ្នាំនៃរោងមហោស្រពហាណូយ ដោយភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
ចំណុចលេចធ្លោគឺបច្ចេកវិទ្យា Maping ពហុ ស្រទាប់ និងរូបភាព ៣៦០ ដឺក្រេដែលត្រូវបានបញ្ចាំងនៅក្នុងរោងមហោស្រព។ រូបថត៖ គណៈកម្មាធិការរៀបចំ |
ជំពូកទី ១ - យប់បើកសម្ពោធ ១៩១១ ទស្សនិកជនបានប្រើសំបុត្រ AR ដើម្បី “បោះជំហានឆ្លងកាត់ទ្វារនៃពេលវេលា” ដោយត្រលប់ទៅពេលវេលានៃពិធីសម្ពោធរោងមហោស្រពកាលពីជាងមួយសតវត្សមុន។ ចូលដល់ជំពូកទី ២ - ទីក្រុងហាណូយនៅក្នុងបេះដូងនៃរោងមហោស្រព ទស្សនិកជនបានឃើញស្ថាបត្យកម្មទាំងមូលបានផ្លាស់ប្តូរទៅជា "បង្អួចនៃពេលវេលា" តាមរយៈបច្ចេកវិទ្យា Mapping ៣៦០° ដែលបើកស្រទាប់នៃការចងចាំអំពីទីក្រុងហាណូយចាប់ពីសម័យអាណានិគម ឆ្នាំសង្គ្រាមរហូតដល់ពេលនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥។ នៅក្នុងជំពូកទី ៣ - ១១៥ ឆ្នាំនៃឆាកល្ខោនហាណូយ ល្ខោនអូប៉េរ៉ា រឿងភាគ ... ត្រូវបានបង្កើតឡើងវិញជាមួយនឹងបច្ចេកវិទ្យាពន្លឺ ដែលជួយទស្សនិកជនមានអារម្មកំពុងរស់នៅក្នុងលំហឆាកចាស់។ ជាចុងក្រោយ "បេះដូងនៃសិល្បៈ" បញ្ចប់ដោយបទភ្លេងនៃពន្លឺ និងស្ថាបត្យកម្ម នៅពេលដែលបច្ចេកវិទ្យា Mapping 3D ផ្លាស់ប្តូររោងមហោស្រពតាមរយៈរចនាប័ទ្មពីបុរាណទៅអនាគត - ជានិមិត្តរូបនៃស្មារតីច្នៃប្រឌិតឥតឈប់ឈររបស់ទីក្រុងហាណូយ។ លោក Le Ngoc Quy នាយកផ្នែកច្នៃប្រឌិត ដែលបានចូលរួមក្នុងពិធីបុណ្យពន្លឺទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) បណ្តាគម្រោងនៅសារមន្ទីរ Louvre (ប្រទេសបារាំង)... ហើយលើកនេះបានសម្តែងនៅឯរោងមហោស្រពហាណូយ បានចែករំលែកថា៖ “ដើម្បីបង្កើតឡើងវិញនូវរយៈពេល ១១៥ ឆ្នាំនៃរោងមហោស្រពហាណូយ ក្នុងដំណើរផ្សងព្រេងដ៏មានបទពិសោធន៍ តម្រូវឱ្យមានឯកសារប្រវត្តិសាស្ត្រជាច្រើន រឿងរ៉ាវជាច្រើនជុំវិញរោងមហោស្រព ដែលប្រហែលជាមិនធ្លាប់ត្រូវបានរៀបរាប់ពីមុនមក។ ក្រុមការងារបានសម្រេចចិត្តសាងសង់សសរស្តម្ភមាតិកាចំនួន ៤ ដែលវិលជុំវិញបេតិកភណ្ឌស្ថាបត្យកម្ម ស្លាកស្នាមប្រវត្តិសាស្ត្រ រឿងរ៉ាវសិល្បៈ និងបេះដូងនៃទីក្រុងហាណូយ ដើម្បីឱ្យក្នុងរយៈពេល ១,៥ ម៉ោងនៅពេលត្រឡប់មកវិញ ទស្សនិកជនអាចមានអារម្មណ៍ពីអត្ថន័យនៃរោងមហោស្រពនៅក្នុងលំហូរនៃពេលវេលា”។
ព្រឹត្តិការណ៍បានទាក់ទាញអ្នកទស្សនាជាច្រើននាក់។ រូបថត៖ គណៈកម្មាធិការរៀបចំ |
មកដល់ "១១៥ ឆ្នាំនៃរោងមហោស្រពនិទានរឿង - បេតិកភណ្ឌនិយាយតាមរយៈពន្លឺ និងបច្ចេកវិទ្យា" អ្នកទស្សនាមិនត្រឹមតែបានសង្កេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្របខ្លួននៅក្នុងលំហសិល្បៈដ៏ភ្លឺចែងចាំង និងចម្រុះពណ៌ផងដែរ។ ស្វែងយល់ពីប្រវត្តិសាស្ត្រ និងភាពច្នៃប្រឌិតសិល្បៈរបស់រដ្ឋធានីក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ ជាភាសានៃយុគសម័យឌីជីថល។
អ្នកទស្សនា ទទួលបទពិសោធន៍ក្នុងការតាំងពិព័រណ៍បច្ចេកវិទ្យា និងសិល្បៈរំលឹកខួបលើកទី ១១៥ឆ្នាំនៃរោងមហោស្រពហាណូយ។ រូបថត៖ គណៈកម្មាធិការរៀបចំ |
ជាមួយនឹងការរួមបញ្ចូលគ្នានៃពន្លឺ សំឡេង និងបច្ចេកវិទ្យាអន្តរកម្ម ការតាំងពិព័រណ៍ "១១៥ឆ្នាំនៃរោងមហោស្រពហាណូយ - និទានរឿងតាមរយៈពន្លឺ និងបច្ចេកវិទ្យា" នាំមកនូវវិធីសាស្រ្តថ្មីមួយចំពោះស្នាដៃស្ថាបត្យកម្មដែលមានសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏រឹងមាំ និងជានិមិត្តរូបវប្បធម៌នៃរដ្ឋធានី។ មុនពេលការជួសជុលឡើងវិញនៅឆ្នាំ ២០២៦ ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់សាធារណជនចូលទៅក្នុងរោងមហោស្រព ស្តាប់រឿងរ៉ាវជាងមួយសតវត្សតាមរបៀបខុសគ្នាទាំងស្រុង៕