ទីក្រុងហាណូយគឺជាចំណុចភ្លឺស្វាងក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល
(VOVWORLD) - ទីក្រុងហាណូយគឺជាតំបន់ឈានមុខគេមួយក្នុងការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់បែបបទរដ្ឋបាល។ ទីក្រុងបានបង្កើត និងប្រតិបត្តិលើក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍ជាង ៥.០០០ ដែលមានសមាជិកប្រហែល ៣០.០០០ នាក់នៅថ្នាក់មូលដ្ឋាន។ ជាពិសេសនៅពេលដែលគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតត្រូវបានដាក់ពង្រាយ ការងារផ្លាស់ប្តូរឌីជីថលត្រូវបានទីក្រុងហាណូយផ្តោតការយកចិត្តទុកដាក់ ក្នុងនោះមានយុទ្ធនាការ “៤៥ ថ្ងៃ យប់ ដើម្បីជួយឧបត្ថម្ភសកម្មភាពផ្លាស់ប្តូរឌីជីថលនៅតាមឃុំ និងសង្កាត់ក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ”។
“សេវាសាធារណៈមានការកែលម្អថ្មី។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងបែបបទរដ្ឋបាលដែលភ្ជាប់ទៅកម្មវិធី APP ជួយឱ្យខ្ញុំទទួលបានលេខដោយផ្ទាល់នៅផ្ទះ និងតាមដានលំដាប់លេខរៀងរបស់ខ្លួនដំណើការដល់ណា។ រូបខ្ញុំផ្ទាល់ និងប្រជាជនអនុវត្តបែបបទបានលឿន ហើយមិនចាំបាច់ឈរតម្រង់ជួរយូរទេ។ លើសពីនេះ ខ្ញុំយល់ថា កម្មវិធីមានប្រយោជន៍ ដោយសារមានកម្រិតអាទិភាពសម្រាប់មនុស្សចាស់ ជនពិការ ឬជនជាតិភាគតិច”។
នេះជាការចែករំលែករបស់លោកស្រី Cu Thanh Nga រស់នៅឃុំ Thanh Tri ពេលឆ្លងកាត់ការបំពេញបែបបទរដ្ឋបាលនៅឃុំ និងសង្កាត់ថ្មី ក្នុងថ្ងៃទី ៣០ ខែកក្កដា។
ប្រជាជនធ្វើនីតិវិធីរដ្ឋបាលនៅឃុំ Thanh Tri ។ រូបថត៖ Kim Lieu/VOV 5 |
ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទុកថាជាគន្លឹះក្នុងការប្រតិបត្តិគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យអាជ្ញាធរមានភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ដោយសារប្រើប្រាស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល ការងារនៃការគ្រប់គ្រងនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងអាជីវកម្មត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។ លោក La Van Huy ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tri បានបញ្ជាក់ថា៖ “ថ្មីៗនេះ ទីក្រុងបានចេញសារាចណែនាំលេខ ១១ ចុះថ្ងៃទី ២៤ ខែកក្កដា ដើម្បីដាក់ពង្រាយយុទ្ធនាការរយៈពេល ៤៥ ថ្ងៃ និងយប់ ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពផ្លាស់ប្តូរឌីជីថលនៅក្នុងឃុំ និងសង្កាត់នៃដំណាក់កាលដំបូងនៃក្នុងប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ រាល់ការងាររបស់កម្មាភិបាល បុគ្គលិកសុទ្ធតែមានជំនួយពី AI។ ចំណុចសេវារដ្ឋបាលសាធារណៈត្រូវតែឧបត្ថម្ភប្រជាជន នៅពេលដែលមានមនុស្សជាច្រើនមិនដឹងពីរបៀបដើម្បីធានាគណនីរបស់ខ្លួន។ យើងក៏មានក្រុមឆ្លើយតបយ៉ាងរហ័ស ដើម្បីដាក់ពង្រាយសំណើរយ៉ាងឆាប់រហ័ស ហើយប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គួរដាក់ពង្រាយដោយផ្ទាល់ទៅកាន់គ្រួសារ។ បច្ចុប្បន្ននេះយើងបានចាត់ឱ្យក្រុមចំនួនពីរដើម្បីដាក់ពង្រាយផ្ទាល់ដល់ប្រជាជន”។
ជាមួយនឹងបាវចនានៃការបង្កើនការបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៥ ទីក្រុងបានដាក់ពង្រាយយុទ្ធនាការ "៤៥ ថ្ងៃនិងយប់ ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពផ្លាស់ប្តូរឌីជីថលនៅក្នុងឃុំ និងសង្កាត់ ក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត"។ កម្មាភិបាល បុគ្គលិកឃុំ សង្កាត់ត្រូវបានបណ្តុះបណ្តាលលើខ្លឹមសារជាច្រើនទាក់ទងនឹងបែបបទរដ្ឋបាលដែល រួមចំណែកលើកកម្ពស់សមត្ថភាពប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈតាមអ៊ីនធឺណិត។ ឃុំ និងសង្កាត់ក៏បានបង្កើតយន្តការគាំទ្របច្ចេកទេសដ៏មានប្រសិទ្ធភាពផងដែរ ដូចជាប្រព័ន្ធគាំទ្រ ២៤/២៤ និងក្រុម Zoom ថេរតាមតំបន់។ លោក Vuong Tien Quyen កម្មាភិបាលទទួលឯកសារ និងផ្តល់លទ្ធផលបម្រើសេវារដ្ឋបាលសាធារណៈឃុំ Ngoc Hoi បានឲ្យដឹងថា៖ “បច្ចុប្បន្ន បុគ្គលិកជំនាញ និងថ្នាក់ដឹកនាំឃុំ ក៏សិក្សាឯកសារជាប្រចាំ ដើម្បីអនុវត្ត និងប្រើប្រាស់កម្មវិធីឱ្យមានប្រសិទ្ធភាពបំផុត។ ដើម្បីដោះស្រាយរាល់បែបបទរដ្ឋបាលសាធារណៈ យើងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ហើយទទួលបានលទ្ធផលទាន់ពេលវេលា”។
ទន្ទឹមលើការកែលម្អសមត្ថភាពនៃក្រុមផ្លាស់ប្តូរឌីជីថលនៅក្នុងជួរផ្លាស់ប្តូរឌីជីថលក្នុងក្បាលម៉ាស៊ីនរដ្ឋបាល ហើយឃុំនិងសង្កាត់ក៏រៀបចំឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ នៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈផងដែរ; កំណត់រចនាសម្ព័ន្ធ និងផ្តល់គណនីអ្នកប្រើប្រាស់សម្រាប់កម្មាភិបាល និងបុគ្គលោកលើប្រព័ន្ធប្រតិបត្តិរួម។ លោក Pham Van Tinh អនុប្រធានការិយាល័យចុះបញ្ជីដីធ្លីទីក្រុងហាណូយ បានឲ្យដឹងថា៖ “ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ខ្សែបញ្ជូន និងទិន្នន័យ យើងបានប្រគល់ជូនគណៈកម្មាធិការប្រជាជននៅថ្នាក់ឃុំ ដើម្បីដំណើរការជាបន្តបន្ទាប់ដោយមិនមានការរំខាន។ យើងក៏បានបណ្តុះបណ្តាល និងបង្វឹកដល់កម្មាភិបាលសុរិយោដីថ្នាក់ឃុំ ក្នុងការប្រើប្រាស់ប្រព័ន្ធសូហ្វវែរ ទាក់ទងនឹងការងារគ្រប់គ្រងដីធ្លី ដើម្បីឱ្យប្រតិបត្តិការក្នុងឃុំចំនួន ១២៦ធានាបាននូវសេវាល្អ ទៅតាមតម្រូវការរបស់ប្រជាជន”។
ប្រជាជនធ្វើនីតិវិធីរដ្ឋបាលនៅឃុំ Ngoc Hoi ។ រូបថត៖ Kim Lieu/VOV 5 |
ដោយសារការផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា រហូតមកដល់ពេលនេះ ចំនួន ៨០% នៃបែបបទរដ្ឋបាលក្នុងឃុំ និងសង្កាត់ចំនួន ១២៦ ត្រូវបានដោះស្រាយតាមប្រព័ន្ធអ៊ីនធឺណិត។ លោក Truong Viet Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា ក្នុងការអនុវត្តយុទ្ធនាការ “៤៥ថ្ងៃ យប់ ដើម្បីគាំទ្រសកម្មភាពផ្លាស់ប្តូរឌីជីថលនៅតាមឃុំ និងសង្កាត់ក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត” ទីក្រុងបានប្រមូលផ្តុំនិស្សិតជំនាញបច្ចេកវិទ្យាមកពីសាកលវិទ្យាល័យ និងបណ្ឌិត្យសភាក្នុងតំបន់ ដើម្បីគាំទ្រដល់មូលដ្ឋាននានាក្នុងការពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល។
“យើងកំពុងសម្របសម្រួលជាមួយមហាវិទ្យាល័យពហុបច្ចេកទេស ដើម្បីជួយឧបត្ថម្ភអាជ្ញាថរក្នុងតំបន់ក្នុងការផ្លាស់ប្តូរឌីជីថល។ យើងរៀបចំប្រព័ន្ធឡើងវិញ។ ជំនួសឲ្យការដែល ប្រជាជនត្រូវទៅរកអាជ្ញាធរ គឺអាជ្ញាធរទៅរកប្រជាជន ហើយស្តាប់មតិពីប្រជាជន”។
ការផ្លាស់ប្តូរឌីជីថលតាមគំរូអាជ្ញាធរពីរកម្រិត មិនត្រឹមតែជួយរក្សាសកម្មភាពគ្រប់គ្រងជាបន្តបន្ទាប់នៅពេលផ្លាស់ប្តូរព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរដ្ឋបាលទំនើបប្រកបដោយតម្លាភាព សំដៅដល់ការពេញចិត្តរបស់ប្រជាជន និងអាជីវកម្ម។ ទីក្រុងហាណូយកំពុងធ្វើឲ្យប្រព័ន្ធនេះមានភាពល្អឥតខ្ចោះជាបណ្តើរៗ លើកកំពស់សមត្ថភាពបុគ្គលិក ហើយទន្ទឹមនឹងនោះវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអាចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុង៕