ទីក្រុងហាណូយពោរពេញដោយក្លិនផ្កាឈូក
(VOVWORLD) - ជារៀងរាល់ឆ្នាំក្នុងខែមិថុនា ផ្កាឈូកគឺស្ថិតក្នុងរដូវផ្ការីកស្គះស្គាយស្អាតបំផុត។ នេះក៏ជាពេលវេលាដែលប្រជាជនហាណូយស្រឡាញ់ផ្កាឈូក ចូលដល់ថ្ងៃដែលជិវភាពរស់នៅពោរពេញដោយពណ៌ផ្កាឈូក និងក្លិនក្រអូបដ៏ស្រទន់របស់ផ្កាឈូក។
នៅចុងខែឧសភា និងដើមខែមិថុនា អ្នកផលិតតែផ្កាឈូកបានចូលរដូវដែលមមាញឹកបំផុតប្រចាំឆ្នាំ។ រូបថត៖ Minh Duc/VTC News |
សព្វថ្ងៃនេះ បឹងខាងលិច (Ho Tay) មានភាពមមាញឹកខុសពីធម្មតា ដោយសារបឹងផ្កាឈូករីកស្គុះស្គាយ។ រដូវផ្កាឈូករីកនៅទីក្រុងហាណូយមានរយៈពេលខ្លីណាស់ ពោលគឺមានប្រហែលពីរខែប៉ុណ្ណោះ (ចាប់ពីខែឧសភាដល់ខែកក្កដា)។ ប៉ុន្តែនោះគឺជារដូវផ្កាដែលត្រូវបានរងចាំបំផុតប្រចាំឆ្នាំ។ ដោយសារតែ ផ្កាឈូកនៅតែត្រូវបានគេស្គាល់ថា ជាផ្កាតំណាងឱ្យភាពស្រស់ស្អាត និងមានក្លិនក្រអូបដែលមិនអាចបំភ្លេចបាន។ ដើរតាមដងផ្លូវក្បែរបឹងនាពេលព្រឹកព្រលឹម គ្រប់គ្នាចង់បង្អង់ដំណើរយូរបន្តិច ដើម្បីស្រូបយកក្លិនផ្កាឈូក គយគន់បឹងផ្កាឈូកដ៏ស្រស់បំព្រងដូចផ្ទាំងគំនូរអញ្ជឹង។ យុវជនក៏ក្រោកពីព្រលឹម ទៅលេងបឹងដើម្បីទិញផ្កាឈូក ឬស្លៀកសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតបំផុតដើម្បីថតរូបជាមួយផ្កាឈូក។ លោកស្រី Dang Tran Thuy Ngoc បានឲ្យដឹងថា៖ “រដូវផ្កាឈូកនៅទីក្រុងហាណូយមានភាពទន់ភ្លន់ និងពោរពេញដោយក្តីអាឡោះអាល័យ។ ក្លិនឈូកដែលរាយបាយតាមដងផ្លូវ តាមដំណើរអ្នកលក់ផ្កាឈូក ឬស្រះឈូកខាងលិច សុទ្ធតែបញ្ចេញនូវជម្រៅដ៏ពិសេសរបស់ទីក្រុងហាណូយ។ រូបថតដែលថតជាមួយនឹងផ្កាឈូកតែងតែបញ្ចេញនូវភាពទន់ភ្លន់ មិនថាជាមួយនឹងអាវផាយស្រស់ស្អាតនៅក្បែរស្រះឈូក ឬរូបថតផ្កាឈូកជិត”។
ទីក្រុងហាណូយមានស្រះផ្កាឈូកជាច្រើន ប៉ុន្តែមានតែផ្កាឈូកនៅបឹងខាងលិច ឬស្រះខ្លះដែលទទួលទឹកពីទន្លេក្រហមមានក្លិនក្រអូបខ្លាំង និងពិសេស សមស្របសម្រាប់ធ្វើតែផ្កាឈូក។
ផ្កាឈូកនៅបឹងខាងលិច ភាគច្រើនជាផ្កាឈូកមួយរយស្លឹក។ រូបថត៖ Minh Duc/VTC News |
នៅពេលដែលផ្កាឈូកបានរីកដុះដាលពេញលេញ និងលូតលាស់ស្មើៗគ្នា គ្រួសាររបស់លោក Nguyen Van Truyen ចាប់ផ្តើមរដូវធ្វើតែអប់ផ្កាឈូក។ ផ្កាឈូកនិមួយៗនឹងត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើតែពិសេសរបស់ទីក្រុងហាណូយ។
“ក្រោយម៉ោង៦ព្រឹក ផ្កាឈូកនឹងរីកធំ ក្លិនក្រអូបក៏ឈ្ងុយឈ្ងម់ ហើយនៅពេលនោះការដឹកជញ្ជូនផ្កានឹងធ្វើឲ្យផ្កាធ្លាក់។ ដូច្នេះហើយត្រូវរើសមុនម៉ោង៦ព្រឹក អ្នកខ្លះដាំផ្កានៅស្រះ អ្នកខ្លះដាំផ្កានៅផ្ទះ។ ផ្កា និងទឹកទុកក្នុងដើមផ្កាឈូកបានយូរ នោះជាអាហារូបត្ថម្ភរបស់ផ្កាឈូក។ នោះជារូបមន្តរបស់គ្រួសារមួយចំនួន”។
តែផ្កាឈូក ត្រូវបានដំណើរការដោយវិធីពីរយ៉ាង៖ អប់ភ្លាមៗ និងអប់ជាមួយលំអងផ្កាឈូក។ ការអប់ភ្លាមៗគឺជាវិធីដាក់តែទៅក្នុងផ្កាឈូកនៅពេលវាចេញផ្កាដំបូង ហើយប្រមូលតែនៅព្រឹកបន្ទាប់។ លំអងផ្កាឈូក គឺជាគ្រាប់ពណ៌សតូចល្អិតដែលបំបែកចេញពីផ្កាឈូក និងជាផ្នែកដែលរក្សាក្លិនរបស់ផ្កាឈូកទាំងមូល។ ការអប់គ្រប់ឈូកតូចគឺបំបែកគ្រាប់ឈូកតូចចេញ រួចកិនស្រទាប់នីមួយៗ។ ដើម្បីអប់តែ ១ គីឡូក្រាម ត្រូវផ្កាឈូក ១.០០០ដើម។ គ្រួសារនីមួយៗនឹងមានវិធីអប់តែខុសៗគ្នា ប៉ុន្តែជាទូទៅគេហៅថា ការត្បាញក្លិនផ្កាឈូក ដោយសារតែភាពល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ។ ដូច្នេះហើយ តែផ្កាឈូកមានរសជាតិពិសេស និងក្លិនក្រអូប ស្របពេលដែលបង្ហាញពីវិធីដ៏ប្រណិតក្នុងការទទួលទានតែរបស់ហាណូយ។ លោក Nguyen Van Truyen បានឲ្យដឹងថា៖“ជាមធ្យម លំអងឈូកតូចស្រស់របស់ផ្កាឈូក ៣ដើម ត្រូវបានគេយកទៅអប់តាមរូបមន្តរបស់គ្រួសារនីមួយៗ។ បន្ទាប់ពីអប់ក្លិនឈ្ងុយហើយស្ងួតឲ្យក្រៀម។ បន្ទាប់មក អប់ម្តងទៀត”។
ដំណើរការផលិតតែផ្កាឈូក។ រូបថត៖ Vien Minh/VTC News |
អង្គុយក្នុងទីធ្លាជុំវិញផ្កាឈូក និងពិសាតែអប់ផ្កាឈូក នោះគឺជាពេលដែលអ្នកស្រលាញ់ផ្កាឈូកអាចមានអារម្មណ៍បានយ៉ាងច្បាស់ពីភាពស្ងប់ស្ងាត់នៃព្រលឹង។ សម្រាប់អ្នកស្រី Tran Dieu Thuy ជាអ្នកស្រឡាញ់ផ្កាឈូក ក្លិនឈូកមានប្រសិទ្ធភាពព្យាបាលខ្ពស់ណាស់។ ដោយគ្រាន់តែទទួលបាននូវក្លិនក្រអូបនៃផ្កាឈូក នោះព្រលឹងអ្នកស្រីក៏ពោរពេញទៅដោយផាសុខភាព។ ដូច្នេះហើយ រាល់រដូវផ្កាឈូក អ្នកស្រីក្រោកពីព្រលឹមទៅបឹងខាងលិច ដើម្បីជ្រើសរើសផ្កាឈូកដ៏ស្រស់ស្អាតបំផុត យកមកផ្ទះដើម្បីតុបតែងលំអរ។ អ្នកស្រីមិនធ្វើតាមស្ទីលរៀបចំផ្កាឈូកល្អិតល្អន់ដូចមនុស្សជាច្រើននោះទេ ប៉ុន្តែជ្រើសរើសទម្រង់បែបធម្មជាតិ ដើម្បីរីករាយនឹងភាពស្រស់ស្អាតនៃផ្កាឈូក។ ផ្ការឈូកមានវត្តមាននៅគ្រប់ជ្រុងនៃផ្ទះរបស់នាង។ អ្នកស្រី Tran Dieu Thuy បានឲ្យដឹង៖“ការលេងផ្កាឈូកប្រៀបបាននឹងចំណង់ចំណូលចិត្តមួយដ៏ជក់ចិត្ត។ ភ្ញាក់ពីគេងពេលព្រឹកគ្រាន់តែមានក្លិនផ្កាឈូកសាយភាយគ្រប់ទីកន្លែងក្នុងផ្ទះ នាំមកនូវអារម្មណ៍ផាសុកភាព និង សម្រាលភាពតានតឹងដ៏អស្ចារ្យ។ គ្រាន់តែរីករាយនឹងកន្លែងផឹកតែ និងក្លិនឈូកតែមួយមុខនឹងធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រួលខ្លាំងណាស់”។
ថ្វីត្បិតតែរដូវផ្កាឈូកមានរយៈពេលខ្លី ប៉ុន្តែវាគ្រប់គ្រាន់ក្នុងការបន្សល់ទុកនូវមនោសញ្ចេតនាជាច្រើនសម្រាប់អ្នកស្រឡាញ់ផ្កាឈូក។ រូបភាពបឹងផ្កាឈូកពេលព្រឹកព្រលឹម ឬផ្កាឈូកពណ៌ផ្កាឈូកសុទ្ធ ជាពិសេសក្លិនឈូកដ៏ទន់ភ្លន់ តែងតែឆ្លាក់ក្នុងចិត្តមនុស្សគ្រប់ៗគ្នា បន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ សម្រាប់ប្រជាជនហាណូយ៕