ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ការនាំចូលនិងនាំចេញរបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិត "កំណត់ត្រា" ជាមួយនឹងទំហំពាណិជ្ជកម្មសម្រេចបានលើសពី ៩២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៤៧០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាសម្រាប់ការនាំចូលនិងនាំចេញ ដោយនាំវៀត ណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ អំពីចំណូលនាំចូលនិងនាំចេញ។
ទិដ្ឋភាពនៃសិក្ខាសាលា "ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព" (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) |
នៅក្នុងកិច្ចពិភាក្សា "ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព" ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំឡើង នាព្រឹកថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ លោក ត្រឹន ថាញ់ ហាយ អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ទាក់ទងនឹងរចនាសម្ព័ន្ធ យើងក៏បានឃើញការផ្លាស់ប្តូរវិជ្ជមានយ៉ាងខ្លាំងផងដែរ ខណៈដែលបរិមាណ ៨៥% នៃទំនិញនាំចេញបច្ចុប្បន្នគឺជាទំនិញឧស្សាហកម្ម។ ក្រឡេកមើលទៅសម័យមុនឆ្នាំ ១៩៩៥ ក្រុមទំនិញធំបំផុតនៅពេលនោះគឺផលិតផលប្រេងឥន្ធនៈ និងរ៉ែ ជាពិសេសប្រេងឆៅ។ រហូតមកដល់បច្ចុប្បន្ន យើងឃើញភាពខុសគ្នាគួរឱ្យកត់សម្គាល់ ដោយផលិតផលប្រេងឥន្ធនៈ និងរ៉ែមានចំនួនតិចតួចប៉ុណ្ណោះ ហើយទំនិញឧស្សាហកម្មមានចំណែកនាំចេញច្រើនបំផុត។ ទាក់ទងនឹងការនាំចូល រហូតដល់ ៩០% នៃទំនិញនាំចូលសំខាន់ៗគឺជាវត្ថុធាតុដើម និងសម្ភារៈជំនួយដើម្បីបម្រើសកម្មភាពផលិតកម្ម និងនាំចេញ ហើយនៅសល់គឺជាទំនិញសម្រាប់ជីវភាពប្រចាំថ្ងៃ”។
តំណាងមកពីនាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មវៀតណាមបានប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខា ដែលគ្របដណ្តប់លើទីផ្សារសំខាន់ៗជាង ៦០ នៅទូទាំងពិភពលោក ដែលរួមចំណែកដល់កំណើនយ៉ាងឆាប់រហ័ស និងរឹងមាំនៃសកម្មភាពនាំចូល និងនាំចេញរបស់វៀតណាម៕